ការ​ចិញ្ចឹម​សត្វ-បង្កង​ក្នុង​ស្រះ

1ដើម្បី​ចិញ្ចឹម​បង្កង​ដោយ​ជោគជ័យ ចាំ បាច់​ត្រូវ​យកចិត្ដទុកដាក់​លើក​ត្ដា​សំខាន់​៣ យ៉ាង គឺ ការ​រៀបចំ​ស្រះ ការ​គ្រប់គ្រង​គុណ ភាព​ទឹក និង​ការ​ផ្ដល់​ចំណី ។ រដូវ​កាល​ចិញ្ចឹម ៖ អាច​ចិញ្ចឹម​បាន​ពេញ​១ ឆ្នាំ អាស្រ័យ​ដោយ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ។ វិធីសាស្ដ្រ​ចិញ្ចឹម ៖ ការ​ចិញ្ចឹម​បង្កង​ក្នុង ស្រះ​មាន​៣​របៀប គឺ​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ តូច ឬ​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ ឧស្សាហកម្ម ។
-​ការ​ចិញ្ចឹម​ ទ្រង់ទ្រាយ​តូច ឬ​ជា​លក្ខណៈ គ្រួសារ ៖ ជា​របៀប​ចិញ្ចឹម​ដែល​មិន​ចំណាយ ទុន​ច្រើន​លើ​ការ​ទិញ​សំភារ​មក​ប្រើប្រាស់ ចំណី និង​មិន​ទាមទារ​បច្ចេកទេស​ខ្ពស់ ។ ទិន្ន ផល​អាច​ទទួល​បាន​ពី​២០០​ទៅ​៤០០​គីឡូ ក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​ពី​៦ ទៅ​៨​ខែ ។
-​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម ៖ ស្រះ​ត្រូវ មាន​លក្ខណៈ​សម​ស្រប​តាម​បច្ចេកទេស ទាម ទារ​ឱ្យ​មាន​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម និង ចំណាយ​ទុន​ច្រើន ដូច​ជា​ការ​ទិញ​ពូជ និង ចំណី ។ ទិន្នផល​អាច​ទទួល​បាន​ពី​៦០០​ទៅ ១.៥០០​គីឡូក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​៦​ទៅ​៨​ខែ ។
-​ការ ​ចិញ្ចឹម​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា លក្ខណៈ​ឧស្សាហកម្ម ៖ ទាមទារ​ត្រូវ​ចំណាយ ទុន​ច្រើន​លើ​ការ​រៀបចំ​ស្រះ  ទិញ​កូន​បង្កង ពូជ​ចំណី ទិញ​សំភារ​ប្រើប្រាស់ ដូច​ជា​ម៉ាស៊ីន បូមទឹក ម៉ាស៊ីន​បង្កើន​អុក​ស៊ី​សែន​។​ល​។  ទីតាំង​ស្រះ​ចិញ្ចឹម​ទៀត​សោត​ត្រូវ​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស មាន​ផ្ទៃដី​ធំ​ទូលាយ និង​អនុវត្ដ​បច្ចេកទេស​ខ្ពស់ ។ ទិន្នផល​អាច​*​ទទួល​បាន​ពី​២.០០០​ទៅ​៤.០០០​គីឡូក្រាម ក្នុង​១​រដូវ រយៈពេល​ពី​៦​ទៅ​៨​ខែ ។
១-​ការ​រៀបចំ​ស្រះ​សំរាប់​ចិញ្ចឹម
១-១​ទីតាំង​ជីក​ស្រះ
– ​ស្រះ​គួរ​ជីក​នៅ​តំបន់​មាន​ប្រភព​ទឹក ពេញ​មួយ​ឆ្នាំ ជា​ប្រភេទ​ទឹកសាប ស្អាត​ល្អ គ្មាន​ជាតិពុល តំបន់​គ្មាន​ប្រើ​ថ្នាំ​កសិកម្ម និង គ្មាន​កាក​សំណល់​ពី​រោងចក្រ និង​អាច​ធ្វើការ ផ្លាស់​ប្ដូរ​ទឹកបាន​ដោយ​ងាយស្រួល ដោយ​ប្រើ ម៉ាស៊ីន​បូ​ប ឬ​អាច​បញ្ចូល​ទឹក​តាម​រយៈ​របប ទឹកជោរ​នាច ។ ហើយ​អាច​ជ្រើសរើស​ទីតាំង ចិញ្ចឹម​នៅ​តំបន់​ទឹកសាប ឬ​តំបន់​ទឹក​ភ្លាវ ដែល​មាន​កំហាប់​អំបិល​មិន​លើស​ពី​១០​ភាគ ពាន់ ។
-​ទីតាំង​ជីក​ស្រះ ជា​ប្រភេទ​ដី​ល្បាយ​ដីឥដ្ឋ ឬ​លាយ​ខ្សាច់​តិចតួច ដើម្បី​អាច​រក្សា​ទឹកបាន យូរ និង​គ្មាន​ជាតិ​ជូរ ។
– ​ទីតាំង​ស្រះ ត្រូវ​នៅ​ក្បែរផ្លូវ​គមនាគមន៍ និង​ត្រូវ​មាន​អគ្គិសនី​គ្រប់គ្រាន់ ជា​ពិសេស សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ ទ្រាយ​ធំ ។
១-២-​លក្ខណៈ​ស្រះ
– ​ស្រះ​ត្រូវ​មាន​រាង​ចតុកោណកែង​មាន ផ្ទៃក្រឡា​ចាប់ពី​១.០០០​ម៉ែត្រការ៉េ​ឡើង​ទៅ (​ឬ​អាច​មាន​ទំហំ​តូច​ជាង​នេះ​ក៏​បាន​ដែរ សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​តូច​) និង​មាន ជំរៅ​ទឹក​ពី​១.២​ទៅ​១.៥​ម៉ែត្រ ។ បាត​ស្រះ ត្រូវ​មាន​កំរិត​ជម្រាល​ទៅ​ជ្រុង​ម្ខាង ដើម្បី ងាយស្រួល​បញ្ចេញ​ទឹក​ចោល ។ នៅ​បាត ស្រះ​ត្រូវ​មាន​ជីក​ប្រឡាយ​សំរាប់​នាំ​ទឹក​ពី កន្លែង​បញ្ចូល​ទឹក​រហូត​ដល់​កន្លែង​បញ្ចេញ​ទឹក ចោល ។ ប្រឡាយ​គួរ​មាន​ទទឹង​ពី​២​ទៅ​៣ ម៉ែត្រ និង​ត្រូវ​មាន​ជំរៅ​ជ្រៅ​ជាង​បាត​ស្រះ​ពី ១០​ទៅ​១៥​សង្ទីម៉ែត្រ ។ បាត​ស្រះ ត្រូវ​មាន ភក់ ឬ​មមោក​តិច ។ ខ្នង​ភ្លឺស្រះ​ត្រូវ​មាន​ទំហំ យ៉ាងតិច​២​ម៉ែត្រ មាន​លក្ខណៈ​រឹង​មាំ​ល្អ គ្មាន រន្ធ​សត្វ​ផ្សេង​ៗ និង​មិន​ជ្រាប​ទឹក ។
– ​ស្រះ​ចិញ្ចឹម​នីមួយ​ៗ ត្រូវ​មាន​ប្រព័ន្ធ បញ្ចេញបញ្ចូល​ទឹក ។ បំពង់​បញ្ចេញ​ទឹក ចោល​ត្រូវ​នៅ​ផ្នែក​ទាប​បំផុត ហើយ​បំពង់ បញ្ចូល​ទឹក​ត្រូវ​នៅ​ផ្នែក​ខាង​ទី​ខ្ពស់ ។
១-៣-​គុណភាព​ទឹក
បង្កង ​ជា​ប្រភេទ​វា​រី​សត្វ​រស់​ក្នុង​មជ្ឈដ្ឋាន ទឹកសាប ប៉ុន្ដែ​វា​ក៏​អាច​រស់នៅ និង​ធំធាត់​បាន ក្នុង​តំបន់​ទឹក​ភ្លាវ ដែល​មាន​កំហាប់​អំបិល រហូត​ដល់​១០​ភាគ​ពាន់ ។ បង្កង​មាន​ចរិត​រស់ នៅ​ស្រទាប់​បាត ក្នុង​មជ្ឈដ្ឋាន​ទឹក​ស្អាត និង ត្រូវ​មាន​កត្ដា​គុណភាព​ទឹក​សំខាន់​ៗ​ផ្សេង ទៀត​ដូច​ខាងក្រោម ៖
-​សីតុណ្ហភាព ៖ សម​ស្រប​ពី​២២​ទៅ​៣២ អង្សា​សេ និង​ល្អ​បំផុត​ពី​២៦-៣០​អង្សា​សេ​។ បើសិនជា​សីតុណ្ហភាព​ទឹក​ក្រោម​១៦​អង្សា សេ ឬ​លើស​ពី​៤០​អង្សា​សេ ហើយ​កំរិត សីតុណ្ហភាព​ទឹក​នេះ​អូស​បន្លាយ​យូរថ្ងៃ​អាច ធ្វើ​ឱ្យ​បង្កង​ងាប់​បាន ។
– ​កំរិត ផះ ឬ​កំរិត​ជាតិ​ជូរ ៖ សម​ស្រប មាន​ពី​៧​ទៅ​៨ ។ បង្កង​មិន​អាច​រស់នៅ​ក្នុង​ម មជ្ឈដ្ឋាន​ទឹក​ដែល​មាន​កំរិត ផះ ឬ​កំរិត​ជាតិ ជូរ​ក្រោម​៥ បាន​ឡើយ ។
-​កំហាប់​អំបិល ៖ កំហាប់​អំបិល​សម​ស្រប សំរាប់​ការ​លូតលាស់​របស់​បង្កង​មិន​លើស​ពី​៥ ភាគ​ពាន់ ។ ជា​ធម្មតា​បង្កង​ក៏​អាច​ធន់ និង រស់នៅ​បាន​ក្នុង​ទឹក​ដែល​មាន​កំហាប់​អំបិល រហូត​ដល់​២០​ភាគ​ពាន់ ប៉ុន្ដែ​ត្រូវ​បង្កើន​កំរិត  កំហាប់​អំបិល​នេះ​ឡើង​សន្សឹម​ៗ បើ​មិន ដូច្នេះ​ទេ​អាច​ធ្វើ​ឱ្យ​បង្កង​ងាប់​បាន ។
-​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ ទឹក ៖ បង្កង​*​ចូល​ចិត្ដ​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​ផ្ទៃ​ទឹកធំ​ទូលាយ ដែល​មាន​កំរិត​អុកស៊ីហ្សែន​លើស​ពី​៥​មី​ល្លី ក្រាម ក្នុង​១​លី​ត្រ និង​កំរិត​អុកស៊ីហ្សែន​តិច បំផុត​របស់​ង​ង្ក​ង​គឺ​៣​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ ។ កំរិត​អុកស៊ីហ្សែន​នេះ គឺ​ខ្ពស់​ជាង​កំរិត​អុក​ស៊ី សែន​នៃ​ប្រភេទ​ត្រី​ទឹកសាប ស្ទើរតែ​ទាំងអស់ ដែល​មាន​តែ​២​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ប៉ុណ្ណោះ ។ បើ​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ទឹក ទាប​ជាង​១.៥​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ធ្វើ​ឱ្យ បង្កង​ងើប​ក្បាល​លើ​ផ្ទៃ​ទឹក និង​ក្រោម​១.២ មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ធ្វើ​ឱ្យ​បង្កង​ងាប់ ។
-​កំរិត​រឹង​នៃ​ទឹក 9​ជា​ជឿ​៣​ប ៖ ទឹក​មាន កំរិត​រឹង​ពី​៥០-១០០​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ គឺ សម​ស្រប​សំរាប់​បង្កង ។
– ​សារធាតុ​រ៉ែ (​លោហធាតុ​) ៖ បង្កង​មិន អាច​បន្ស៊ាំ​នឹង​សារធាតុ​រ៉ែ (​លោហធាតុ​) ទេ ជា​ពិសេស​គឺ​ជាតិ​ដែក ។ បរិមាណ​សារធាតុ​*​ដែក​មាន​០.១​ទៅ​០.២​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ​*​ទឹក ដែល​សម​ស្រប​សំរាប់​បង្កង បើ​លើស​ពី​៤*​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ នឹង​បង្ក​គ្រោះថ្នាក់​ដល់ បង្កង ។
១-៤-​សំភារ​ប្រើប្រាស់
អ្នក ​ចិញ្ចឹម​បង្កង​ត្រូវ​មាន​ម៉ាស៊ីនបូមទឹក សំរាប់​ផ្លាស់​ប្ដូរ​ទឹក​តាម​ពេលវេលា​កំណត់ ឬ សំរាប់​ប្ដូរ​ទឹក​នៅ​ពេល​ទឹកស្រះ​អន់​គុណភាព​។ ម៉ាស៊ីនបូមទឹក​គួរ​មាន​ទំហំ​ល្មម ដើម្បី​ងាយ ស្រួល​ចល័ត និង​ដឹក​ជញ្ជូន ។
១-៥-​ការ​រៀបចំ​ស្រះ
ការ ​រៀបចំ​ស្រះ ជា​កត្ដា​សំខាន់​ដែល​ត្រូវ យកចិត្ដទុកដាក់ ដើម្បី​បង្កើត​មជ្ឈដ្ឋាន​សម ស្រប​សំរាប់​ការ​លូតលាស់​របស់​បង្កង ។ ការ រៀបចំ​ស្រះ​មាន​របៀប​ដូច​ខាងក្រោម ៖
-​សំអាត​ស្មៅ កំទេចកំទី​ក្នុង​ស្រះ និង សំអាត​រុក្ខជាតិ​ដែល​មាននៅ​ជុំវិញ​ភ្លឺស្រះ។ បូម​ពង្រីង​ស្រះ​ចាប់​ត្រី​ល្អិត ត្រី​កាច (​ដូច​ជា ត្រី​រ៉ស់ ផ្ទក់ អណ្ដែង ក្រាញ់​។​ល​។​) និង​អន្ទង់ ពស់ កង្កែប​ចេញ។
-​ចំពោះ​ស្រះ​ចាស់​ត្រូវ​ ស្ដារ​ល្បាប់​ភក់​បាត ស្រះ​ចេញ ដើម្បី​បំបាត់​មេរោគ ឧស្ម័ន​ពុល ដោយ​រក្សា​ទុក​កំរាស់​ល្បាប់​ភក់​ពី​១០​ទៅ​១៥ សង្ទីម៉ែត្រ ។
-​ត្រូវ​ ជួសជុល​ភ្លឺស្រះ​ឱ្យ​បាន​មាំ​ល្អ លប់​រន្ធ ឬ​ប្រហោង​ផ្សេង​ៗ​នៅ​តាម​ភ្លឺស្រះ ។ ភ្លឺស្រះ ត្រូវ​មានកំ​ពស់​ខ្ពស់​ជាង​ទឹកស្រះ​យ៉ាងតិច​០.៥ ម៉ែត្រ ។
-​ក្រោយ​ពី​ ស្ដារ​ល្បាប់​ភក់​រួច ត្រូវ​ហាល ស្រះ​ពី​២​ទៅ​៧​ថ្ងៃ ដើម្បី​បំ​ភាយ​ឧស្ម័ន​ពុល ផ្សេង​ៗ ដូច​ជា​អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ 9​ះ​២​្សប អា​ម៉ូ ញ៉ាក់ 9​ណះ​៣​ប មេតាន 9​ជះ​៤​ប​…​ចេញពី​ស្រះ ។ បើ​ស្រះ​មាន​ជាតិ​ជូរ​មិន​គួរ​ហាលថ្ងៃ​យូរ​ពេក ទេ ។
-​ការ​បាច​កំបោរ​ បាត​ស្រះ ៖ ប្រើ​កំបោរ​ស បាច​ឱ្យ​សព្វ​បាត​ស្រះ ដើម្បី​សំលាប់​មេរោគ និង​កែ​លំអ​កំរិត ផះ ឬ​កំរិត​ជាតិ​ជូរ​នៃ​ទឹក ។ ចំពោះ​ស្រះ​ថ្មី ត្រូវ​បាច​កំបោរ​ក្នុង​បរិមាណ​ពី​៣ ទៅ​៥​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ និង ចំពោះ​ស្រះ​ចាស់​គួរ​ប្រើ​កំបោរ​ក្នុង​បរិមាណ​ពី ៧​ទៅ​១០​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ។
-​ការ​ដាក់​ជី ៖ ក្រោយ​ពេល​រៀបចំ​ស្រះ​រួច ត្រូវ​ដាក់​ជី​ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​។ ប្រភេទ​ជី​ដែល​ល្អ គឺ​ជី​លាមក​សត្វ​មាន់ ទា និង​ជ្រូក ។​ល​។ ក្នុង​បរិមាណ​ពី​២៥​ទៅ​៣០ គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ។ បើសិនជា គ្មាន​ជី​លាមក​សត្វ យើង​ក៏​អាច​ប្រើ​ជីគីមី ណ​ភ​គ ក្នុង​បរិមាណ​ពី​២​ទៅ​៤​ក្រាម ក្នុង​១ ម៉ែត្រគូប ដោយ​ត្រូវ​ត្រាំ​ជី​ក្នុង​ទឹក​ឱ្យ​រលាយ គ្រាប់​អស់​សិន រួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ ។
-​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ ៖ ក្រោយ​ពេល ដាក់​ជី​រួច​បាន​១​ថ្ងៃ យើង​ត្រូវ​បញ្ចូល​ទឹក​ក្នុង ស្រះ​ឱ្យ​បាន​ពី​៣០​ទៅ​៤០​សង្ទីម៉ែត្រ​។ ក្រោយ  ពី​បាច​ជី​រួច រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ រុក្ខជាតិ ប្លង់តុង​បាន​កើត​មាន​ដែល​ធ្វើ​ឱ្យ​ទឹកស្រះ​មាន ពណ៌​បៃតងខ្ចី រួច​យើង​ត្រូវ​បញ្ចូល​ទឹក​បំពេញ ស្រះ ។
ចំណាំ ៖ ពេល​បញ្ចូល​ទឹក​ក្នុង​ស្រះ ត្រូវ ច្រោះ​នឹង​ស្បៃ​ក្រឡា​ល្អិត​ទំហំ​០.៥​មី​ល្លី​ម៉ែត្រ ដើម្បី​ការពារ​ត្រី​ល្អិត កំពឹស និង​សត្វ​ចង្រៃ ផ្សេង​ៗ​ចូល​ក្នុង​ស្រះ​ដែល​បាន​រៀបចំ​ហើយ ។
-​ត្រូវ​រៀបចំ​មែកឈើ ឬ​ឫស្សី​ដោយ​ចង ជា​បាច់​ដាក់​នៅ​បាត​ស្រះ​សំរាប់​ជា​ជំរក​នៅ ពេល​បង្កង​សក ។ ម្យ៉ាងទៀត យើង​អាច ដាក់​បន្ថែម​រុក្ខជាតិ​ទឹក​ដូច​ជា ចក ត្រកួន ដើម្បី​ជា​ចំណី​បន្ថែម និង​ជា​ជំរក​សំរាប់​បង្កង​។ បន្ទាប់​មក​ត្រូវ​ត្រៀមលក្ខណៈ​លែង​កូន​បង្កង ពូជ​ក្នុង​ស្រះ ដែល​បាន​រៀបចំ​ហើយ​នោះ ។
២-​ការ​ជ្រើសរើស​កូន​បង្កង​ពូជ និង របៀប​លែង
២-១-​ការ​ជ្រើសរើស​កូន​បង្កង​ពូជ
ដើម្បី​ចិញ្ចឹម​បង្កង​ឱ្យ​ទទួល​បាន​គុណភាព ល្អ យើង​ត្រូវ​យកចិត្ដទុកដាក់​ចំណុច​សំខាន់​ៗ ដូច​ខាងក្រោម ៖
– ​គួរ​ទិញ​កូន​បង្កង​ពូជ​ពី​កសិដ្ឋាន​ផលិត​ពូជ ដែល​មាន​ទំនុកចិត្ដ និង​មាន​លិខិតបញ្ជាក់​អំពី គុណភាព ។ បើសិន​មាន​លទ្ធភាព​យើង​គួរ ជ្រើសរើស​យក តែ​កូន​បង្កង​ពូជ​ឈ្មោល​សុទ្ធ សំរាប់​ដាក់​ចិញ្ចឹម ពីព្រោះ​វា​លូតលាស់លឿន ។
-​ម្យ៉ាងទៀត ត្រូវ​ជ្រើសរើស​កូន​បង្កង ពូជ​ដាក់​ចិញ្ចឹម​ឱ្យ​មាន​ប្រវែង​ចាប់ពី​៣​ស​ង្ទី ម៉ែត្រ​ឡើង​ទៅ ដែល​មាន​ទំហំ​ប៉ុនគ្នា មាន សុខភាព​ល្អ គ្មាន​របួស​ស្នាម និង​មាន​ពុកមាត់ ជើង និង​តង្កៀប​គ្រប់គ្រាន់ ។
លក្ខណៈ​សំគាល់​កូន​បង្កង​មាន​សុខភាពល្អ ៖
– ​ជា​ទូទៅ គឺ​ពុកមាត់​របស់​វា​ជា​និច្ចកាល មាន​លក្ខណៈ​ស្របគ្នា ។ បើសិនជា​ពុកមាត់ របស់​វា​មាន​រាង​ជា​អក្សរ​វ៉េ 9​្វ​ប បញ្ជាក់​ថា កូន​បង្កង​មាន​សុខភាព​ខ្សោយ ។
-​មាន​សកម្មភាព​ហែល​រហ័សរហួន ។ នៅ​ពេល​ផ្ដាច់​ចរន្ដ​ខ្យល់​អុកស៊ីហ្សែន កូន​*​បង្កង​មាន​សុខភាព​ល្អ តែងតែ​ឡើង​មក​ផ្នែក​*​ខាងលើ​នៃ​ផ្ទៃ​ទឹក ។
-​ម្យ៉ាងទៀត កូន​បង្កង​មាន​សុខភាព​ល្អ គឺ គេ​សំគាល់​នៅ​លើ​ដងខ្លួន​របស់​វា មាន​ពណ៌ ខៀវ​ថ្លា ។ ចំពោះ​កូន​បង្កង​មាន​ជំងឺ គឺ​ដងខ្លួន របស់​វា​មាន​ពណ៌​ស​ស្រអាប់ ហើយ​គំរប​*​កំផ្លៀង​របស់​វា​មាន​ពណ៌​ខ្មៅ ។
២-២-​របៀប​លែង​កូន​បង្កង​ដាក់​ចិញ្ចឹម
– ​មុន​ពេល​លែង​កូន​បង្កង ត្រូវ​ធ្វើការត្រួត​ពិ​​និត្យ​គុណភាព​ទឹកស្រះ​ជា​មុន​សិន ។ បើសិនជា​ទឹកស្រះ​មាន​លក្ខណៈ​ល្អ ក្រោយពេល​ស្រះ​បាន​រៀបចំ​ហើយ គឺ​យើង​អាច​លែងកូន​បង្កង​ចូល​ស្រះ​បាន ។
-​ក្នុង​ករណី​ដែល​កូន​បង្កង​ ពូជ​ដឹក​ជញ្ជូន ដោយ​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក និង​មាន​បញ្ចូលខ្យល់​អុកស៊ីហ្សែន ។ មុន​នឹង​លែង​កូន​បង្កង​​ចូល​ក្នុង​ស្រះ យើង​ត្រូវ​ត្រាំ​ថង់​កូន​បង្កង​ក្នុង​​ទឹកស្រះ​រយៈពេល​ពី​១០​ទៅ​១៥​នាទី​ជា​ មុន​​សិន ដើម្បី​ឱ្យ​សីតុណ្ហភាព​ទឹក​ក្នុង​ថង់​បន្ស៊ាំ​នឹងសីតុណ្ហភាព​ទឹក​ក្នុង​ស្រះ ។ បន្ទាប់​មក ទើ យើង​ចាប់ផ្ដើម​បើក​មាត់​ថង់​ឱ្យ​កូន​បង្កង ហែល​ចេញ​តាម​សំរួល ។ គេ​ត្រូវ​លែង​កូន​​បង្កង​ចំងាយ​ប្រហែល​២​ម៉ែត្រ​ពី​មាត់​ស្រះ ដើម្បី​ចៀសវាង​កុំឱ្យ​វា​លោត​ឡើង​លើ​មាត់ ស្រះ ។ ត្រូវ​លែង​កូន​បង្កង​នៅ​ពេល​អាកាស ធាតុ​ត្រជាក់ ជា​ពិសេស​គឺ​នៅ​ពេល​ព្រឹក ។
-​ដង់ស៊ីតេ​ដាក់​ចិញ្ចឹម ៖ សំរាប់​ការ​ចិញ្ចឹម ជា​លក្ខណៈ​គ្រួសារ ដង់ស៊ីតេ​កូន​បង្កង​ដាក់ ចិញ្ចឹម​មាន​ពី​៣​ទៅ​៥​ក្បាល ក្នុង​១​ម៉ែត្រ
កា ​រ៉េ ។ សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​មាន​ពី​៥​ទៅ​៧ ក្បាល​ក្នុង​១​ម៉ែត្រការ៉េ និង​សំរាប់​ការ​ចិញ្ចឹម ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ​ឧស្សាហ កម្ម​បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​គឺ​ពី​១២​ទៅ ១៥​ក្បាល ក្នុង​១​ម៉ែត្រការ៉េ​ទឹកស្រះ ។ (នៅមានត)

បច្ចេកទេស​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ (ត)

ការ​ចិញ្ចឹម​ចំរុះ​ជាមួយ​ត្រី ៖
-​យើង​អាច​ចិញ្ចឹម​បង្កង​ជាមួយ​ប្រភេទ ត្រី​ផ្សេង​ៗ​បាន ដើម្បី​ប្រើប្រាស់​ឱ្យ​អស់​នូវ ចំណី​ដែល​មាន​ក្នុង​ស្រះ និង​ដើម្បី​ជួយ​កែ​លំអ គុណភាព​ទឹកស្រះ ។ ការ​ចិញ្ចឹម​ចំរុះ​នេះ យើង​អាច​ដាក់​ត្រី​ចិញ្ចឹម​បាន​តែ​ក្នុង​ស្រះ ចិញ្ចឹម​បង្កង ដែល​ចិញ្ចឹម​ជា​ទ្រង់ទ្រាយ​តូច និង​មធ្យម​ប៉ុណ្ណោះ ។
-​សំរាប់​ប្រភេទ​ត្រី​ដាក់​ចិញ្ចឹម​ចំរុះ​ជាមួយ បង្កង គឺជា​ប្រភេទ​ត្រី​ដែល​រស់នៅ​ស្រទាប់​លើ និង​ស្រទាប់​កណ្ដាល និង​ជា​ប្រភេទ​ត្រី​ដែល មិន​ប្រជែង​ចំណី​ជាមួយ​បង្កង ដូច​ជា ប្រភេទ ត្រី​កាប​ស កាប​ក្បាល​ធំ កាប​ស៊ី​ស្មៅ និង​ត្រី ឆ្ពិន​ជាដើម ។
-​ដង់ស៊ីតេ​ត្រី​ដាក់​ចិញ្ចឹម គឺ​១​ក្បាល​ក្នុង​៥ ទៅ​១០​ម៉ែត្រការ៉េ នៃ​ផ្ទៃ​ទឹកស្រះ ។
៣-​ចំណី និង​របៀប​ផ្ដល់​ចំណី
ត្រូវ​ផ្ដល់​ចំណី​គ្រប់​ល្មម ចៀសវាង​ផ្ដល់ ចំណី​លើស ពីព្រោះ​ចំណី​ដែល​នៅ​សល់​ច្រើន ក្នុង​ស្រះ អាច​បំ​លែង​ជា​ធាតុ​ពុល​បង្ក​ឱ្យ​កើត​*​មាន​រុក្ខជាតិ​ប្លង់តុង​ច្រើន ធ្វើ​ឱ្យ​បង្កង​ពិបាក​*​សក និង​លូតលាស់​មិនល្អ ។ ដូចនេះ​ការ​*​ផ្ដល់​ចំណី​ខ្វះ​បន្ដិច​ប្រសើរ​ជាង​ការ​ផ្ដល់​ចំណី​​លើស ។
៣-១-​ចំណី
ដើម្បី​ឱ្យ​បង្កង​សក និង​មានការ​លូតលាស់ ល្អ ចំណី​ត្រូវ​មាន​សារធាតុ​បំប៉ន​សំខាន់​ៗ​ដូ​​ច ជា ប្រូតេអ៊ីន​ពី​៣០​ទៅ​៣៥​ភាគរយ លីពីត​៣ ទៅ​៥​ភាគរយ កាល់ស្យូម​២​ទៅ​៣​ភាគរយ ផូ​ស្វរ​១​ទៅ​១.៥​ភាគរយ និង​សែលុយឡូស​ពី ៣​ទៅ​៥​ភាគរយ ។ យើង​អាច​ប្រើ​ចំណី​គ្រាប់ ចំណី​កែ​ច្នៃ និង​ចំណី​ស្រស់ ដែល​មាន​សារធាតុ ដូច​ខាងលើ ។ ចំពោះ​ចំណី​គ្រាប់​មាន​បរិមាណ សារធាតុ​បំប៉ន​មិន​ប្រែប្រួល និង​ងាយស្រួល ប្រើប្រាស់ ប៉ុន្ដែ​មាន​តំលៃ​ខ្ពស់ ។ រីឯ​ចំណី​កែ ច្នៃ និង​ចំណី​ស្រស់​មាន​តម្លៃ​ថោក​ជាង​ចំណី គ្រាប់ ព្រោះ​យើង​អាច​រកបាន​នៅ​តាម​មូល ដ្ឋា​ន តែ​ប្រភេទ​ចំណី​នេះ​មាន​បរិមាណ​សារ ធាតុ​បំប៉ន​ប្រែប្រួល ដែល​ធ្វើ​ឱ្យ​យើង​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ផ្ដល់​ចំណី ។ ការ​ផ្សំ​​ចំណី​អាស្រ័យ​លើ​វត្ថុធាតុដើម ដែល​មាននៅ​​តាម​មូលដ្ឋាន និង​មាន​រូបមន្ដ​ផ្សំ​ចំណី​ផ្សេង​ៗ​គ្នា ប៉ុន្ដែ​ចាំបាច់​ត្រូវ​ធានា​ឱ្យ​មាននូវ​បរិមាណ​សារធាតុ​បំប៉ន​សំខាន់​ៗ​ ដូច​ជា ម្សៅ​គ្រាប់​ធ​ញ​ជាតិ​៦៥​ភាគរយ ម្សៅ​ត្រី​២៥​ភាគរយ និង​​ប្រភេទ​សារធាតុ​ផ្សេង​ៗ​ទៀត​ចំនួន​១០​ភាគ​​រយ ។ បន្ទាប់​មក យើង​អាច​កែ​ច្នៃ​តាម​រូប​​មន្ដ​ដូច​ខាងក្រោម ៖
-​ម្សៅសណ្ដែក​សៀង ៖ ២០%
-​កន្ទក់ ៖ ៣៥%
-​ម្សៅ​មី ៖ ១០%
-​ម្សៅ​ត្រី ៖ ២៥%
-​ម្សៅ​ឆ្អឹង ៖ ២%
-​ម្សៅ​គ ៖ ៥%
-​ព្រី​ម៉ិច 9​ភរ​មេ​ិ​ខ​ប ៖ ២%
-​និង​សារធាតុ​ខ្លាញ់ (​ខ្លាញ់ត្រី មឹក ប្រេង ដូង​) ៖ ១%
៣-២-​របៀប​ផ្ដល់​ចំណី
ចំណី​គ្រាប់ ឬ​ចំណី​កែ​ច្នៃ​ត្រូវ​ផ្ដល់​ឱ្យ​បង្កង នៅ​ខែ​ដំបូង និង​ខែ​បន្ទាប់ ។ ចំណែក​ប្រភេទ ចំណី​ស្រស់​មាន​ដូច​ជា ត្រី​ល្អិត កំពឹស ក្ដាម ខ្យង​។​ល​។ ដែល​មាន​តម្លៃ​ថោក​នៅ​រដូវ វស្សា​ក៏​អាច​ផ្ដល់​ជា​ចំណី​បង្កង​បាន​ដែរ ។ ចំណី​ស្រស់​មានគុណ​ភាព​ធ្វើ​ឱ្យ​បង្កង​មានការ លូតលាស់​លឿន និង​បាន​កាត់​បន្ថយ​ការ ចំណាយ​លើ​ការ​ទិញ​ចំណី​គ្រាប់ ប៉ុន្ដែ​ចំណី ស្រស់​ងាយ​ធ្វើ​ឱ្យ​ខូចគុណភាព​ទឹកស្រះ​ផង ដែរ ។
-​កន្ដ្រង​ចំណី ៖ ដើម្បី​ងាយស្រួល​ក្នុង​ការ ត្រួតពិនិត្យ និង​គ្រប់គ្រង​បរិមាណ​ចំណី​ដែល ត្រូវ​ផ្ដល់​ឱ្យ​បង្កង​ស៊ី យើង​ត្រូវ​ដាក់​កន្ដ្រង​ចំណី ចំនួន​៤​នៅ​តាម​ជ្រុង​ស្រះ ហើយ​កន្ដ្រង នីមួយ​ៗ​ត្រូវ​ដាក់​ឱ្យ​ផុត​ពី​បាត​ស្រះ​កំពស់​១០ សង្ទីម៉ែត្រ ។ កន្ដ្រង​នីមួយ​ៗ​គួរ​មាន​ទំហំ​១ ម៉ែត្រការ៉េ ។ រាល់ពេល​ផ្ដល់​ចំណី​ត្រូវ​បាច ចំណី​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ និង​ត្រូវ​ដាក់​ចំណី បន្ថែម​នៅ​ក្នុង​កន្ដ្រង​ចំណី​ប្រហែល​១​ភាគរយ នៃ​បរិមាណ​ចំណី​សរុប ។ ក្រោយ​ពី​ផ្ដល់​ចំណី បាន​រយៈពេល​១​ម៉ោង​ត្រូវ​ត្រួតពិនិត្យ​មើល កន្ដ្រង​ចំណី បើសិនជា​បង្កង​ទើបតែ​ស៊ី​ចំណី អស់​បញ្ជាក់​ថា ចំណី​គ្រប់​ល្មម​សំរាប់​បង្កង ។ បើសិនជា​ចំណី​នៅ​សល់​ច្រើន គឺ​ត្រូវ​បន្ថយ ចំណី​នៅ​ពេល​ដាក់​លើក​ក្រោយ ។ ប៉ុន្ដែ​បើ​បង្កង​ស៊ី​ចំណី​អស់​លឿន យើង​ត្រូវ​បង្កើន បរិមាណ​ចំណី​នៅ​ពេល​ដាក់​លើក​ក្រោយ ។
-​អត្រា​ផ្ដល់​ចំណី ៖ ត្រូវ​ផ្ដល់​ចំណី​ឱ្យ​បង្កង ស៊ី​ចំនួន​២​ដង ក្នុង​១​ថ្ងៃ គឺ​នៅ​ម៉ោង​៥​ព្រឹក និង ម៉ោង​៥​ល្ងាច ។ ពេល​ព្រឹក​ត្រូវ​ផ្ដល់​ចំណី​៣០ ភាគរយ​នៃ​បរិមាណ​ចំណី​ទាំងអស់ និង​នៅ ពេល​ល្ងាច​ផ្ដល់​៧០​ភាគរយ​នៃ​បរិមាណ​ចំណី ដែល​នៅ​សល់ ។ បរិមាណ​ចំណី​ត្រូវ​ផ្ដល់​ឱ្យ បង្កង​រាល់ថ្ងៃ ទៅ​តាម​ដំណាក់កាល​លូតលាស់ របស់​វា និង​គិត​តាម​ទំងន់​បង្កង​សរុប​ដែល មាននៅ​ក្នុង​ស្រះ (​មើល​តារាង​ទី​១​ខាង ក្រោម​) ។
-​មុន​ពេល​ដាក់​ចំណី​ក្នុង​កន្ដ្រង ត្រូវ សំអាត​កន្ដ្រង​ឱ្យ​បាន​ស្អាត​ជា​មុន​សិន រួច​ទើប ដាក់​ចំណី​ថ្មី​ចូល ។
តារាង​ទី​១ ៖ បរិមាណ​ចំណី និង​អត្រា​រស់ របស់​បង្កង
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១​ដល់​២០ ទម្ងន់​មធ្យម (​ក្រាម​) ៤ អត្រា​រស់​(%) ១០០ បរិមាណ​ចំណី (%) ២០ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ២១​ដល់​៤០ ទម្ងន់​មធ្យម (​ក្រាម​) ៧ អត្រា​រស់​៩៥ បរិ មា​ណ​ចំណី (%) ១៥ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៤១​ដល់​៦០ ទម្ងន់​មធ្យម (​ក្រាម​) ១៣ អត្រា​រស់ ៩០ បរិមាណ​ចំណី (%) ១០ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៦១​ដល់​៨០ ទម្ងន់​មធ្យម (​ក្រាម​) ២២ អត្រា​រស់​៨៥ បរិ មា​ណ​ចំណី (%) ៨០ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៨១​ដល់​១០០ ទម្ងន់​មធ្យម (​ក្រាម​) ៣១ អត្រា​រស់​៨០ បរិ មា​ណ​ចំណី (%) ៥ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១០១​ដល់ ១២០ ទម្ងន់​មធ្យម (​ក្រាម​) ៤០ អត្រា​រស់ ៧៥ បរិមាណ​ចំណី (%) ៤ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១២១​ឡើង ទម្ងន់​មធ្យម (​ក្រាម​) លើ​៥០ អត្រា​រស់​៧០ បរិមាណ​ចំណី (%) ៣ ។
ប្រការ​ដែល​ត្រូវ​ចង​ចាំ​នៅ​ពេល​ដាក់​ចំណី
-​ចំណី​កែ​ច្នៃ ៖ ត្រូវ​លាយ​ច្របល់​ចំណី បញ្ចូល​គ្នា​ឱ្យ​សព្វ និង​ត្រូវ​មាន​ដាក់​ម្សៅ​ស្អិត (​ម្សៅ​គ​) រួច​កិន​ចេញ​ជា​គ្រាប់​សំរាប់​ផ្ដល់​ឱ្យ បង្កង​ស៊ី ។ ប្រភេទ​ចំណី​ដែល​កែ​ច្នៃ​រួច​នេះ គឺ សំរាប់​ប្រើ​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ។
-​ចំណី​ស្រស់ ៖ ត្រូវ​លាង​ចំណី​ស្រស់​ឱ្យ ស្អាត និង​កាត់​ជា​ដុំ​ល្អិត​ៗ ទើប​ដាក់​ឱ្យ​បង្កង ស៊ី ។ មិន​ត្រូវ​យក​ចំណី​ដែល​ងាប់ ឬ​ខូច​គុណ ភាព​មក​ធ្វើ​ជា​ចំណី​បង្កង​ឡើយ ។
-​ចំណី​គ្រាប់ ៖ ចំពោះ​ចំណី​គ្រាប់​មិន​ត្រូវ ប្រើ​ចំណី​ណា​ដែល​ហួសពេល​កំណត់​ប្រើប្រាស់ ឬ​ដុះ​ផ្សិត​ឡើយ ។
-​ការ​ចាប់​ចំណី ៖ បង្កង​ចាប់​យក​ចំណី ដោយ​ស្រង់ក្លិន ដូចនេះ​ចំពោះ​ចំណី​កែ​ច្នៃ​​យើង​អាច​លាយ​វា​ជាមួយ​ចំណី​ស្រស់ ដើម្បី​ឱ្យ​ចំណី​កែ​ច្នៃ​មាន​ក្លិន​ដែល​ងាយ​ទាក់ទាញ​ឱ្យ​បង្កង​ស៊ី ។
-​ការ​ប្រើប្រាស់​វីតាមីន ៖ ដើម្បី​បង្កើន សុខភាព​របស់​បង្កង និង​ចៀស​ផុត​ពី​ជំងឺ ផ្សេង​ៗ យើង​អាច​ប្រើ​វីតាមីន​សេ ជ លាយ​ជា មួយ​ចំណី​បាន ។
-​ការ​ត្រួតពិនិត្យ​ការ​លូតលាស់​របស់ បង្កង ៖ យើង​អាច​កំណត់​រយៈពេល​២០​ថ្ងៃ ម្ដង ដើម្បី​ចាប់​បង្កង​មួយ​ចំនួន​ពី​កន្ដ្រង​ចំណី ទាំង​៤​យក​មក​ថ្លឹង និង​គិត​រក​ទម្ងន់​មធ្យម ។ បន្ទាប់​មក ផ្អែក​លើ​អត្រា​រស់​របស់​បង្កង ដែល មាន​បញ្ជាក់​នៅ​ក្នុង​តារាង​ទី​១ យើង​អាច គណនា​ទម្ងន់​បង្កង​សរុប​ដែល​មាន​ក្នុង​ស្រះ ហើយ​បន្ទាប់​មក យើង​អាច​គណនា​បរិមាណ ចំណី​ដែល​ត្រូវ​ផ្ដល់​ឱ្យ​បង្កង​ស៊ី​នៅ​ដំណាក់ កាល​បន្ទាប់ ។
៤-​ការ​គ្រប់គ្រង​គុណភាព​ទឹកស្រះ
បង្កង​លូតលាស់ និង​ធំធាត់​អាស្រ័យ​ទៅ លើ​កា​រសក​របស់​វា ។ ដើម្បី​ធ្វើ​ឱ្យ​បង្កង​សក បាន​ដោយ​ងាយ ចាំបាច់​ត្រូវ​គ្រប់គ្រង​គុណ ភាព​ទឹកស្រះ​ឱ្យ​បាន​ល្អ ដែល​ជា​កត្ដា​សំខាន់​ចាំ បាច់​បំផុត ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ដ្រ មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​គុណភាព​ទឹកស្រះ ឱ្យ​បាន​ល្អ ៖
ក​-​ការ​ផ្លាស់​ប្ដូរ​ទឹក ៖
-​ការ​ផ្លាស់​ប្ដូរ​ទឹក គឺ​មាន​គោលបំណង ដើម្បី​កាត់​បន្ថយ​ភាព​កខ្វក់​នៃ​ទឹកស្រះ​ធ្វើ​ឱ្យ ទឹកស្រះ​ថ្លា​ល្អ បង្កើន​បរិមាណ​ខ្យល់​អុក​ស៊ី ហ្សែ​ន​ក្នុង​ស្រះ និង​បាន​បញ្ចេញ​ចោល​ឧស្ម័ន ពុល​ផ្សេង​ៗ​ដូច​ជា អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ (H2S) អាម៉ូញ៉ាក់ NH3 ឧស្ម័ន​កាបូ​និក CO2 ជា ដើម​។​ល​។ ជា​ធម្មតានៅ​ខែ​ដំបូង​យើង​មិន ចាំបាច់​ផ្លាស់​ប្ដូរ​ទឹក​ទេ ព្រោះ​លាមក​របស់បង្កង​នៅ​បាត​ស្រះ​មាន​បរិមាណ​តិចតួច​នៅ​​ឡើយ ។ នៅ​ខែ​ទី​២ ត្រូវ​ប្ដូរ​ទឹ​កេ​ឱ្យ​បាន​ញឹកញាប់ ឬ​រៀងរាល់ថ្ងៃ ។ បរិមាណ​ទឹក​ត្រូវ​ប្ដូរ អាស្រ័យ​លើ​គុណភាព​ទឹកស្រះ និង​ទំហំ​នៃការ​ចិញ្ចឹម ។ ជា​ទូទៅ​យើង​អាច​ប្ដូរ​ទឹក​ពី​១០ ទៅ​២០​ភាគរយ​នៃ​ផ្ទៃ​ទឹកស្រះ ។ ការ​ប្ដូរ​ទឹក នេះ គឺ​ត្រូវ​បូម​យក​លាមក​បង្កង និង​កាក សំណល់​ផ្សេង​ៗ​ទៀត​ចេញពី​ផ្នែក​បាត​ស្រះ និង​បញ្ចូល​ទឹក​ថ្មី​មក​វិញ​នៅ​ផ្នែក​ខាងលើ​នៃ ផ្ទៃ​ស្រះ ដោយ​មាន​ប្រើ​ស្បៃ​ច្រោះ​ទឹក​ដែល បង្ហូរ​ចូល ។
-​ការ​ដាក់​ចិញ្ចឹម​បង្កង​ក្នុង​កំរិត​ដង់ស៊ីតេ ខ្ពស់ ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​បរិមាណ​ទឹក​ច្រើន
ជាង​ការ​ចិញ្ចឹម​បង្កង​ក្នុង​កំរិត​ដង់ស៊ីតេ​ទាប​។ ចំពោះ​ការ​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​ស្រស់​ងាយ ធ្វើ​ឱ្យ​ខូចគុណភាព​ទឹក​ណាស់ ដូចនេះ​ចាំបាច់ ត្រូវ​ផ្លាស់​ប្ដូរ​ទឹក​ឱ្យ​បាន​ច្រើន​ដែរ ។
ខ​-​កត្ដា​សំខាន់​ៗ​នៃ​គុណភាព​ទឹក
ជា​និច្ចកាល យើង​ត្រូវ​ត្រួតពិនិត្យ​កត្ដា សំខាន់​ៗ​នៃ​គុណភាព​ទឹក ដូច​ជា​សីតុណ្ហភាព ផះ (​កំរិត​ជាតិ​ជូរ​នៃ​ទឹក​) កំរិត​រលាយ​ខ្យល់ អុក​ហ្សែ​ន​ក្នុង​ទឹក កំរិត​រឹង​នៃ​ទឹក​។​ល​។ ដើម្បី កែ​លំអ​ទាន់​ពេលវេលា​នៅ​ពេល​គុណភាព ទឹក​មានការ​ប្រែប្រួល ។
-​កំរិត ផះ (​កំរិត​ជាតិ​ជូរ​នៃ​ទឹក​) ៖ ជា និច្ចកាល​មានការ​ប្រែប្រួល​ដោយសារ​ការ កើនឡើង​នៃ​រុក្ខជាតិ​ប្លង់តុង​ដែល​ធ្វើ​ឱ្យ ផះ ខ្ពស់ និង ផះ ចុះ​ទាប ដោយ​មានការ​បំ​ភាយ នៃ​សមាសធាតុ​សេរី​រា​ង្គ​នៅ​បាត​ស្រះ ។ ម្យ៉ាងទៀត​ទឹកស្រះ​មាន​ជាតិ​អាស៊ីត ឬ​ជាតិ ជូរ ឬ ផះ ចុះ​ទាប ដោយសារ​ទឹកភ្លៀង ឬ ប្រភព​ទឹក​ផ្សេង​ៗ ។ ដូចនេះ​ត្រូវ​រក្សា​កំរិត ផះ ទឹកស្រះ​ឱ្យ​បាន​ល្អ​ឱ្យ​នៅ​ចន្លោះ​ពី​៧​ទៅ
៨ ។ បើសិន ផះ ក្រោម​៧ ឬ​លើស​ពី​៩​នឹង​ជះ ឥទ្ធិពល​អាក្រក់​ដល់​បង្កង ។ ដើម្បី​កែ​លំអ ផះ ត្រូវ​ផ្លាស់​ប្ដូរ​ទឹក ឬ​ប្រើប្រាស់​កំបោរ ។ បើ​​សិន​ជា​រុក្ខជាតិ​ប្លង់តុង​កើត​មាន​ច្រើន​ធ្វើ​ឱ្យ ផះ ឡើង​ខ្ពស់​ត្រូវ​ប្ដូរ​ទឹកជា​ថ្មី ។ មុន​ពេល​​ភ្លៀង​ត្រូវ​បាច​កំបោ​រសនៅ​ជុំវិញ​ស្រះ ដើម្បី​ការពារ​ជាតិ​ជូរ​ហូរ​ពី​មាត់​ស្រះ ។ ក្រោយ​ពេល​ភ្លៀង​ត្រូវ​វាស់​កំរិត បើសិន ផះ ក្រោម​៧​គឺ​ត្រូវ​ប្រើ​កំបោរ​ស​ពី​១​ទៅ​១.៥​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ដោយ​ត្រូវ​លាយ​ជាមួយ​​ទឹក​ឱ្យ​រលាយ​អស់ រួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​​ស្រះ​ដើម្បី​បង្កើន​កំរិត ផះ ។
-​កំរិត​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹក ៖ កង្វះ ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹកស្រះ ធ្វើ​ឱ្យ​បង្កង ងើប​នៅ​លើ​ផ្ទៃ​ទឹក និង​អាច​បណ្ដាល​ឱ្យ​បង្កង ងាប់ ។ បញ្ហា​នេះ​ងាយ​កើត​មាន​ណាស់​នៅ តាម​ស្រះ​ចិញ្ចឹម​បង្កង ។ មូលហេតុ​ដែល​កង្វះ ខ្យល់​អុកស៊ីហ្សែន ក្នុង​ស្រះ​បណ្ដាល​មក​ពី ស្រះ​សំបូរ​ដោយសារ​ធាតុ​សេរី​រា​ង្គ​មាន​ចំណី​សល់​ច្រើន​ក្នុង​ស្រះ និង​មាន​រុក្ខជាតិ​ប្លង់តុង​​កើត​មាន​ច្រើន​។​ល​។ កំរិត​រលាយ​ខ្យល់​អុក​​ស៊ី​ហ្សែ​ន​តិច​បំផុត​ក្នុង​ស្រះ គឺ​៣.៥​មី​ល្លី​​ក្រាម ក្នុង​១​លី​ត្រ​ទឹក ។ កំរិត​រលាយ​ខ្យល់​​អុកស៊ីហ្សែន​ក្រោម​២​មិ​ល្លី​ក្រាម ក្នុង​១​លី​ត្រ និង​ធ្វើ​ឱ្យ​បង្កង​ងាប់ ។ យើង​អាច​បង្កើន​បរិ​មា​ណ​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ស្រះ​ដោយ​បញ្ចូល​ ខ្យល់​អុកស៊ីហ្សែន​ក្នុង​ស្រះ ឬ​ផ្លាស់​ប្ដូរ​​ទឹក ។
-​កំរិត​ថ្លា​នៃ​ទឹក ៖ ត្រូវ​រក្សា​កំរិត​ថ្លា​នៃ​ទឹក ស្រះ​ពី​២៥​ទៅ​៤០​សង្ទីម៉ែត្រ ។ បើសិនជា កំរិត​ថ្លា​នៃ​ទឹក​ក្រោម​២៥​សង្ទីម៉ែត្រ មាន​ន័យ ថា ទឹកស្រះ​ល្អក់ ពេល​នោះ​ត្រូវ​ផ្លាស់​ប្ដូរ​ទឹក និង​រៀបចំ​ដាក់​ចំណី​ឱ្យ​បាន​ត្រឹមត្រូវ ។ បើ កំរិត​ថ្លា​នៃ​ទឹក​លើស​ពី​៤០​សង្ទីម៉ែត្រ ត្រូវ បន្ថែម​ជីសរីរាង្គ ឬ​អ​សរីរាង្គ ដើម្បី​បង្កើន ពណ៌​ទឹកស្រះ ។ បើ​ទឹកស្រះ​មាន​ពណ៌​បៃតង ខ្ចី គឺ​ទឹក​មាន​លក្ខណៈ​ល្អ​បំផុត ។ បើសិនជា ទឹកស្រះ​មាន​ពណ៌​បៃតងចាស់ ឬ​ពណ៌​ក្រ​ម៉ៅ ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​ទឹក ។
-​កំរិត​រឹង​នៃ​ទឹក ៖ ទឹកស្រះ​ដែល​មាន​កំរិត រឹង​សរុប​ពី​៥០​ទៅ​១០០​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ គឺ​មាន​លក្ខណៈ​សម​ស្រប ។ បើ​កំរិត​រឹង​​នៃ​ទឹក​ក្រោម​៥០​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ ត្រូវ​​បន្ថែម​កំបោរ​ស ឬ​ម្សៅ​សំបក​ងាវ​ដើម្បី​បង្កើន​​កំរិត​រឹង​នៃ​ទឹក​ដែល​ជួយ​ឱ្យ​បង្កង​ងាយ​ សក និង​ងាយ​កកើត​សំបក​ថ្មី ។
គ​-​ការ​ថែទាំ​បង្កង​ក្នុង​ស្រះ
-​ជា​និច្ចកាល​ត្រូវ​តាមដាន​សកម្មភាព របស់​បង្កង បើ​ឃើញ​បង្កង​ងើប​នៅ​លើ​ផ្ទៃ​ទឹក ខុសធម្មតា ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព ទឹកស្រះ ដើម្បី​មាន​វិធានការ​កែ​លំអ​ទាន់ ពេលវេលា ។ នៅ​ពេល​ព្រឹក​ព្រលឹម បើសិន​​ជា​ឃើញ​បង្កង​ហែល​ខុសធម្មតា ដោយ​ប្រមូលផ្ដុំ​គ្នា​នៅ​ជ្រុង​ស្រះ នោះ​បញ្ជាក់​ថា ទឹកស្រះ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន ដូចនេះ​យើង​ត្រូវ​បន្ថែម​ខ្យល់​អុកស៊ីហ្សែន ឬ​ផ្លាស់​ប្ដូរ​ទឹក​ជា​បន្ទាន់ ។
-​ត្រូវ​ត្រួតពិនិត្យ​ស្រះ​ជា​រៀងរាល់ថ្ងៃ ដូច ជា នៅ​មាត់​ស្រះ ទ្វារ​ទឹក​ចេញ​-​ចូល​ស្រះ និង ត្រូវ​កំចាត់​សត្វ​ចង្រៃ​ដូច​ជា កណ្ដុរ ពស់ កង្កែប ជាដើម​។​ល​។
៥-​ការ​ប្រមូល​ផល​បង្កង
ក្រោយ​ការ​ចិញ្ចឹម​រយៈពេល​ពី​៤​ទៅ​៥​ខែ បង្កង​មាន​ទម្ងន់​មធ្យម​ពី​៣០​ទៅ​៥០​ក្រាម ក្នុង​១​ក្បាល ពេល​នោះ​យើង​អាច​ប្រមូល​ផល បាន​ហើយ ។ ការ​ប្រមូល​ផល​បង្កង​ចិញ្ចឹម មាន​ពីរ​បែប​គឺ ការ​ប្រមូល​ផល​រំ​លោះ និង​ការ ប្រមូល​ផល​ទាំងស្រុង ។
-​ការ​ប្រមូល​ផល​រំ​លោះ ៖ ក្រោយ​ការ ចិញ្ចឹម​បាន​រយៈពេល​៤​ខែ យើង​អាច​ប្រមូល ផល​រំ​លោះ ដោយ​ចាប់​យក​តែ​បង្កង​ដែល​មាន ទំហំ​ធំ និង​បង្កង​មេ ។ ចំណែកឯ​បង្កង​ឈ្មោល ត្រូវ​បាន​រក្សា​ទុក​ចិញ្ចឹម​រហូត​ដល់​ចុងរដូវ ។ ការ​ប្រមូល​ផល​របៀប​នេះ​ធ្វើ​ឱ្យ​ការ​ចិញ្ចឹម ទទួល​ទិន្នផល​ខ្ពស់ ពីព្រោះ​បង្កង​ឈ្មោល​មាន  ការ​លូតលាស់​លឿន​នៅ​ដំណាក់កាល​ចុង ក្រោយ ។
-​ការ​ប្រមូល​ផល​ទាំងស្រុង ៖ នៅ​ពេល បង្កង​ភាគច្រើន​មាន​ទំហំ​ធំ​ក្លាយជា​បង្កង​សាច់ ហើយ​យើង​អាច​ប្រមូល​ផល​ទាំងស្រុង​បាន ។ ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រមូល​ផល យើង ត្រូវ​បញ្ចេញ​ទឹកស្រះ​ពាក់កណ្ដាល រួច​អូស​អួន ពី​៣​ទៅ​៤​ដង ។ បន្ទាប់​មក បង្កង​នៅ​សល់ តិចតួច យើង​អាច​បូម​ពង្រីង​ស្រះ និង​ប្រមូល ចាប់​ទាំងអស់ ។ ក្រោយ​ពេល​ប្រមូល​ផល​រួច ត្រូវ​ប្រោះ​បង្កង​ទុក​ក្នុង​អាង ឬ​ក្នុង​ធុង ដែល មាន​ដាក់​ខ្យល់​អុកស៊ីហ្សែន ដោយ​រើស​ចេញ នូវ​បង្កង​តូច​ៗ ឬ​ត្រី​ល្អិត​មុន​ពេល​លក់ ។ ត្រូវ ដឹក​ជញ្ជូន​បង្កង ដោយ​មាន​ដាក់​ខ្យល់​អុក​ស៊ី ហ្សែ​ន ដើម្បី​ធ្វើ​ឱ្យ​បង្កងរ​ស់បាន​យូរ និង​លក់ បាន​តម្លៃ​ថ្លៃ ៕ (ដកស្រង់ចេញពីសៀវភៅនាយកដ្ឋានជលផល)

វិធីសាស្រ្តការពារជម្ងឺ-មាន់

1

* ការរកវិធីការពារចំពោះមាន់ចិញ្ចឹមក្នុងទម្រង់ជាទ្រុងទ្រាយធំ សម្រាប់ជារបរចិញ្ចឹមជីវិត តម្រូវឲ្យអ្នក​ចិញ្ចឹម​​អនុវត្តន៍អនាម័យការការពារ​ និងការចាក់ថ្នាំបង្ការជម្ងឺចាំបាច់មួយចំនួន ។

* អ្នកចិញ្ចឹមមាន់ត្រូវយល់ដឹងឲ្យបានច្បាស់ពីហេតុផលនៃការចម្លង ជម្ងឺថាតើអ្វីទៅអាចចម្លងជម្ងឺមក​មាន់បាន និងត្រូវរកវិធីដើម្បីបង្កាចំពោះដើមចមរបស់អ្នកចម្លងនោះ ។

ភាគច្រើននៃការឆ្លងរាលដាលច្រើនបណ្តាលមកពីការរីករាលដាលនៃមេរោគរបស់ជម្ងឺនោះនៅត្រង់ ​ទីណាមួយក្បែរកន្លែងដែលចិញ្ចឹមមាន់ បន្ទាប់មកមធ្យោបាយនៃការចម្លងជាអ្នកចម្លងមេរោគនោះ​ចូលទៅកន្លែង​ ដែលមានចិញ្ចឹមមាន់ មានខ្យល់, មេរោគអាចរសាត់អណ្តែតតាមខ្យល់បានរហូតចម្ងាយ ៥ គ.ម, សត្វល្អិត​តូចៗ កណ្តុរ, ឆ្មា, ឆ្កែ, រុយ កន្លាត សុទ្ធសឹងជាអ្នកចម្លងជម្ងឺយ៉ាងសកម្ម ក្រៅពីនេះនៅមានសត្វស្លាបព្រៃ​ក៏ជាមូលហេតុចម្លងមួយនៃការចម្លង ជម្ងឺមកមាន់ចិញ្ចឹមបានដែរ ។ ក្រៅពីនេះ​មេរោគអាចចម្លងមកតាម​រយៈទឹក​ដែលយកមកប្រើប្រាស់គ្រឿងស្នូក ចាក់ទឹកដាក់ចំណី​មិនបានលាងឲ្យស្អាតត្រឹមត្រូវក៏ជាអ្នកចម្លង​ជម្ងឺយ៉ាងងាយដែរ ។ ការឆ្លងជម្ងឺមួយទៀតនោះ ​គឺកើត​មាននៅក្នុងចំណីរបស់សត្វនោះតែម្តង ដូចជាការ​ទុក​ដាក់ចំណីមិនបានត្រឹមត្រូវ មានសត្វល្អិតផ្សេងៗ ចូលស៊ី​ឬចោះបាវចំណីរឺដៃរបស់អ្នកដាក់ចំណី​ស្បែកជើង​ ដែលយើងពាក់ចូលក្នុងទ្រុងមាន់មានជាប់​ មេរោគនៅពីខាងក្រៅការដឹកជញ្ជូនចំណីមិនបាន​ល្អទឹក ដែលយកមកប្រើប្រាស់ជាទឹកមិនស្អាត​មិនបានច្រោះ ឬសម្លាប់មេរោគជាមុន ។

ទាំងអស់ខាងលើនេះ អ្នកចិញ្ចឹម​គួរបង្កើតវិធី ឬ មធ្យោបាយអ្វីមួយ ដើម្បីការពារវាសំខាន់ជាងគេ​ នោះគឺបញ្ហាអនាម័យព្រោះវាច្រើនតែជាមូលហេតុធំជាងគេនៃការចម្លងមេរោគជាមុន។ ទាំងអស់ខាង​លើនេះ​អ្នកចិញ្ចឹមគួរបង្កើតវិធីឬមធ្យោបាយ​ អ្វីមួយដើម្បីការពារវាសំខាន់ជាងគេនោះគឺ បញ្ហាអនាម័យ ព្រោះវា​ច្រើនតែជាមូលហេតុធំជាងគេនោះ គឺបញ្ហាអនាម័យ ព្រោះវាច្រើនតែជាមូលហេតុធំជាងគេនៃ​ការចម្លង​មេរោគទៅឲ្យមាន់ ។ ការឆ្លង ​ជម្ងឺ​មួយ​បែបទៀតនោះគឺវាបានចម្លងពីមេបារបស់វាទៅក្នុងពង រួចជាស្រេច​ដូច្នេះកូនមាន់ដែលញាស់មក​នោះវា​មានជម្ងឺនៅក្នុងខ្លួន របស់វារួចជាស្រេចទៅហើយ​ដូច្នេះការខូចខាត ឬខាតបង់ នឹងកើតមានដោយចៀស​មិនរួច។

បើសិនយើងទទួលបានកូនមាន់ដែលមានផ្ទុកជម្ងឺរួចទៅហើយនោះមកចិញ្ចឹម ។ មានសៀវភៅ ​ណែនាំស្តីពី​ការចិញ្ចឹមមាន់ខ្លះបានបង្គាប់ថា? ត្រូវជ្រើសរើសពូជមាន់ដែលពុំធ្លាប់មានជម្ងឺនាពេល​កន្លងមក? ប្រការនេះវាជារឿងលំបាកធ្វើណាស់ ព្រោះយើងមិនអាចដឹងពីសាវតាមេបា ដែលទិញ​យកមកធ្វើពូជ​នោះឡើយ ។

វិធីដែលល្អបំផុតសម្រាប់បង្កើតពូជទុក គឺត្រូវចិញ្ចឹមវាពីតូចរហូតដល់វាធំ រួចរើសសម្រាំងយកតែ​មាន់ណា​ដែលធំលឿនជាងគេមានសុខភាពមាំមួន ញែកពពួកមាន់ប្រភេទសម្រាំងទុកនោះដាក់វា​ឲ្យនៅដោយ​ឡែក​ ពីគេរួចបំប៉នចំណីវាឲ្យគ្រប់គ្រាន់បន្តសង្កេតពិនិត្យចំពោះសុខភាពរបស់វាឲ្យដិត ​ដល់រហូតវាអាចរស់​រហូតដល់ពេលវាមានពង នេះទើបជាពូជមាន់ដែលយើងត្រូវយកមកប្រើប្រាស់​ធ្វើពូជទុកសម្រាប់ផលិត​ កូនមាន់យកមកចិញ្ចឹម នៅពេលដែលយើងប្រើវិធីនោះយើងអាចប្រាកដក្នុង​ចិត្តបានថា​មាន់ដែលយើង​ ទុកធ្វើពូជវាមិនអាចមានជម្ងឺទេ ដូច្នេះការធ្វើវ៉ាក់សាំងវានឹងមានប្រសិទ្ធិភាព អាចការពារទប់ទល់ជាមួយ​ជម្ងឺមួយចំនួនបាន ។

ការដែលអ្នកចិញ្ចឹមមាន់មិនមានលទ្ធភាព ផលិតកូនមាន់ដោយខ្លួនឯងបានហើយត្រូវតែទិញ​ កូនមាន់របស់គេមកចិញ្ចឹមគួរតែពិនិត្យទៅលើប្រភពដែលយើងទិញមកនោះផងថាតើគេមានប្រវត្តិ ​មាន់ឈឺ ធ្លាប់ឆ្លងជម្ងឺ​រាតត្បាត ឬធ្លាប់មានបញ្ហានៅក្នុងកសិដ្ឋានរបស់គេដែរ ឬទេ? នេះគឺជារឿងមួយ​ដែលយើងគួរដឹងចៀសវៀង​ទិញមកហើយ តែកូនមាន់ងាប់នាំឲ្យខាតបង់ប្រាក់ចោល។

សម្លៀកបំពាក់ដែលយើងស្លៀកពាក់ចូលទៅក្នុងទ្រុងមាន់គួរត្រូវបានប្រើប្រាស់ផ្សេងៗគ្នា នេះគឺជា​វិធីបង្កា​មួយដែលគួរតែយកមកអនុវត្តន៍ ព្រោះវាអាចជួយកាត់បន្ថយបាននូវការចម្លងមេរោគពី​ខាងក្រៅចូលទៅ​ក្នុង​ ទ្រុងមាន់ដែរ ។

ជាសរុបប្រការសំខាន់ដែលអ្នកចិញ្ចឹមមាន់ត្រូវគិតគូរឲ្យបានហ្មត់ចត់មាន :

  • ទឹកត្រូវសម្លាប់មេរោគជាមុនសិនមុនពេលយកមកប្រើ
  • ចំណីត្រូវគ្របទុកដាក់ឲ្យបានត្រឹមត្រូវ
  • ក្នុងទ្រុងមិនត្រូវឲ្យមានសត្វល្អិតចូលបានដោយរាប់ទាំងឆ្កែ ឆ្មា កណ្តុរ កន្លាត ។
  • មិនត្រូវឲ្យមាន់ស៊ីចំណីប្លែកខុសពីចំណីជាប្រក្រតីរបស់វានោះឡើយ វាអាចធ្វើឲ្យមាន​រោគ​ឬ​មានជម្ងឺបាន ។
  • មនុស្សដែលមិនមានតួនាទីជាអ្នកមើលថែរក្សមាន់មិនត្រូវឲ្យចូលក្នុងទ្រុងមាន់ដាច់ខាត។
  • ពេលកូនមាន់នៅតូចត្រូវផ្តល់កំដៅឲ្យវាត្រឹមត្រូវ គឺ៣៧ ដឺក្រេ រហូតវាមានអាយុ ២១ថ្ងៃ (ជាធម្មតាត្រឹម ១៤ថ្ងៃ តែប្រាំពីរថ្ងៃទៀត គឺតែនៅពេលយប់ ព្រោះវាមានធាតុអាកាសត្រជាក់ ជាងពេលថ្ងៃ) ។
  • គ្រឿងសម្ភារៈប្រើប្រាស់ត្រូវលាងសម្អាតដោយទឹកសម្លាប់មេរោគ ឬអាចប្រើទឹកអូសាវ៉ែលលាយជាមួយ​ទឹកធម្មតាក៏បានតែមិនគួរប្រើ សាប៊ូទេ លើកលែងតែការសំអាតនោះត្រូវធ្វើក្នុងរូបភាព សំអាតទូទៅ
  • ស្បែកជើងត្រូវតែប្តូរមុនពេលចូលក្នុងទ្រុងមាន់
  • ត្រូវធ្វើវាក់សាំងឲ្យបានទៀងទាត់តាមកាលកំណត់
  • ប្រើចំណីដែលមានគុណភាពល្អត្រឹមត្រូវសម្រាប់អាយុកាលរបស់មាន់ ។ រៀបចំកន្លែងសម្រាប់ទុកចំណី ឲ្យបានត្រឹមត្រូវកុំឲ្យត្រូវទឹក ឬទឹកភ្លៀង ។

បញ្ជាក់ : ជម្ងឺមួយចំនួនកើតឡើងផ្ទាល់នៅពេលពងនោះស្ថិតក្នុងសំបុករបស់មេមាន់នោះតែម្តង ឬនៅពេលវាប្រឡាក់ជាមួយលាមកមាន់ ទីកន្លែងទុកដាក់ពងត្រូវតែស្អាតដោយរួមទាំងសំបុករបស់ មេមាន់ដែលយកទុកធ្វើពូជនោះផងដែរ បើចាំបាច់យើងអាចប្តូរទៅដាក់ជាមួយសំបុកថ្មីក៏បាន ។

* ត្រូវបញ្ជៀសមិនឲ្យមានខ្យល់បក់ចូលក្នុងទ្រុងមាន់ច្រើនពេកនោះឡើយព្រោះវា អាចឲ្យមាន់ឈឺដោយ សារមេរោគដែលរសាត់មកជាមួយខ្យល់នោះ។

* សត្វស្លាបព្រៃមិនត្រូវឲ្យមានវត្តមាននៅកន្លែងចិញ្ចឹមមាន់ ឬនៅក្បែរកន្លែងចិញ្ចឹមមាន់នោះទេ ដោយ រួមទាំងសត្វស្លាបស្រុកផងដែរ ព្រោះសត្វទាំងនោះអាចមានមេរោគជម្ងឺណាមួយនៅជាប់ជាមួយក្នុងខ្លួន របស់វាដូច្នេះបើវាជុះមកដីបាក់តេរីរបស់មេរោគអាចនឹងឆ្លងរាលដាល ចូលមកក្នុងទីកន្លែងយើងចិញ្ចឹម មាន់ដោយប្រការណាមួយជាយថាហេតុ ។ សូមប្រយ័ត្នត្រង់ប្រការនេះឲ្យបានច្រើន

* ទ្រុងមាន់ដែលមានប្រសិទិ្ធភាពអាចការពារជម្ងឺមាន់បានគឺទ្រុងមាន់ដែលមានរៀបឥដ្ឋកំពស់ ៥០សង់ទីម៉ែត្រព័ន្ធជុំវិញ ត្រូវធ្វើធ្នើសម្រាប់ឲ្យមាន់ផុតពីដីកំពស់១ ម៉ែត្រ ដើម្បីឲ្យងាយស្រួលបោស ប្រមូលកើបយកអាចម៍មាន់ចេញពីក្នុងទ្រុង ។

* ប្រើប្រាស់ថ្នាំសម្រាប់សម្លាប់មេរោគមានឈ្មោះបៃអូសូល (biosol) ១ ដបចំណុះមួយលីត្រ តម្លៃ៨ដុល្លារ សម្រាប់បាញ់ជុំវិញទ្រុងមាន់ និងទីកន្លែងក្បែរខាងដែល យើងយល់ថាអាចនាំឲ្យមានជម្ងឺ ដល់មាន់បាន ។

* មិនត្រូវឲ្យមានជម្រកទឹកជ្រាំភក់ នៅជិតកន្លែងចិញ្ចឹមមាន់នោះឡើយត្រូវលុប ឬកាយបង្ហូរចេញ រួចបាញ់ថ្នាំសម្លាប់មេរោគ៕

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: anti-chicken.pdf

វិធីសាស្រ្តការពារជម្ងឺ-ផ្តាសាយបក្សី

1

១.​ និយមន័យ ​: ផ្តាសាយ​បក្សី ​ជា​ជំងឺ​ដ៏​សាហាវ​ដែល​បង្កឡើង​ដោយ​វីរុស ហាស់​ប្រាំ អិន​មួយ (H5N1) ។ វា​កើត​ឡើង​លើ​បក្សី​គ្រប់​ប្រភេទ​ធ្វើឲ្យ​ស្លាប់​ច្រើន ហើយ​អាច​មាន​លទ្ធផល​ចំលង​ទៅ​មនុស្ស និង​ធ្វើឲ្យ​មនុស្ស​ស្លាប់​បាន​ទៀត​ផង ។​

ប្រវត្តិ​ជំងឺ​ផ្តាសាយ​ដែល​ផ្ទុះ​ឡើង​រាតត្បាត​ជា​សកល​

ជំងឺផ្តាសាយបក្សី​ដែល​ផ្ទុះ​ឡើង​រាតត្បាត​ជា​សកល គឺ​ជា​ជំងឺ​ផ្តាសាយ​ថ្មី​មួយ​ដែល​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ពិភពលោក ។​

  • ការផ្ទុះ​ផ្តាសាយ​បក្សី​អេ​ស្ប៉ាញ​រាតត្បាត​ជា​សកល ក្នុង​ឆ្នាំ ១៩១៨-១៩១៩ គឺជា​ប្រភេទ​ជំងឺ​ផ្តាសាយ H1N1 ​
  • ជំងឺ​ផ្តាសាយ​អាស៊ី​ក្នុង​ឆ្នាំ ១៩៧៥-១៩៥៨ បណ្តាលមកពី​វីរុស H2N2
  • ជំងឺ​ផ្តាសាយ​ហុងកុង​ក្នុង​ឆ្នាំ ១៩៥៧-១៩៥៨ ​- ស្ថានភាព​ផ្តាសាយ​បក្សី​នៅ​កម្ពុជា នៅក្នុង​ខែមករា ឆ្នាំ២០០៥ ប្រទេស​កម្ពុជា​មានរ​បា​យ​ការណ៍​អំពី​ករណី​មនុស្ស​​កើត​ផ្តាសាយ​បក្សី​ លើកដំបូង​ហើយ​ចាប់តាំងពី​ពេលនោះ​មក មាន​មនុស្ស​ចំនួន ៦ នាក់​បាន​ស្លាប់ ។​

២. ​ការចំលង​

​ ​សារធាតុ​សំខាន់ៗ​ដែល​អាច​បណ្តាលឲ្យ​មាន​ការចំល​ង​មានដូចជា ឈាម សំ​បោរ រោម លាមក ពោះវៀន និង​តាមរយៈ​ស៊ុត​ដែរ ។ ភាគច្រើន​បណ្តាល​មកពី​មនុស្ស​មាន​ទំនាក់ទំនង​ដោយផ្ទាល់ ឬ ជិតស្និត​ជាមួយ​មាន់ កើត​ជំងឺ ឬវត្ថុ​ផ្សេងៗ​ដែល​ប្រឡាក់​ជាប់​វីរុស ។​

៣.​ រោគសញ្ញា​នៃ​ជំងឺផ្តាសាយបក្សី​លើ​បក្សី​

​ ​ជំងឺ​នេះ​ច្រើន​តែ​កើត​ឡើង​ភ្លាមៗ​ហើយ​មាន​សត្វ​បក្សី ជាច្រើន​ងាប់​ក្នុង​ពេល​តែ​ជាមួយគ្នា ។ ការ​សំគាល់​នៃ​រោគ​សញ្ញា​សំខាន់ៗ សត្វ​បក្សី​ដែល​សំកុក ងងុយដេក ទន់ខ្សោយ និង​ដើរ​យឺតៗ អាច​ជា​សត្វ​ដែល​មាន​ជំងឺ ។​

​ ​រោគសញ្ញា​ផ្សេងៗ​ទៀត ​:

  • ​ការ​ហើម​មុខ ក្បាល សិរមាន់​ខាងលើ ខាងក្រោម និង​គន្លាក់ជើង​
  • ​ហៀរ​សំបោរ រាគ​
  • ​ហើម​សន្លាក់ជើង ជាំ ឬ របក​ស្រកា​ជើង​
  • ​សិ​រ មាន់​ខាងលើ ខាងក្រោម និង​ជើង​ប្រែ​ទៅជា​ពណ៌​ស្វាយ សំបក​ស៊ុត​ទៅជា​ទុន ឬ​ខូច​ទ្រង់ទ្រាយ​
  • ​មាន់​ងាប់​ភ្លាមៗ​ដោយ​គ្មាន​រោគសញ្ញា​

៤.​ រោគសញ្ញា​នៃ​ជំងឺផ្តាសាយបក្សី​លើ​មនុស្ស ​:

​​រោគសញ្ញា​នៃ​ជំងឺផ្តាសាយបក្សី​លើ​មនុស្ស​

​មាន​លក្ខណៈ​ស្រដៀង​គ្នា នឹង​ជំងឺ​ផ្តាសាយ​ធម្មតា​ដែរ ។ ដូច្នេះ​ត្រូវ​កត់សំគាល់​អំពី​ករណី​ដែល​អ្នកជំងឺ​មាន​ការសង្ស័យ​ដូចជា

  • ក្តៅខ្លួន​លើសពី ៣៨ អង្សា​សេ​
  • ឈឺសន្លាក់​សាច់ដុំ
  • ក្អក ដកដង្ហើម​ថប់ ឈឺ​ករ ឈឺភ្នែក ឈឺក្បាល
  • ធ្លាប់មាន​ប្រវត្តិ​ប៉ះពាល់​បក្សី ៧-១០ ថ្ងៃមុន​
  • រាគ​រូស
  • មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​អ្នកជំងឺ ឬអ្នក​ស្លាប់​ដោយសារ​ជំងឺផ្តាសាយបក្សី​រយៈពេល ៧ ថ្ងៃ កន្លងមក ។​

៥.​ វិធានការណ៍​សំខាន់ៗ​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី​

  • ចូរ​ដាក់​មាន់​ទា នៅ​ក្នុង​ទ្រុង ឬរបង​ដើម្បី​បង្កា​ការឆ្លង ជំងឺ​គ្រប់​ប្រភេទ​
  • ចូរ​សំអាត​ទីធ្លា​ក្នុង​របង​ឲ្យបាន​ស្អាត​
  • ចូរ​ដាក់​ទា និង​មាន់​ឲ្យនៅ​ដាច់​ពី​គ្នា​ដើម្បី​បង្កា​ការឆ្លង​ជំងឺ​ពីគ្នា​ទៅវិញទៅមក​
  • ចូរ​ដាក់​មាន់ និង​ទា​ដែល​ទើប​ទិញ​មក​ថ្មីៗ​ឲ្យនៅ​ដាច់​ពី​មាន់ ទាដ​ទៃទៀត​ដែល​មាន​រយៈពេល ១៤ថ្ងៃ​
  • ចូរ​ដាក់​មាន់ និង​ទា​ដែល​មាន​សុខភាព​ល្អ​ឲ្យនៅ​ដាច់​ពី​មាន់​ទា​ដែល​ឈឺ និង​តាមដាន​ត្រួតពិនិត្យ និង​ព្យាបាល​មាន់​ទា​ដែល​ឈឺ​
  • កប់​បក្សី​ ឬ​ដុត​បក្សី​ដែល​ស្លាប់ និង​កុំ​បរិភោគ​បក្សី​ដែល​ស្លាប់៕

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: avian_flu.pdf

វិធីសាស្រ្តការពារជម្ងឺ-ព្រូនហ្វាស្យូឡា

ជម្ងឺបង្កដោយព្រូនហ្វាស្យូឡាលើគោ ក្របី និងវិធានការការពារ
111

(ដកស្រង់ចេញពី មណ្ឌលព័ត៌មានកសិករជនបទ)

រក្សាសិទ្ធដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុចដោនឡូនឯកសារ PDF
Download: Fasciolosis_management_TIP

 

ការណែនាំ​-​ផលិតកម្ម​ស៊ុត​ទទួលបាន​ជោគជ័យ

ការណែនាំ​សំខាន់​ដើម្បីអោយ​ផលិតកម្ម​ស៊ុត​ទទួលបាន​ជោគជ័យ
1
(GUIDELINES FOR SUCCESSFUL EGG PRODUCTION)

  • ធ្វើការ​ស្ទាបស្ទង់​ទីផ្សារ និង​រៀបចំ​គំរោង​ចិញ្ចឹម នឹង​ថវិការ​
  • ទិញ​ពូជ​មាន់​កាត់​ដែល​ផ្តល់​ពង​ច្រើន ហើយ​ជំនួស​ហ្វូង​មាន់​ដែល​បន្ទាប់ពី​ផ្តល់​ពង​បាន ១ រឺ ២​ឆ្នាំ។​
  • សាងសង់​ទ្រុង​អោយបាន​ល្អ​, នៅ​កន្លែង​ដែល​ស្ងួត​ល្អ​, ដោយមាន​កំរាល​អង្កាម​, មាន​ខ្យល់​ចេញចូល​ល្អ និង​ដំបូល​ត្រជាក់ ។​
  • ផ្តល់នូវ​ទំហំ​ផ្ទៃ​កំរាល​គ្រប់គ្រាន់ ដើម្បី​ជៀសវាង​កំរាល​សើម រឺ​ការដាក់​មាន​ច្រើនពេក ។​
  • ផ្តល់​ស្នូក​ទឹក និង​ស្នូក​ចំណី​អោយបាន​គ្រប់គ្រាន់ ដើម្បី​កាត់បន្ថយ​ការប្រកួតប្រជែង និង​កាត់បន្ថយ​ការ​ស្ត្រេ​ស ។​
  • ផ្តល់​ទ្រនំ​ប្រវែង ១​ម៉ែត្រ និង​សំបុក​មួយ​សំរាប់​មាន់​ពង​ចំនួន ៥​ក្បាល ។​
  • ផ្ង​ល់​នូវ​អាហារ​ដែលមាន​តុល្យ​ភាពល្អ​, កំរិត​ប្រូតេអ៊ីន​ខ្ពស់​, របប​អាហារ​ជា​មូលដ្ឋាន​ដោយមាន​វីតាមីន (Vitamin) / សារធាតុ​រ៉ែ​ប្រេ​ម៉ិច (mineral premix), និង​បន្ថែម​សំបកខ្យង ខ្ចៅ ដែល​កិន​ស្រេច​សំរាប់​មាន់​ពង​ទាំងនោះ ។​
  • ផ្តល់ ​ចំណីអាហារ​ដល​ល់​មេមាន់​ជិត​ពង និង​មាន់​កំពុង​ពង​អោយបាន​ច្រើន​តាម​ដែល​វា​អាច​ស៊ី​បាន ប៉ុន្តែ​ត្រូវដាក់​ស្នូក​ទឹក និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ តម្រូវ​ទៅតាម​កំពស់ ដែលមាន់​អាច​ស៊ី​បាន ដើម្បី​លប់បំបាត់​នូវ​ការ​កំពប់ ។​
  • ត្រូវ​ធានា​អះអាងថា គ្រប់​មាន់​ទាំងអស់​ត្រូវ​ផឹកទឹក​ស្អាត​គ្រប់ពេលវេលា ។​
  • ចាក់​ថ្នាំ​ការពារ​គ្រប់​មាន់​ទាំងអស់ អាស្រ័យ​ទៅតាម​កម្មវិធី​ចាក់​ថ្នាំ​ការពារ ។​
  • ធ្វើការ​ទំលាក់​ប៉ារ៉ាស៊ីត​ខាងក្នុង និង​ខាងក្រៅ​ប្រសិនបើ​ចាំបាច់ ។​
  • ត្រូវដាក់​សត្វ​ដែលមាន​អាយុ​ផ្សេងៗ​គ្នា​អោយនៅ​ដាច់ដោយឡែក​ពីគ្នា​, ជំនួស​ហ្វូង​សត្វ​ចាស់​ចោល​ដោយ​ដាក់​ហ្វូង​សត្វ​ថ្មី​ចូល និង​មិនត្រូវ​នាំ​មាន់​ផ្សេង​ពី​ខាងក្រៅ​ចូលមកក្នុង​ទ្រុង​ឡើយ។​
  • អង្កេត​តាមដាន​សុខភាព និង​ច​រិ​កល​ក្ខៈ​របស់​សត្វ​ទាំងអស់​ជា​រៀងរាល់ថ្ងៃ និង​កត់ត្រា​អំពី​សត្វ​ងាប់ ។​
  • ថ្លឹង និង​កត់ត្រា​ទំងន់​សត្វ​, ការប្រើប្រាស់​ចំណីអាហារ ដើម្បី​ការលូតលាស់​របស់​វា​ជា​រៀងរាល់ខែ គណនា​កំណើន​ទំងន់​សត្វ និង ចំណីអាហារ​ដែល​ប្រើប្រាស់ ។​
  • ថ្លឹង​វាស់វែង និង​កត់ត្រា​អំពី​ផលិតកម្ម​ពង​ជា​រៀងរាល់ថ្ងៃ​និង ការប្រើប្រាស់​ចំណីអាហារ​ប្រចាំខែ។​
  • ប្រមូល​ពង​មួយថ្ងៃ ២​ដង​, ផ្ទុក​នៅ​កន្លែង​ត្រជាក់ និង​លក់​ស៊ុត​ទៅ​ទីផ្សារ​ជា​រៀងរាល​ល់​ថ្ងៃ ។​
  • យក​កំរាល​អង្កាម​ចេញ​នៅ​ចុងបញ្ចប់​នៃ​ការចិញ្ចឹម​ហ្វូង​មាន់​នីមួយៗ​, សំអាត​ទ្រុង និង​ជំនួស​កំរាល​ថ្មី​ចូល ។​
  • ប្រើប្រាស់ រឺ​លក់​កំរាល​អង្កាម ដើម្បី​ធ្វើជា​ជីសរីរាង្គ (organic fertiliser) រឺ សំរាប់ធ្វើ​ជី​កំ​ប៉ុ​ស្ត (compost) រឺ​ជីវឧស្ម័ន (biogas) ។​
  • គណនា​ប្រាក់ចំណេញ ដោយ​ដក​រាល់​ការចំណាយ​ផ្សេងៗ​ពី​ចំណូល​នៃ​ការលក់​មាន់ ។​
  • ប្រើប្រាស់​ប្រាក់ចំណេញ ២០​ភាគរយ (២០%) ក្នុង​ឆ្នាំ​នីមួយៗ ដើម្បី​កែលំអរ រឺ​ពង្រីក​ការចិញ្ចឹម។​

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)

ចុចដោនឡូនឯកសារ PDF
Download: success_1.pdf

ការណែនាំ-ដើម្បីចិញ្ចឹម​មាន់​ជោគ​ជ័យ

ការណែនាំ​សំខាន់ៗ​ដើម្បីអោយ​ការចិញ្ចឹម​មាន់​សាច់​ទទួលបាន​ជោគ​ជ័យ
1
(GUIDELINES FOR SUCCESSFUL POULTRY MEAT PRODUCTION)

ធ្វើការ​ស្ទាបស្ទង់​ទីផ្សារ និង​រៀបចំ​គំរោង​ចិញ្ចឹម និង​ថវិការ​

ទិញ​ពូជ​មាន់​កាត់​ដែល​ផ្តល់​សាច់​កំរិត​ខ្ពស់ សំរាប់​ការចិញ្ចឹម​មាន់​យក​សាច់ ។​

សាងសង់​ទ្រុង​អោយបាន​ល្អ​, នៅ​កន្លែង​ដែល​ស្ងួត​ល្អ​, ដោយមាន​កំរាល​អង្កាម​, មាន​ខ្យល់​ចេញចូល​ល្អ និង​ដំបូល​ត្រជាក់ ។​

ចិញ្ចឹម ​មាន់​ដាក់​ទ្រុង​ដោយ​អនុវត្តន៍​លក់​ចេញ ទិញ​ចូលក្នុង​វគ្គៗ មាន ១០ សប្តាហ៍ គឺថា ត្រូវ​ទិញ​ហ្វូង​មាន់​ថ្មី​ចូល​ជា​រៀងរាល់ ១០​សប្តាហ៍​ម្តង (៥​ក្រុម​ក្នុង ១​ឆ្នាំ​) ។​

ផ្តល់នូវ​ទំហំ​ផ្ទៃ​កំរាល​គ្រប់គ្រាន់​ដើម្បី​ជៀសវាង​កំរាល​សើម រឺ ការដាក់​មាន់​ច្រើនពេក ។​

ផ្តល់ ​ស្នូក​ទឹក និង​ស្នូក​ចំណី​អោយបាន​គ្រប់គ្រាន់ ដើម្បី​កាត់បន្ថយ​ការប្រកួតប្រជែង និង ភាពប្រែប្រួល​នៃ​អត្រា​លូតលាស់​របស់​មាន់ ។​

ផ្តល់នូវ​អាហារ​ដែលមាន​តុល្យ​ភាពល្អ​, កំរិត​ប្រូតេអ៊ីន​ខ្ពស់​, របប​អាហារ​ជា​មូលដ្ឋាន ដោយមាន​សារធាតុ​ប្រេ​ម៉ិច​ល្អ (premix) ។​

ផ្តល់ ​ចំណីអាហារ​ដល់​មាន់​ដែល​កំពុង​លូតលាស់​អោយបាន​ច្រើន​តាម​ដែល​វា​ ត្រូវការ ប៉ុន្តែ​ត្រូវដាក់​ស្នូក​ទឹក និង​ស្នូក​ចំណី ដោយ​ចង​ព្យួរ​តម្រូវ​ទៅតាម​កំពស់ ដែលមាន់​អាច​ស៊ី​បាន ដើម្បី​លប់បំបាត់​នូវ​ការ​កំពប់ ។​

ត្រូវ​ធានា​អះអាងថា គ្រប់​មាន់​ទាំងអស់​ត្រូវ​ផឹកទឹក​ស្អាត​គ្រប់ពេលវេលា ។​

ចាក់​ថ្នាំ​ការពារ​គ្រប់​មាន់​ទាំងអស់ អាស្រ័យ​ទៅតាម​កម្មវិធី​ចាក់​ថ្នាំ​ការពារ ។​

ធ្វើការ​ទំលាក់​ប៉ារ៉ាស៊ីត​ខាងក្នុង និង​ខាងក្រៅ​ប្រសិនបើ​ចាំបាច់ ។​

អង្កេត​តាមដាន​សុខភាព និង​ច​រិ​ក​លក្ខណៈ​របស់​សត្វ​ទាំងអស់​ជា​រៀងរាល់ថ្ងៃ និង​កត់ត្រា​អំពី​សត្វ​ងាប់។​

ថ្លឹង និង កត់ត្រា​ទំងន់​សត្វ​, ការប្រើប្រាស់​ចំណីអាហារ​របស់​មាន់​សាច់ ជា​រៀងរាល់ខែ​, គណនា​កំណើន​ទំងន់​សត្វ និង​ចំណីអាហារ​ដែល​ប្រើប្រាស់ ។​

ការលក់​មាន់​សាច់ គឺ​នៅ​អាយុ​ពី ៦ ទៅ ៨​សប្តាហ៍ ដោយមាន​ទំងន់​ពី ១,៥ ទៅ ២​គ​.​ក្រ នៃ​ទំងន់​រស់។​

សំអាត​ទ្រុងមាន់ និង ជំនួស​កំរាល​ថ្មី​ចូល​រៀងរាល់​ការចិញ្ចឹម​មួយ​លើកៗ។​

ប្រើប្រាស់ រឺ លក់​កំរាល​អង្កាម​ដើម្បី​ធ្វើជា​ជី សរីរាង្គ (organic fertiliser) រឺ សំរាប់ធ្វើ​ជី​កំ​ប៉ុ​ស្ត (Compost ) រឺ ជីវឧស្ម័ន (biogas)។​

គណនា​ប្រាក់ចំណេញ​ដោយ​ដក​រាល់​ការចំណាយ​ផ្សេងៗ​ពី​ចំណូល​នៃ​ការលក់​មាន់។​

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: success_feed_meat_chicken.pdf

វិធីសាស្រ្តធ្វើចំណី-កំប្លោកធ្វើជាចំណីសត្វ

1កំប្លោក ​គឺជា​ប្រភេទ​វា​រី​ជាតិ ដែល​មាន​ដុះ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ជាពិសេស​គឺ​ប្រទេស​ក្នុង​តំបន់​ ត្រូពិក អាហ្វ្រិក​អាមេរិក​កណ្តាល និង​អាស៊ី​ខាងកើត​… ។​

​សម្រាប់​ ប្រទេស​ខ្លះ​កំប្លោក​បាន​បង្ក​បញ្ហា​ជា​ច្រើន​ចំពោះ​គេ ពីព្រោះ​វា​បាន​ធ្វើឲ្យ​រាំងស្ទះ​ផ្លូវទឹក វាតទី​ចូល​ដល់​កន្លែង​ដែល​គេ​បំរុង​ទុក និង​បាន​បង្ក​បញ្ហា​ជាច្រើន​ទៀត​រាប់មិនអស់ ។​

​ប៉ុន្តែ​តាម​ ការស្រាវជ្រាវ​មួយចំនួន​គេ​បាន​រកឃើញថា កំប្លោក​គឺជា​ចំណី​សត្វ​យ៉ាង​ប្រសើរ​បំផុត​ទាំង​សម្រាប់​ជ្រូក គោ ពពែ ពីព្រោះ​វា​សម្បូ​រណ៍​ទៅ​ដោយ​សារធាតុ​ប្រូតេអ៊ីន​យ៉ាងច្រើន ។​

​​ផ្នែក​ដែល​ ត្រូវបាន​គេ​យក​ប្រើ​ធ្វើ​ពិសោធន៍​គឺ​ស្លឹក និង​ឫស ដៃ​របស់​វា ចំណែក​ដង (​ឬ​ធាង ស្លឹក​) របស់​វា​គេ​មិន​យក​ទេ ។ មាន​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​ខ្លះ​បាន​កិន​ស្លឹក​កំប្លោក​ចម្រាញ់​យក​ទឹក​របស់ ​វា​មក​លាយ​ជាមួយ​ចំណី​ដទៃ​ផ្តល់​ឲ្យ​ជ្រូក​ស៊ី​ដោយ​លាយ ទឹក​ស្លឹក​កំប្លោក​ហាន់ឲ្យ​ល្អិត​ចំនួន ៣២-៤៨% ភាគរយ​, លាយ​ជាមួយ​ពោត​, ម្សៅ​ត្រី​, ស្ករ​កាក​អំពៅ​, ម្សៅ​ឆ្អឹង ម្សៅ​សំបក​ងា​វ និង​អំបិល ។​

​តាម​រូបមន្ត​ខាងក្រោម​:

  • ស្លឹក​បូ​កឫស​កំប្លោក​ ​ ​ចំនួន​ ​៣៥% (​អាចដាក់​ដល់​៤៨%)
  • ពោត (​ម្សៅ​ឬ​កិន​)​ ​ ​ចំនួន​ ​១២-៣៦%
  • ម្សៅ​ត្រី​ស្ងួត​ ​ ​ចំនួន​ ​១០-១៧%
  • ស្ករ​កាក​អំពៅ​ ​ ​ចំនួន​ ​៣-៥%
  • ម្សៅ​ឆ្អឹង​ ​ ​ចំនួន​ ​១%
  • ម្សៅ​សំបក​ងា​វ​ ​ ​ចំនួន​ ​០,៥-២,៥%
  • អ​បិល​ ​ ​ ​ចំនួន​ ​០,៥%
  • ប្រេង​ខ្លាញ់ត្រី​ ​ ​ចំនួន​ ​៥-១២%

​យើង​អាច​លៃ​ ចំនួន​ភាគរយ​ខាងលើ​នេះ​មក​ជា​ចំនួន​ទម្ងន់​ក៏បាន ។ រូបមន្ត​ខាងលើនេះ​តាម​ដែល​យើង​បានឃើញ​គឺ​កាត់ចោល​ទាំងស្រុង​ការប្រើ​ សណ្តែកសៀង កន្ទក់ ចុង​អង្ករ ដែល​ជា​វត្ថុ​លំបាក​រក​ឲ្យបាន​ជាប្រចាំ ។​

​រូបមន្ត​ ខាងលើនេះ​ត្រូវបាន​គេ​ប្រើ​ធ្វើជា​ចំណី​ឲ្យ​ជ្រូក ។ សម្រាប់​មាន់​ទា​វិញ យើង​ចាំបាច់​ត្រូវ​លាង​ស្លឹក និង​ឫស ឬ​ដៃ​ទាំងនោះ​ឲ្យ​ស្អាត​ទើប​យក​មក​កិន​ឬ​ចិញ្ច្រាំ​ឲ្យ​ខ្ទេច​មុន​ដាក់​លាយ​ ជាមួយ​វត្ថុធាតុដើម​ផ្សេងទៀត ។ មុន​និង​យក​មក​លាយ​ចាំបាច់​ត្រូវ​ហាល​វាឲ្យ​ស្ងួត​សិន​ទើប​កិន​ឲ្យ​ខ្ទេច​ជា ​ក្រោយ ។​

​សម្រាប់​ ប្រទេស​ខ្លះ​គេ​មាន​ពិសោធន៍​ផ្សេង​វិញ ដោយ​គេ​កាត់​កំប្លោក​ឲ្យមាន​ទំហំ​តូចៗ ឬ​ល្អិតៗ​ល្មម គេ​ដាក់​កំប្លោក​នោះ​ស្ងោរ​រហូត​ផុយ​លើក​ចេញ​ទុក​ឲ្យ​ត្រជាក់ (​នៅក្តៅ​អ៊ុនៗ​) ទើប​លាយ​គ្រឿងផ្សំ​ផ្សេងៗ​ទៀត​ចូល សម្រាប់​ធ្វើ​ជា​ចំណី​ជ្រូក (​វា​ក៏​អាច​ឲ្យ​ស៊ី​របៀប​ដូចគ្នានេះដែរ​) ។​

​នៅ​ប្រទេស​ កម្ពុជា​យើង​សម្បូរណ៍​កំប្លោ​កណាស់​ភាគច្រើន​នៅ​តាមបឹង​ព្រៃ ដៃ​ទន្លេ ស្រះ​ត្រពាំង​ជាដើម ។ បើ​យើង​យល់​ថា​យើង​មាន​កំប្លោក​ច្រើន ឬ​អាច​រកបាន​គ្រប់គ្រាន់ យើង​អាច​យក​វា​មក​ធ្វើ​ចំណី​ឲ្យ​សត្វ​ស៊ី​បាន ទោះបី​មិន​បាន​ផ្សំ​បាន​តាម​រូបមន្ត​ខាងលើ​ក៏ដោយ ក៏​យើង​នៅ​អាច​យក​វា​មក​បប​រលាយ​ជាមួយ​អ្វីៗ​ផ្សេង​ទៀត​ដែល​យើង​អាច​រកបាន ពីព្រោះ​កំប្លោក​មាន​ប្រូតេអ៊ីន​រហូតដល់ ២២.៦% (​នៅក្នុង​ស្លឹក​កំប្លោក​) ។​

​មិនមែន​មាន​ តែ​ចំណី​រោងចក្រ​ទេ​ដែល​មាន​ប្រសិទ្ធភាព​អាច​ឲ្យ​យើង​ប្រើ​ធ្វើ​ជា​ចំណី​បាន ​នោះឡើយ សូម្បី​វា​រី​ជាតិ តួយ៉ាង​ដូចជា កំប្លោក ចក ត្រកួន ទង​និង​ស្លឹក​ដំឡូងជ្វា មើម​ដំឡូងជ្វា ស្លឹក​និង​ដំឡូងឈើ ស្លឹក​ក្តាតហោរ៉ា​, ស្លឹក​-​ធាង​-​មើមត្រាវ​ព្រៃ​ក៏​ជា​ប្រភេទ​ចំណី​មួយ​ដ៏​សំខាន់​សម្រាប់​ ជ្រូក​មាន់​ទា​ដែរ បើ​យើង​អាច​រក​វា​បាន​តាម​ចំនួន​មួយ​ដែល​យើង​ត្រូវការ ។​

​​នៅ​ប្រទេស​ ជិតខាង​យើង​គេ​មាន​បង្កើត​សហគមន៍​ចិញ្ចឹម និង​ថែរក្សា​កំប្លោក ចក សម្រាប់​ចែក​គ្នា​យក​មក​ធ្វើ​ជា​ចំណី​សត្វ ការថែរក្សា និង​ការប្រមូល​ផល​ត្រូវ​បាន​ធ្វើឲ្យ​មាន​តុល្យ​ភាព ដើម្បី​រក្សា​និរន្ត​ភាព​របស់​វា​ដោយ​មិន​ឲ្យ​បាត់បង់​ទោះបី​ក្នុង​ រដូវប្រាំង​ក៏ដោយ ។​

​ការណែនាំ​ កសិករ​យកចិត្តទុកដាក់​ចិញ្ចឹម ចក កំប្លោក ត្រកួន​អាច​ជួយ​សម្រាល​បន្ទុក​លើ​ការចំណាយ​របស់​គាត់ និង​ទទួលបាន​ចំណេញ​ច្រើន​នៅ​ពេល​គាត់​លក់​សត្វ​ទាំងនោះ​ចេញ៕

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: hyacinth.pdf

វិធីសាស្រ្តធ្វើចំណី-​ប្រទាល​កន្ទុយក្រពើ​ធ្វើលូតលាស់​ មាន់ ទា​

​ប្រទាល​កន្ទុយក្រពើ​ជម្រុញ​ការលូតលាស់​របស់ មាន់ ទា​
1តាម ​ការស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន គេ​បាន​រកឃើញថា ​សា​ច់សៗ​នៅក្នុង​ធាង​របស់​ប្រទាល​កន្ទុយក្រពើ​មាន​ប្រយោជន៍​យ៉ាងច្រើន​ដល់​ ការលូតលាស់​របស់​មាន់។​

​ជាធម្មតា​ ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេ​យកមកប្រើ​ធ្វើជា​ថ្នាំកែរោគ និង​ព្យាបាល​រោគ​ដំបៅ ​គ្រឿង​រំលាយ​អាហារ និង​រោគ​ជាច្រើន​មុខ​ទៀត ។ ក្រៅពីនេះ​វា​ក៏ត្រូវ​បាន​គេ​យកមក​ផលិត​ជា​ភេសជ្ជៈ និង​គ្រឿងសំអាង​ស្បែក​ផងដែរ ។​

​ដោយហេតុថា​ ចំណី​មាន់​កាន់តែ​មានតម្លៃ​ថ្លៃ វត្ថុធាតុដើម​សម្រាប់​យកមក​ផ្សំ​ជា​ចំណី​មាន់​ក៏​កាន់តែ​ថ្លៃ ថែម​ពីលើ​នេះ​ទៀត​ការដឹកជញ្ជូន​ក៏មាន​តម្លៃ​ថ្លៃ​ជាង​មុន​ វាបានធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន និង​សិប្បកម្ម​ផលិត​សាច់​ពីស​ត្វ​ស្លាប ងាក​ទៅរក​វិធី​ផ្សេង​ក្រៅពី​ចំណី ដើម្បី​ជម្រុញ​ឲ្យ​ការលូតលាស់​របស់​មាន់​មាន​សន្ទុះ​លឿន​ជាង​ធម្មតា ដោយ​មិន​ប្រើ​បច្ចេកទេស​វិទ្យាសាស្ត្រ ឬ​ថ្នាំពេទ្យ​ជា​ជំនួស​ឡើយ, ប៉ុន្តែ​ប្រើប្រាស់​របៀប​មួយ​យ៉ាង​សាមញ្ញ​បំផុត គឺ​សាច់​របស់​ដើម​ប្រទាល​កន្ទុយក្រពើ ។​
1

​មុនពេល​ សាកល្បង​គេ​បាន​បញ្ជូន​សា​ច់សៗ របស់​ប្រទាល​កន្ទុយក្រពើ ដែល​គេ​ប្រមូល​បានមកពី​ច្រើន​ភូមិសាស្ត្រ ដើម្បី​ពិនិត្យ​រក​សារធាតុពុល ឬ​ការប៉ះពាល់​ណាមួយ​ដល់​សុខភាព​មាន់ ។ មន្ទីរពិសោធន៍​ផ្នែក​ដំណាំ​យក​មើម និង​ស្លឹក​នៃ​ប្រទេស​ហ្វីលីពីន​បាន​ឆ្លើយតប​មកវិញ និង​បាន​បញ្ជាក់ថា សាច់​របស់​ប្រទាល​កន្ទុយក្រពើ​ពុំមាន​សារធាតុពុល​ណាមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​សុខភាព​មាន់ ឬ​អាច​ឲ្យ​វា​ស្លាប់​បាន​នោះឡើយ ។​

​បន្ទាប់ពី​ ទទួលបាន​ចម្លើយ​ច្បាស់លាស់​បែបនេះ​ ម្ចាស់​កសិដ្ឋាន​បាន​យក​សាច់​ប្រទាល​កន្ទុយក្រពើ​ចិត​យកតែ​សាច់​សៗ កិន​ឲ្យ​ម៉ដ្ឋ​ច្រោះ​យក​ទឹក​របស់​វា​មក​លាយ​ជាមួយ​ទឹក​ធម្មតា​ឲ្យ​មាន់​ផឹក ។​

​ដើម្បី​រក​ ឲ្យ​ឃើញថា តើ​វា​មានការ​ប្រែប្រួល​ដែរឬទេ ចំពោះ​ការលូតលាស់​របស់​មាន់ បើសិនជា​គេ​ឲ្យ​វា​ផឹកទឹក​ប្រទាល​កន្ទុយក្រពើ​លាយ​ជាមួយ​ទឹក​ធម្មតា ។​

​នៅក្នុង​ ការពិសោធន៍​នេះ, គេ​បាន​យក​មាន់ (​មាន់​សាច់​) ចំនួន ៩០​ក្បាល មក​ចិញ្ចឹម​ក្នុង​រយៈវេលា​ចំនួន ៤២​ថ្ងៃ ដោយ​ឲ្យ​ស៊ី​ចំណី​ក្នុង​បរិមាន​ដូចគ្នា ប៉ុន្តែ​ទឹក​សម្រាប់​វា​ផឹក​ គឺមាន​ទឹក​លាយ​ប្រទាល​កន្ទុយក្រពើ​ចម្រាញ់​រួច ចាប់ពី 5ml, 10ml, 20ml លាយ​ជាមួយ​ទឹក​ធម្មតា​ឲ្យ​មាន់​ក្រុមទី​១ ផឹក ដែលមាន​ចំនួន ៤៥​ក្បាល ចំណែក​មាន់​ក្រុមទី​២ មិនមាន​លាយ​ទឹក​ចម្រាញ់​ប្រទាល​កន្ទុយក្រពើ​ឲ្យ​ទេ គឺ​ឲ្យ​វា​ផឹក​តែ​ទឹក​ធម្មតា​ប៉ុណ្ណោះ ។​

​​នៅ​ទីបញ្ចប់ ​នៃ​ការពិសោធន៍​គេ​បាន​រកឃើញថា មាន់​ដែល​បានផ្តល់​ទឹក​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មានការ​លូតលាស់​ ច្រើនជាង​មាន់​ដែល​មិនបាន​ផឹកទឹក​លាយ​នោះ ។​

​​* មាន់​ដែល​បាន​ផឹកទឹក​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មាន​ទម្ងន់ :

​៣១៤៨.៨៩​ក្រាម ទៅ ៣៣៨៧.៧៨​ក្រាម (​ផ្តល់ 15ml, ទៅ 20ml នៃ​ប្រទាល​)

​​* មាន់​ដែល​មិនបាន​ផឹកទឹក​លាយ​ជា​ក្រុមទី​២ មាន​ទម្ងន់​ត្រឹមតែ ២២៣៧.២២​ក្រាម និង​ទាប​ជាង​នេះ។​

​យោងតាម​ ការពិសោធន៍​នេះ​គេ​បាន​រកឃើញថា មាន់​ដែ​ល​បានផ្តល់​ប្រទាល​កន្ទុយក្រពើ​ចំនួន 15ml, ទៅ 20ml មានការ​លូតលាស់​ច្រើនជាងគេ​គឺមាន​ការលូតលាស់​លឿន​ខុសពី​ការលូតលាស់​បែប​ ធម្មតា​រហូតដល់ 30% ។

​នៅក្នុង​ ប្រទាល​កន្ទុយក្រពើ​មាន​ផ្ទុក​ដោយ​វិ​តា​មីន​, ជាតិ​រ៉ែ និង​សារធាតុ​ដទៃទៀត​រហូត​ដល់ ៧៥​មុខ, អាច​ថា​នេះ​គឺជា​មូលហេតុ​មួយ​ដែល​បាន​ជួយ​ជំ​រុញ​ឲ្យ​មាន់​មានការ​លូតលាស់​ បាន​លឿន​បែបនេះ ។​

​ក្នុងពេល​ ថ្មីៗ​នេះដែរ​ អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅក្នុង​ប្រទេស​អេស្បាញ​បាន​បង្កើន​សារធាតុ​ អន្ធិលៗនេះ​ពី​ប្រទាល​កន្ទុយ​ក្រ​ពើ​សម្រាប់​ជួយ​រក្សា​គុណភាព​បន្លែ និង​ផ្លែឈើ​កុំ​ឲ្យ​ងាយ​ឆាប់​ខូច និង​រក្សាទុក​បាន​ក្នុង​រយៈពេល​យូរ ។​

​អ្នក​ដែលមាន​ ចិញ្ចឹម​មាន់ ទា តាម​ផ្ទះ​តិចតួច​ក្តី​ច្រើនក្តី គួរ​ដាំ​ប្រទាល​កន្ទុយក្រពើ​នេះ ហើយ​ប្រើវា​សម្រាប់​លាយ​ជាមួយ​ទឹក​ឲ្យ​មាន់​ផឹក អាច​នឹង​ជួយ​ឲ្យ​មាន់ ទា ធំ​លូតលាស់​បាន​លឿន​ជាង​ធម្មតា …៕

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file01_1.pdf

 

វិធីសាស្រ្តធ្វើចំណី-មើម​ដំឡូងឈើ និង​ស្លឹក​ជា​ចំណី​​ជ្រូក មាន់

ផ្អក​មើម​ដំឡូងឈើ និង​ស្លឹក​ជា​ចំណី​ដ៏​ល្អ​សម្រាប់​ជ្រូក មាន់ ទា
1

ដោយ ​យល់ឃើញថា ចំណី​ដែល​ផលិត​ចេញពី​រោងចក្រ​មាន​តម្លៃ​ថ្លៃ មិន​អាច​ឲ្យ​អ្នក​ចិញ្ចឹមសត្វ​អាច​រក​ចំណេញ​បាន ជាពិសេស​គឺ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូចជា ប្រទេស​កម្ពុជា​យើង​ជាដើម ។​

​ ​ការកែច្នៃ​យក​ដំឡូងឈើ​មក​ផ្អាប់​ជាមួយ​ស្ករ​ទុក​សម្រាប់​ធ្វើជា​ចំណី​ឲ្យ​ ជ្រូក ត្រូវបាន​ប្រទេស​មួយចំនួន​កំពុង​យក​ទៅ​អនុវត្តន៍ ដោយ​ទទួលបាន​ជោគជ័យ​ដ៏​មិន​គួរឲ្យ​ជឿ ។​

​ ​ជាធម្មតា​នៅក្នុង​មើម​ដំឡូងឈើ មាន​ផ្ទុក​ដោយ​សារធាតុពុល​បន្តិចបន្តួច​នៅ​ក្នុង​នោះ បើសិន​យើង​មិន​បន្សាប​វា​សិន​ទេ វា​អាច​បណ្តាលឲ្យមាន​បញ្ហា​ចំពោះស​ត្វ​ចិញ្ចឹម​របស់​យើង​បាន ។​

​​ជាច្រើន​ឆ្នាំ​មកនេះ​គេ​បាន​សិក្សា​ទៅលើ​វិធីសាស្ត្រ​មួយចំនួន ដែល​អាច ៖

  • ​​បន្សាប​សារធាតុពុល​ចេញពី​ដំឡូង​
  • ​​បង្កើន​គុនភាព​សារធាតុចិញ្ចឹម​របស់ដំឡូង​
  • ​​រក្សាទុក​ដំឡូង​បាន​រហូត​ច្រើន​ខែ​
  • ​​កាត់បន្ថយ​ចំណាយ​ទៅលើ​ចំណី​
  • ​​មាន​តម្លៃថោក​
  • ​​ងាយ​​រកបាន​ក្នុង​តំបន់​របស់​យើង​រស់នៅ​
  • ​មិន​មាន​ភាព​ស្មុក​ស្មាញ​ច្រើន​ចំពោះ​វិធី​ធ្វើ​
  • ​​សត្វ​អាច​លូតលាស់​ធំធាត់​ដូច​ផ្តល់​ចំណី​ផ្សំ​ដែរ

​​យើង​អាច​ប្រើប្រាស់​ដំឡូង​ទាំង​ពីរ​ប្រភេទ​បាន​គឺ ទាំង​ដំឡូងជ្វា និង​ដំឡូងឈើ (​យើង​អាច​ធ្វើ​ផ្អក​មើម និង​ស្លឹក តែ​ត្រូវធ្វើ​ផ្សេងៗ​គ្នា​) ។​

​​អ្វី​ដែល​យើង​ត្រូវការ​នោះ​គឺ មើម​ដំឡូងឈើ ឬ​មើម​ដំឡូងជ្វា និង​ស្ករ​កាក​អំពៅ (Molasses) ពាង​ដី ឬ​ធុង​ជ័រ សម្រាប់​ផ្អាប់ ។​

​ ​ដំបូង​យើង​យក​ពាង​មួយ​ស្អាត (​ពាង​ដី​ដាក់​ថង់ប្លាស្ទីក​ខាងក្នុង ពាង​ធម្មតា​បើ​គ្មាន​ពាង​ដី​) មក​លាង​ឲ្យ​ស្អាត ។ បក​ដំឡូងឈើ​យក​សំបក​ចេញ រួច​លាង​ទឹក​វាឲ្យ​ស្អាត​សារជាថ្មី ដាក់​ដំឡូង​ដែល​បាន​លាង​រួចហើយ​នេះ​ហាល​នៅលើ​កន្ទេល​ផុតពី​ដី ដើម្បី​សម្ងួត​ជាតិ​ទឹក​ខ្លះ​ចោល និង​ដើម្បី​បន្សាប​ជាតិពុល​នៅក្នុង​នោះ​ខ្លះ​ចោល​ចេញ ។​

​​ប្រើប្រាស់​ចានដែក​មួយ​ធំ​ល្មម​សម្រាប់​ដាក់​ស្ករ​កាក​អំពៅ (​មាន​លក់​នៅ​ខាងកើត​ផ្សា​ដេប៉ូ ជី​អ៊ី​អឹម​) ចូល ។ ដំឡូង​ចំនួន 10Kg ត្រូវការ​ស្ករ​កាក​អំពៅ 2Kg ។​

ប្រឡាក់​ស្ករ​កាក​អំពៅ​នេះ​ជាមួយ​ដំឡូងឲ្យស​ព្វ​ល្អ​រួច​ដាក់​វា​តម្រៀប​ចូលក្នុង​ពាង ឬ​ថង់ប្លាស្ទីក​រហូត
1

ដំឡូង ដែល​យើង​ត្រូវ​ប្រើ​ការ​បាន​ប្រឡាក់​អស់​ស្ករ​ដែល​សល់ (​បើ​មាន​ត្រូវ​កៀរ​ដាក់ចូល​ឲ្យអស់​) ចង​មាត់​ពាង​ឲ្យ​ជិត​បើ​ប្រើ​ថង់ប្លាស្ទីក​វិញ ត្រូវ​ចងវា​ឲ្យ​ជិត​ដែរ តែ​ត្រូវ​ច្របាច់​យក​ខ្យល់​ចេញ​ឲ្យអស់​សិន។ រក្សា​វា​ទុក​នៅ​ទីកន្លែង​មួយ​ដែល​មិន​មាន​ពន្លឺ​ថ្ងៃ មាន​សីតុណ្ហភាព​ត្រជាក់​ល្មមប្រមាណ ២៥-៣០ អង្សា ។ យើង​ត្រូវ​រក្សា​វា​ទុក​បែប​នេះ​ចំនួន ២​សប្តាហ៍​យ៉ាង​ជិត​បំផុត​មុន​ដាក់​ឲ្យ​ជ្រូក​ស៊ី ការ​ផ្អាប់​នេះ​ត្រូវ​ធ្វើឲ្យ​បាន​យូរ​ទើប​ជា​ការល្អ ដើម្បី​ឲ្យ​វា​បង្កើន​ប្រូតេអ៊ីន​បាន​ច្រើន ។​

​ ​ចំពោះ​ស្លឹក​ដំឡូង​វិញ យើង​អាច​ធ្វើ​តាម​វិធី​ដូចគ្នា ប៉ុន្តែ​ស្ករ​កាក​អំពៅ​ត្រូវ​យក​មក​លាយ​ជាមួយ​ទឹកស្អាត ក្នុង​កំរិត​ទឹក ១​លីត្រ ដាក់​ស្ករ 1Kg (១=១) បាញ់​ស្រោច​លើ​ស្លឹក​ដំឡូងឲ្យស​ព្វ​ល្អ​បន្ទាប់ពី​បាញ់​ទឹក​ស្ករ​រួច ត្រូវ​ច្រប​ល់វា​ឲ្យ​សព្វ​ល្អ​ទើប​ច្រក​ដាក់​ក្នុង​ធុង ឬ​ពាង​ទុក​ប្រើការ យើង​ត្រូវ​ផ្អាប់​វា​ទុក​បែប​នេះ​ចំនួន ៤​សប្តាហ៍ មុន​ពេល​យកមក​ធ្វើ​ជា​ចំណី​ឲ្យ​មាន់ ទា ជ្រូក ស៊ី ។​

​ ​ប្រសិទ្ធិភាពរបស់​ផ្អក​ដំឡូង​នេះ​គឺ ប្រសើរ​ច្រើន​ជាង​វិធី​ដទៃ វា​ងាយស្រួល​រក និង​មាន​តម្លៃថោក ។ បើ​យើង​មិន​អាចរ​កស្ករ​កាក​អំពៅ​បានទេ យើង​អាច​ប្រើ​ទឹកត្នោត​ក៏បាន តែ​ត្រូវ​ដាំ​វាឲ្យ​ពុះ​សិន​មុន​យក​មក​ប្រើការ៕

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: file01_3.pdf

 

វិធីសាស្រ្តធ្វើចំណី-រុក្ខជាតិ​​ប្រើ​​ជា​ថ្នាំ អង់ទីប៊ីយូទិ​កសត្វ​ស្លាប

រុក្ខជាតិ​​ប្រើ​ធ្វើ​ជា​ថ្នាំ អង់ទីប៊ីយូទិ​កសម្រាប់​សត្វ​ស្លាប (​មាន់ ទា​)
1

ការ ​ចិញ្ចឹម​មាន់ គឺជា​រឿង​មួយ​សាមញ្ញ​ណាស់​នៅ​ប្រទេស​កម្ពុជា​យើង​ហើយ​ក៏​គ្មាន​អ្វី​ចម្លែក​ ដែរ សម្រាប់​ការ​ចិញ្ចឹម​មាន់​តាម​ផ្ទះ​។​

​ទោះបីជា​ការ​ ចិញ្ចឹម​មាន់​ជា​រឿង​មួយ​ធម្មតា​មែន ប៉ុន្តែ​អ្នក​ចិញ្ចឹម​តែងតែ​ជួបប្រទះ​បញ្ហា​មួយចំនួន ដែល​មិន​អាច​គ្រប់គ្រង​បាន គឺ​ការការពារ​មាន់​ទា​ពី​ជម្ងឺ​ផ្សេងៗ ដែល​តែងតែ​រាតត្បាត​ធ្វើឲ្យ​សត្វ​មាន់​ទា​ងាប់ បណ្តាលឲ្យ​មាន​ការខាត​បង់​ប្រាក់​ជារឿយៗ ។​

នៅ​ប្រទេស​ ហ៊ី្វ​លី​ពី​ន គេ​បាន​សាកល្បង​យក​ផ្កា​និង​ស្លឹក​ផ្កាស្បៃរឿង​ចំនួន ៥០ គ្រាប់ មក​ដាំ​រំងាស់​ជាមួយ​ទឹក​ចំនួន ៥ លីត្រ រយៈពេល​ចំនួន​១០ នាទី បន្ទាប់មក​គេ​ច្រោះ​យកតែ​ទឹក​នោះ ច្រក​ដាក់​ដប​ស្អាត​មួយ ( យក​ដប​ទឹក​សុទ្ធ​ដោយ​ទឹក​សុទ្ធ​ចេញ ) ចាក់ទឹក​រំងាស់​ពី​ស្លឹក និង ផ្កាស្បៃរឿង​នេះ​ចូល។ ទឹក​នេះ​ត្រូវបាន​គេ​ដាក់​ឲ្យ​សត្វ​មាន់​ផឹក​ដូច​ទឹក​ធម្មតា គឺ​ជំនួស​ទឹក​ធម្មតា​ទាំងស្រុង ឬ អាច​ដាក់​ឲ្យ​វា​មួយ​ថ្ងៃ​ចំនួន​៣ ដង។​

​លទ្ធផល​ដែល​ គេ​ទទួលបាន​គឺ​ល្អ​ជា​ទីបំផុត ដោយ​មាន់​ដែល​ត្រូវបាន​គេ​ឲ្យ​ទឹក​រំងាស់​ផ្កា​ស្បៃរឿង ផឹក មាន​ការកើនឡើង​ទម្ងន់​និង​ធន់​បាន​ជាមួយ​ជម្ងឺ មាន់​ស៊ី​ច្រើន​ជាង​ធម្មតា មាន់​មាន​សុខភាព​ល្អ។
1​ក្រៅពីនេះ​គេ​បាន​រកឃើញ​ទៀតថា ស្លឹក​និង​ផ្កាម្លិះ​មាន​ប្រសិទ្ធភាព ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ផ្កាស្បៃរឿង​ដែរ។​

​​ហេតុនេះ សម្រាប់​អ្នក​ចិញ្ចឹម​មាន់​ទា​សូម​ដាំ​ស្លឹក​និង​ផ្កាស្បៃរឿង​លាយ​ជាមួយ​ ផ្កាម្លិះ ឲ្យ​មាន់​ទា​ផឹក វា​និង​ជួយ​ធ្វើឲ្យ​សត្វ​ទាំងនេះ​ឈ្នះ​ជម្ងឺ លូតលាស់​ធំធាត់​លឿន ស៊ី​ចំណី​ច្រើន កាត់បន្ថយ​កង្វល់ ពី​រឿង​សត្វ​ឈឺ​បាន​មួយចំណែក​ធំ កាត់បន្ថយ​បាន​នូវ​ការខាតបង់ បង្កើនបាន​ប្រាក់ចំណូល​ក្នុង​គ្រួសារ។

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)

ចុចដោនឡូនឯកសារ PDF  Download: file02.pdf

វិធីសាស្រ្តធ្វើចំណី-វត្ថុធាតុដើម​​​ចិញ្ចឹម​មាន់​ទា

វត្ថុធាតុដើម​សម្រាប់​អ្នក​ចិញ្ចឹម​មាន់​ទា
1ការស្វែងរក ​ប្រភព​វត្ថុធាតុដើម មក​ផ្សំ​ជា​ចំណី​មាន់​ទា គឺជា​រឿង​មួយ​លំបាក​ជាងគេ ព្រោះតែ​ប្រភព​នៃ​គ្រឿងផ្សំ​មាន​ពុំ​ទៀងទាត់ ឯ​តម្លៃ​ទៀតសោត​ក៏​

​ ផ្លាស់ប្តូរ​ជារឿយៗ​ទៅតាម​អត្រា​នៃ​ការ​ប្តូរប្រាក់​ក្នុង​ទីផ្សារ​ដែរ​។ ​វត្ថុ​សំខាន់​ជាងគេ​សម្រាប់​ផ្សំ​ជា​ចំណី​មាន់​ទា​មាន​ចំនួន​៧​មុខ​ហើយ​វា​ ចាំបាច់​ត្រូវតែមាន​សឹង​មិនអាច​ខ្វះ​បាន បើសិនជា​យើង​ចិញ្ចឹម​មាន់​ទា​ក្នុង​ទ្រង់ទ្រាយ​មួយ​ធំ​បង្គួរ​។​

​ស្រូវ : យើង​អាច​កិន ( កិនបំបែក​) ឲ្យ​វា​បែក​ទៅជា​ម្សៅ​ទាំងមូល​តែម្តង នោះ​យើង​នឹង​បានទទួល​ទាំង​កន្ទក់​អង្ករ​រួមគ្នា បើសិនជា​រូបមន្ត​ផ្សំ​ចំណី​បង្គាប់​ថា​យើង​ត្រូវមាន​កន្ទក់ និង ចុងអង្ករ​តែ​អត្រា​កន្ទក់​នោះ​មាន​ច្រើនជាង​ចុងអង្ករ ដូច្នេះ​ដើម្បី​ឲ្យ​ត្រឹមត្រូវ​តាម​រូបមន្ត​ផ្សំ យើង​ត្រូវមាន​ចុងអង្ករ​ផ្សេង កន្ទក់​ផ្សេង​យកមក​ផ្សំគ្នា ដើម្បី​ធ្វើដូច្នេះបាន យើង​ត្រូវមាន​ម៉ាស៊ីនកិនស្រូវ​តូច​មួយ កិន​ឲ្យ​ចេញ​ជា​អង្ករ​ដោយ​លៃ​ធ្វើយ៉ាងណា​ឲ្យ​វា​ខ្ទេច​បែក​ជា​បី​បួន​កំណាត់ ឬ​លើស​នេះ តែ​នៅ​មើលឃើញ​កំទេច​អង្ករ​ផ្នែក​ដែល​នៅសល់ យ​កវាម​កលាយ​នៅ​ជាមួយ​ស្រូវ រួច​បញ្ចូល​ក្នុង​ម៉ាស៊ីន​វៃ​វា​ឲ្យ​ម៉ដ្ឋ​ល្អ ដោយ​ប្រើ​តម្រង ( កញ្ច្រែង ) មាន​រន្ធ​តូចៗ ដើម្បី​ឲ្យ​វា​កើតជា​កន្ទក់​លេខ​មួយ ដោយ​ការធ្វើ​របៀបនេះ​យើង​មិនសូវ​ខាត​ច្រើន​ទេ ព្រោះ​គ្មានអ្វី​ត្រូវ​បោះចោល​ឡើយ​។​

​ពោត : ពោត យើង​អាច​ស្វែងរក​ទិញ​បាន​នៅ ផ្សារ​ដើម​គរ ផ្សារ​អូ​ឬ​ស្សី​ក្នុងតម្លៃ​ប្រហែល 1600-2000 រៀល ក្នុង​មួយ​គីឡូក្រាម (​តម្លៃ​មានការ​ប្រែ​ប្រូ​ល ) បើសិនជា​កន្លែង​ចិញ្ចឹមសត្វ​យើង​មាន​ទីតាំង​នៅក្រៅ​ក្រុង យើង​គួរ​រក​ទិញ​តាម​ចំការពោត​គេ វា​មានតម្លៃ​ត្រឹមតែ 1200-1300 រៀល ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​យើង​កិនបំបែក​វា​ឲ្យ​នៅសល់​ត្រឹម​ទំហំ​ប៉ុន​ ជើងធូប ឬ​ធំ​ជាង នោះ​បន្តិច ដើម្បី​កុំ​ឲ្យ​មានការ​ខាតបង់ យើង​គួរ​ត្រាំ​ពោត​នោះ​ក្នុង​ទឹក​ល្បាយ​អ៊ី​អ៊ឹម ឲ្យ​បាន​ចំនួន ១​ម៉ោង​សិន​(​សម្រាប់​ប្រើ​ក្នុង​១​ថ្ងៃ ) ដើម្បី​កុំ​ឲ្យ​វា​ហុយ​ប៉ើង​អស់​ខ្លះ​ពេល​យើង​កិន​វា តែ​ការធ្វើ​បែបនេះ​គឺ​សម្រាប់តែ​ឲ្យ​សត្វ​ស៊ីក្នុង​១​ថ្ងៃ​ប៉ុណ្ណោះ កុំ​ទុក​ដល់​ថ្ងៃស្អែក បើ​យើង​ចង់ទុក​វា​ដល់​ស្អែក ត្រូវដាក់​ហាល​វា​ឲ្យ​ស្ងួត​ល្អ​សិន​។ ចុងអង្ករ ពោតក្រហម និង​កន្ទក់ ជា​ប្រភព​ចំណី​មួយ​យ៉ាងសំខាន់​សម្រាប់​ផ្តល់​ប្រូតេអ៊ីន​ដល់​ សេចក្តីត្រូវការ​របស់​ស​ត្វ តែ​ទាំងបី​មុខ​ខាងលើនេះ វា​មិន​គ្រប់គ្រាន់​សម្រាប់​សត្វ​ទាំង​ទ្រុង​ឡើយ

​យើង​ចាំបាច់​ត្រូវមាន​វត្ថុ​បំប៉នបន្ថែម​ផ្សេងទៀត ដើម្បី​ជួយ​ឲ្យ​ការលូតលាស់​របស់​សត្វ​ត្រឹមត្រូវ​តាម​អាយុកាល​របស់​វា​។​

​ម្សៅ​ត្រី : កាលពី​ច្រើន​ឆ្នាំមុន យើង​អាច​ទិញ​ត្រី​ល្អិត​ប្រភេទ​ត្រី​ប្រហុក​មក​ហាល​ទុក​សម្រាប់​លាយ​ជាមួយ​ ចំណី តែ​សព្វថ្ងៃ​យើង​មិនអាច​រក​ទិញ​វា​បាន​ទៀតឡើយ ហើយក៏​មានតម្លៃ​ថ្លៃ​ផង ដូច្នេះ​យើង​មាន​វិធី​តែមួយគត់ គឺ​ត្រូវ​ទិញ​ម្សៅ​ត្រី ដែល​គេ​មាន​លក់​ស្រាប់​។ ក្នុង​ពេលនេះ ម្សៅ​ត្រី​វា​មានតម្លៃ​ប្រមាណ 4500 រៀល ក្នុង​មួយ​គីឡូក្រាម​យើង​ត្រូវការ​ម្សៅ​ត្រី​ដើម្បី​ឲ្យ​វា​បង្គ្រប់​បន្ថែម ​ផ្នែក​ប្រូតេអ៊ីន​ដល់​មាន់​។

​ យើង​មិន​អាចដាក់​ចោល​មិន​ផ្សំ​ម្សៅ​ត្រី​ចូល​បានឡើយ ព្រោះ​ស្ទើរ​គ្រប់រូប​មន្ត​ចំណី​មាន់​ទា​សឹង​បាន​តម្រូវ​ឲ្យ​មាន​ប្រូតេអ៊ីន ​ប្រភេទ​សាច់ គឺ​ម្សៅ​ត្រី​នេះ វា​ត្រូវបាន​គេ​កំណត់​ឲ្យ​លាយ​ក្នុង​អត្រា​ប្រហែល​នៅ​15-20 ភាគរយ​ក្នុង​ចំណី 100 គីឡូក្រាម​។​

​ម្សៅ​សំបកខ្យង ងាវ លៀស : វា​ផ្តល់​កាល់ស្យូម​បង្កើន​ការ​លូត​ឲ្យ​សំបក​ពង​ក្រាស់ មាន់​សំបូរ​ពង យើង អាច​លាយ​វា​ក្នុង​អត្រា 2 ទៅ 5 ភាគរយ​ក្នុង​ចំណី 100 គីឡូក្រាម វា​មានតម្លៃ​ត តែ​700 រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូ​។​

ម្សៅ​ឆ្អឹង : យើង​ត្រូវការ​ម្សៅ​ឆ្អឹង​ដើម្បី​បំពេញបន្ថែម​សារជាតិ​រ៉ែ​ផ្សេងៗ ឲ្យ​ដល់​សត្វ ក្នុង​ករណីខ្លះ គេ​ប្រើ​ម្សៅ​ឈាម និង​ម្សៅ​ស្លាប​ផង​ក៏មាន​, ម្សៅ​ឆ្អឹង​មានតម្លៃ​ថ្លៃ​គឺ 1kg ថ្លៃ 2 ដុល្លា​(៨០០០​រៀល​) វា​ជាការ​ចាំបាច់​ណាស់ ដែល​យើង​ត្រូវ​លាយ​ម្សៅ​ឆ្អឹង​ជា​បន្ថែម​គួរតែ​ដាក់​មិនគួរ​ខាន​ឡើយ ទោះ​រូបមន្ត​ខ្លះ​មិនបាន​បញ្ជាក់​ក៏ដោយ យើង​អាច​លាយ​វា 250 ក្រាម​ទៅ​ចំណី​100kg ។​

​ព្រី​មិច : វា​ជា​វីតាមីន​បន្ថែម មាន​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​វៀតណាម​និង មកពី​ប្រទេស​ថៃ សូម​ជ្រើស​រើសយក​ព្រី​មិច​ដែល​ល្អ កុំ​យក​ធុន​អន់​បើ​ទិញ​មក​ប្រើ​សូម​ចំណាំ​តាម​ម៉ាក​យីហោ​របស់​វា​ផង​

​ស្រួល​សំរាប់​ថ្ងៃក្រោយ​ត្រូវ​ការទិញ​វា​មិន​ខុស​គុណភាព​គ្នា​។ ពេលនេះ ព្រី​មិច​មានតម្លៃ 11000 រៀល​ក្នុង 1​កញ្ចប់​ទម្ងន់​1kg​ផលិត​ដោយ​ក្រុមហ៊ុន​វៀតណាម ចំណែក​ព្រី​មិច​របស់​ថៃ​វិញ​មានតម្លៃ​ប្រហាក់ប្រហែលគ្នា​ដែរ​។​

​មួយ​មុខ​ចុងក្រោយ​គេ​គឺ អំបិល : យើង​អាច​លាយ​វា​ក្នុង​អត្រា 250 ក្រាម​ក្នុង​ចំណី​សត្វ 100kg​។ អំបិល 1kg តម្លៃ​ប្រហែល 700 រៀល​

​​អំបិល​គ្រួស យក​អំបិល​ខ្មៅ​ទើប​ល្អ​។​

​បើ​យើង​អាច​ រកបាន​ហើយ​ផ្សំ​បាន គួរ​មាន​ត្រកួន ឬ ស្មៅ​កិន​ឲ្យ​ម៉ដ្ឋ​លាយ បន្ថែម​ជាមួយ​ចំណី តែ​ត្រូវ​ត្រាំ​ទឹក និង លាង​វា​ឲ្យ​ស្អាត​សិន មុន​យើង​ដាក់​កិន​។ ហេតុផល​ដែល​យើង​គួរ​ដូរ​ឲ្យ​វា​ស៊ី​បន្លែ​ខ្លះ​នេះ គឺ​ដើម្បី​សម្រួល​ដល់​ប្រព​ន្ធ័​រំលាយ​អាហារ​វា ក្នុង​មួយ​សប្តាហ៍​ឲ្យ​វា​ស៊ី ២ ទៅ ៣ ដង តែ​មិនត្រូវ​ឲ្យ​ស៊ី​ចំពោះ​មាន់​ប្រភេទ​បី​សាសន៍​និង មាន់​កសិកម្ម​ឡើយ អាច​ប្រើ​បាន​ចំពោះតែ​ពូជ​ន៍​ក្នុងស្រុក​តែប៉ុណ្ណោះ​។

​តារាង​តម្លៃ​វត្ថុធាតុដើម​សម្រាប់​ផ្សំ​ចំណី​មាន់​ទា​

  • ស្រូវ​ ​ ​១២០០៛​ ​ក្នុង ១ គ​.​ក​
  • ពោតក្រហម​ ​១៣០០ ៛​ ​ក្នុង ១ គ​.​ក​
  • កន្ទក់​ ​ ៩០០ ៛ – ១១០០ ៛​ ​ក្នុង ១​គ​.​ក​
  • ម្សៅ​ត្រង់​ ​៤៥០០ ៛ ​ក្នុង ១​គ​.​ក​
  • ម្សៅ​ឆ្អឹង​ ​៨០០០ ៛​ ​ក្នុង ១​គ​.​ក​
  • ម្សៅ​សំបកខ្យង​ ​៧០០ ៛ ​ក្នុង ១​គ​.​ក​
  • ព្រី​ម៉ិច​ ​ ​១១០០០ ៛​ ​ក្នុង ១​គ​.​ក​
  • អំបិល​ ​ ​៧០០ ៛​ ​ក្នុង ១​គ​.​ក​
  • កាក​សណ្តែកសៀង​ ​៣៥០០ ៛​ ​ក្នុង ១​គ​.​ក​

* ថ្នាំ​ជួយ​ធ្វើ​ឲ្យ​ពង​ទា ពងមាន់ មាន​ពណ៌​ក្រហម ក៏មាន​លក់​ទីនេះ​ដែរ ។​

​ វត្ថុ​ទាំងអស់​ខាងលើ លើកលែងតែ​អំបិល អាច​ទិញ​បាន​នៅផ្ទះ​លក់​ចំណី​សត្វ​សញ្ញា​ផែនដី ដែលមាន​អាស័យដ្ឋាន ផ្ទះ​លេខ ៣៨៤ ផ្លូវ ២៧១ សង្កាត់​ទំនប់ទឹក ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ទូរស័ព្ទ​លេខ : ០២៣ ៩៩៣ ៣៧១ / ០១២ ៨០៣ ៣១៣ / ០១១ ៨៨១ ៨១៧

​បើសិនជា​ លោកអ្នក​នាង​ជា​មិត្ត​អ្នកអាន មាន​ស្គាល់​ទីតាំង​ណា ដែលមាន​លក់​វត្ថុ​ផ្សំ​ខាងលើ​នេះដែរ សូមជួយ​ផ្តល់​ពត៌មាន​មក​យើងខ្ញុំ ដើម្បី​ចែក​ផ្សាយ​ដល់​អ្នក​ដែល​ត្រូវការ ដោយ​សូមបញ្ជាក់​តម្លៃ និង​ទីកន្លែង​សម្រាប់​ទិញ​ផង។

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file03_1.pdf

វិធីសាស្រ្តធ្វើចំណី-​មាន់ ទា ជ្រូក​

​វិធី​ប្រើប្រាស់​ចំណី​ជំនួស​ចំណី​រោងចក្រ​សម្រាប់​ចិញ្ចឹម​មាន់ ទា ជ្រូក​
1
សម្រាប់ ​អ្នក​ចិញ្ចឹមសត្វ​ដូចជា មាន់ ទា ជ្រូក ជាដើម តែងតែ​ជួបប្រទះ​នូវ​បញ្ហា​លំបាក ក្នុង​ការផ្តល់​ចំណី​ឲ្យបាន​គ្រប់គ្រាន់​ដល់​សត្វ​ដែល​គេ​កំពុង​ចិញ្ចឹម ។ ជា​ពិសេស​អ្នក​ចិញ្ចឹម​មាន់ ទា ជ្រូក សព្វថ្ងៃ​ស្ទើរតែ​មិន​អាច​រក​ចំណេញ​បាន​ពី​ការចិញ្ចឹម​សត្វ​ទាំងនោះ​ឡើយ ពីព្រោះ​តម្លៃ​វត្ថុធាតុដើម​សម្រាប់​ផ្សំ​ចំណី​មាន​តម្លៃ​ថ្លៃ ចំណី​ដែល​បាន​ផលិត​ពី​រោងចក្រ​មាន​តម្លៃ​ខ្ពស់​ទាំង​នេះ គឺជា​ការលំបាក​មួយ​សម្រាប់​អ្នក​ប្រកបរ​បរចិញ្ចឹមស​ត្វ ។​

​ ​ការបោះបង់​ចោល​របរ​ចិញ្ចឹម​ជ្រុក មាន់ ទា នេះ មិនមែន​ត្រឹម​តែ​ដោយសារ​កត្តា​ចំណី​តែមួយ​មុខ​នោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​វា​អាច​បណ្តាលមកពី​ការនាំ​ចូល​សត្វ​ទាំងនោះ​ពី​ប្រទេស​ជិតខាង​ផងដែរ ជាពិសេស​គឺ ការ​លួច​នាំ​ចូល​, ការ​ពុំ​សូវ​មាន​បទពិសោធន៍​ក្នុង​ការចិញ្ចឹម​, កត្តា​ជម្ងឺ​, គ្មាន​ប្រាក់​សម្រាប់​ទិញ​ចំណី​ផ្តល់​ឲ្យ​វា​ឲ្យបាន​គ្រប់គ្រាន់ និង​កត្តា​តម្លៃ​ក្នុង​ទីផ្សារ​មិន​អំណោយផល​ល្អ មិន​អាច​រក​ចំណេញ​បាន​តាម​ការចង់បាន ។​

​ ​បញ្ហា​បែប​ខាងលើ​នេះ​មិនមែន​មាន​តែ​នៅក្នុង​ប្រទេស​យើង​ប៉ុណ្ណោះ​ទេ ប្រទេស​ខ្លះ​ទៀត​ក៏​ជួប​បញ្ហា​ដូចគ្នានេះដែរ ចំណែក​ដំណោះស្រាយ​វិញ គឺ​ដំបូង​យើង​ត្រូវ​រក​វិធី​ដែល​អាច​ផ្គត់ផ្គង់​ចំណី​ឲ្យបាន​ល្អ​ប្រសើរ​សិន គឺ​លៃ​យ៉ាងណាឲ្យ​ការចំណាយ​ទៅលើ​ចំណី​នោះ​អស់​តិច តែ​ត្រូវ​មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​នឹង​ចំណី​ផលិត​ច្រក​បាវ​លក់​ចេញ​ពី ​រោងចក្រ​ដែរ ។​

​ ​យើងខ្ញុំ​សូម​ណែនាំ​ពី​ការប្រើប្រាស់​ចំណី​ប្រភេទ​ខ្លះ​ដែល​យើង​អាច​រកបាន និង​ផលិត​បាន​ដោយ​ខ្លួនឯង​មក​បង្ហាញ ចំណី​ទាំងនោះ​ត្រូវ​បាន​ឆ្លងកាត់​ការសាកល្បង និង​ទទួលបាន​លទ្ធផល​យ៉ាង​ល្អ ហើយ​ងាយ​រកបាន​នៅក្នុង​ប្រទេស​យើង​ទៀតផង ។​

​​* ឃ្លោក ជា​ដំណាំ​ងាយ​ដាំ ត្រូវបាន​គេ​ប្រើ​សម្រាប់​ឲ្យ​មាន់ ទា​ស៊ី ដោយ​កាប់​វា​ជា​ដុំ​តូចៗ ស្ងោរ​វាឲ្យ​ឆ្អិន ពេល​ស្ងោរដាក់​ខ្លាញ់​បន្តិច​ផង ទុក​ឲ្យ​ត្រជាក់ ដួស​ដាក់​លើរាន​មួយ​ឲ្យ​មាន់​វា​ស៊ី យើង​ក៏​អាច​ឲ្យ​ទាស៊ី​បាន​ដូចគ្នា (​ននោង​ក៏​អាច​ប្រើ​ការ​បាន​) ។​

​​* ល្ពៅ គេ​ត្រូវកា​ត់វា​ជា​ដុំ​តូចៗ ស្ងោរ​វា​ទុក​ឲ្យ​ត្រជាក់​ដាក់​ឲ្យ​មេមាន់ ឬ​កូន​មាន់​ស៊ី​ក៏បាន (​ទា និង​ជ្រូក ក៏​អាច​ឲ្យ​ស៊ី​បានដែរ​) ។ ល្ពៅ​មាន​ចំនួន​ប្រូតេអ៊ីន​ច្រើន​ដូច​គ្នា​និង​ពោត ឬ​ដំឡូងឈើ​ដែរ វា​ថែមទាំង​មាន​ជាតិ​ប្រេង​ក្នុងនោះ​រួចជាស្រេច​ផង ។​

​​* ត្រាវ នៅ​ប្រទេស​គុយបា ត្រាវ​ត្រូវបាន​គេ​ប្រើ​សម្រាប់​ធ្វើជា​ចំណី​ឲ្យ​មាន់ ដោយ​គេ​កាត់​ត្រាវ​ជា​ដុំ​តូចៗ ហាល​ឲ្យ​ស្ងួត រួច​កិន​ឲ្យ​ម៉ដ្ឋ ត្រូវបាន​ប្រើ​ជំនួស​ពោត និង​អង្ករ ឬ​កន្ទក់ ។ យើង​អាច​លាយ​ម្សៅ​ត្រាវ​នេះ​ចំនួន 15% ក្នុង​ចំណី​មាន់​ដែល​មាន​អាយុ​ពី ១​ថ្ងៃ ដល់​១​ខែ ។ ត្រាវ​ត្រូវបាន​ប្រើ​សម្រាប់​លាយ​បន្ថែម​ជាមួយ​វត្ថុធាតុដើម​ផ្សេងៗ​ទៀត ដោយ​រួមមាន​ប្រូតេអ៊ីន វីតាមីន និង​សារធាតុ​រ៉ែ​ចាំបាច់​ខ្លះទៀត ។​

​ ​អ្នកឯកទេស​ខាង​ផ្នែក​ចិញ្ចឹម​មាន់​ម្នាក់​នៅ​ប្រទេស​គុយបា​បាន​ឲ្យ​ ដំបូន្មាន​ថា ដើម្បី​ឲ្យ​ការ​ចិញ្ចឹម​មាន់​ទទួល​បាន​ជោគជ័យ គេ​ត្រូវ​ផ្តល់​ចំណី​ឲ្យ​កូនមាន់​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ការលូតលាស់ ​របស់​វា​បាន​ប្រសើរ ម្យ៉ាងទៀត​វា​អាច​ជួយ​ធ្វើឲ្យ​មាន់ឆាប់​ធំ​ជាង​ធម្មតា ។​

​ ​អ្នកឯកទេស​ខាង​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​ហ្វីលីពីន​បាន​រំឭកថា មាន​មនុស្ស​ច្រើនណាស់​មាន​ការយល់ច្រឡំ​ថា ដើម្បី​ចិញ្ចឹម​ជ្រូក​ឲ្យ​ធំធាត់​ល្អ គេ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ចំណី​ផលិត​ពី​រោងចក្រ តែ​ការយល់​បែបនេះ​គឺ​ខុស​ស្រឡះ ពីព្រោះ​នៅ​តំបន់​ខ្លះ​ក្នុង​ប្រទេស​ហ្វីលីពីន គេ​មិន​អាច​រក​ទិញ​ចំណី​ជ្រូក​ផលិត​ពី​រោងចក្រ​បាន​ឡើយ ហេតុ​នេះ​អ្នក​ទាំងនោះ​បាន​ប្រើប្រាស់​រុក្ខជាតិ ដំណាំ​ផ្សេងៗ ធ្វើ​ជា​ចំណី​ឲ្យ​ជ្រូក ហើយ​ទទួលបាន​ប្រសិទ្ធភាព​ដូច​គ្នា ។ ចំណី​ចំបង​របស់​ពួកគេ គឺ​ដំឡូងឈើ ស្លឹក​ដំឡូង​ត្រូវបាន​គេ​កាត់​មក​ហាលថ្ងៃ​ឲ្យ​ស្រពា​ប់សិន​មុន​ដាក់​ឲ្យ​ ជ្រូក​ស៊ី ឬ​ដាក់​ត្រាំ​ទឹក​មាន​លាយ​ស្ករ​កាក​អំពៅ​ចំនួន ៣​ម៉ោង មុន​ឲ្យ​ជ្រូក​ស៊ី ចំពោះ​មើមដំឡូង​វិញ គេ​កាត់​ដំឡូង​ជា​កង់ៗ​ដាក់​ត្រាំ​ទឹក​ស្ករ​ទុក​ផ្តល់​ឲ្យ​ជ្រូក​ស៊ី​ បន្ទាប់​ពី​ត្រាំ​វា​បាន​ចំនួន​យ៉ាងតិច ១​សប្តាហ៍ (​ត្រាំ​ឲ្យ​លិច​) ឬ​យូរ​ជាង​នេះ។​

​ ​ឯ​វិធី​មួយទៀត​នោះ គឺ​គេ​កាត់​យក​ស្លឹក​ដំឡូង​ត្រួយ​ខ្ចីៗ រួម​ទាំង​មើមដំឡូង​ដាក់​ស្ងោរ​វា​ជាមួយគ្នា ដាក់​អំបិល​បន្តិច ទុក​ឲ្យ​ត្រជាក់ទើ​ប​លាយ​ជាមួយ​កាក​ស្ករអំពៅ​ឲ្យ​ជ្រូក​ស៊ី អាច​ជំនួស​ចំណី​រោងចក្រ​បាន​ទាំងស្រុង (​អ្នកខ្លះ​ថែម​ម្សៅ​ត្រី​ចូល និង Premixed)។​

​​នៅ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម គេ​ប្រើ​ស្លឹក​ទង និង​មើម​ដំឡូងជ្វា​សម្រាប់​ការចិញ្ចឹម​ជ្រូក ដោយ​ដាំ​វា​បណ្តាក់​គ្នា។​

​​រូបមន្ត​ជំនួស​ចំណី​រោងចក្រ​ដែល​មាន​ប្រសិទ្ធភាព និង​ចំណាយ​តិច :

​​កន្ទក់​-​មើ​ម ដំឡូង + ស្លឹក + ម្សៅ​ត្រី + អំបិល + ព្រី​ម៉ិច + ស្ករ​កាក​អំពៅ​

(​កន្ទក់​-​មើ​ម ដំឡូង និង​ស្លឹក ចំនួន 85% , ម្សៅ​ត្រី ចំនួន 10% , អំបិល ចំនួន 1% , ព្រី​ម៉ិច ចំនួន 2%, ស្ករ​កាក​អំពៅ ចំនួន 2%)៕

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file04.pdf

ការចិញ្ចឹមសត្វ-ចង្រិត​លក់

ចិញ្ចឹម​ចង្រិត​លក់ និង​ប្រើ​ជា​ចំណី​សត្វ​
1
1

 

 

អ្នក ​ខ្លះទៅ​គាត់​សើច បើ​បានឮ​អ្នកណាម្នាក់​និយាយថា ចង់​ចិញ្ចឹម​ចង្រិត​លក់ និង​ធ្វើជា​មុខរបរ ។ ទោះបី​អ្នកនោះ​គាត់​សើច​ដោយ​ហួស​ចិ​ត្ដ ដោយ​ចំអក ដោយ​នឹកស្មាន​មិន​ដល់ ក៏ដោយ តែ​មុខរបរ​នេះ វា​កំពុង​កាក់កប និង​វា​ពិតជា​អាច​ឱ្យគេ​រកចំណូលបាន​ច្រើន​គួរសម​ដែរ បើសិនជា​គេ​អាចធ្វើ​វា​បាន​ដោយ​ត្រឹមត្រូវ។​

​ជាធម្មតា​ ចង្រិត វា​ជា​សត្វល្អិត​ម្យ៉ាង​ដែល​រស់​នៅតាម​ព្រៃ តាម​ភូមិ​ស្រុក ក្នុង​ដីចំការ​ជាដើម ។ ដូច​តួយ៉ាង​នៅ​ខេត្ដ​កំពង់ធំ ឱ្យតែ​ដល់​ដើមរដូវ​វ​ស្ស​ម្ដងៗ ហ្វូង​ចង្រិត​រាប់លាន​ក្បាល ហើរ​ចេញមក​ព្រោងព្រាត បង្កើតបានជា​មុខរបរ​មួយ​ដល់​អ្នក​ដែល មាន​លទ្ធ​ធ្វើ​កន្លែង​ដើម្បី​ចាប់​វា​យកទៅលក់ នៅ​ម្ដុំ​គល់ស្ពាន​កំពង់ធំ​ និង​នៅតាម​ទីកន្លែង​នានា ។​

​តែ​រដូវវស្សា ​ឆ្នាំ​កន្លងទៅនេះ គេ​មិនសូវ​ឃើញ​មាន​ចង្រិត​ចុះ​ច្រើន ដូច​ឆ្នាំមុនៗ​ឡើយ ព្រោះ​វា​ពាយ​អស់​ទៅ ដោយសារ​យើង​បាន​ចាប់​វា​ដោយ​ប្រើ​នុយ​ភ្លើង​ង​អំពូល បណ្ដាលឱ្យ​វា​ថយ​ចំនួន​បន្ដ​ពូជ ។​

​​សព្វថ្ងៃនេះ ​តម្រូវការ​ចង្រិត​មាន​ច្រើន​គួរសម​ដែរ ព្រោះ​ចង្រិត​មានតែ​ខែវស្សា ដែល​សម្បូរ​ណ៍ ឯ​ខែប្រាំង​វិញ​វា​មិនមាន​ទេ ជាហេតុ​ធ្វើឱ្យ​អ្នក​ប្រក​បរបរ​ចិញ្ចឹម​ចង្រិត​រក​កម្រៃ​បាន​ច្រើន​គួរសម ជាពិសេស​អ្នក​ប្រក​របរ​នេះ​នៅ​បន្ទាយមានជ័យ និ​អ្នក​នៅ​ជិត​ព្រំដែន​កម្ពុជា​ថៃ ។​

​តាម​ការពិត​, មានតែ​ចង្រិត​ចំនួន​ពីរ​ប្រភេទ​ប៉ុណ្ណោះ ដែល​គេ​និយម​ចូល​ចិ​ត្ដ ទិញ​មក​បរិភោគ និង​យកមក​លក់​នៅក្នុង​ទីផ្សារ ទាំង​ក្នុងប្រទេស​និង​នាំ​ចេញទៅ​ប្រទេស​ថៃ គឺ ៖

​ ​១) ចង្រិតដូង​

​ ​២) ចង្រិត​ក្រហម​

​ក្នុងចំណោម​ ចង្រិត​ទាំងពីរ​ប្រភេទ​ខាងលើនេះ មានតែ​ប្រភេទ​ចង្រិតដូង មួយ​ប៉ុណ្ណោះ ដែល​គេ​និយម​បរិភោគ​និង​ឱ្យ​តម្លៃ​ច្រើនជាង​ចង្រិត​ដទៃ ។ ចំណែក​ចង្រិត​ក្រហម​វិញ វា​មាន​រូបរាង​តូច​ជាង តែ​អ្នក​បរិភោគ​ខ្លះ​យល់ថា​វា​មាន​រសជាតិ​ឆ្ងាញ់ និង​ងាយស្រួល​បរិភោគ​ជាង ។​
ដើម្បី​ធ្វើ​មុខរបរ​នេះ អ្នក​ចិញ្ចឹម​ត្រូវមាន​ដើមទុន​ច្រើន​គួរសម ព្រោះ​ត្រូវធ្វើ​រណ្ដៅ​ធំៗ​ពី​ស៊ីម៉ង់​ដ៍ មួយវិញទៀត ​នោះ គេ​ត្រូវធ្វើ​រោង​គ្របពីលើ​រណ្ដៅ​នោះ ដើម្បី​ការពារ​កំដៅ​និង​ត្រូវមាន​ប្រាក់​សម្រាប់​ទិញ គ្រឿង​សម្ភារៈ​មួយចំនួន​ផងដែរ ។​

​​ខាងក្រោម​នេះ​គឺជា​ការតម្រូវ​និង​វិធី​នៃ​ការចិញ្ចឹម​ចង្រិត តាម​គ្រួសារ ៖

​រណ្ដៅ​ចិញ្ចឹម​ចង្រិត

​រណ្ដៅ​ ត្រូវធ្វើ​ទទឹង ៣ ម បណ្ដោយ ៥​ម ជម្រៅ ៧០ ទៅ ១០០ សង្ទីម៉ែត្រ យើង​អាចធ្វើ​ចំនួន​រណ្ដៅ​តិច​ឬ​ច្រើន​អាស្រ័យទៅលើ​បំណង​និង​ធនធាន​ដែលមាន​ ដើម្បី​ធ្វើជារ​បរបាន​យើង​ត្រូវធ្វើ​យ៉ាងហោចណាស់​ចំនួន ១ រណ្ដៅ​ដែរ ទើប​សមល្មម (​ទោះ​ចំនួន​រណ្ដៅ​តិច​ក៏​មិន​អី​ដែរ តែ វា​ខាត​ពេល​និង​អា​ចរក​កម្រៃ​បាន​តិចជាង​)
11

ត្រូវ​រៀប​ឥដ្ឋ​រួច​បូក​ស៊ីម៉ង​ដ៍ បើ​មិនបាន​បូក​ស៊ីម៉ង​ដ៍​ក៏​មិន​អី​ដែរ តែ​ត្រូវ​ភ្ជិត​ឬ​បៀក​ឱ្យ​ស្មើ កុំឱ្យ​មាន​សល់​ប្រហោង​សូម្បី​តូច​មួយ​ក៏ដោយ ក៏​មិនត្រូវ​ឱ្យមាន​ដែរ ។​

​រោង​សម្រាប់​គ្របពីលើ​រណ្ដៅ ត្រូវមាន​កំពស់​ពី​ដី​ចំនួន​៣​ម៉ែត្រ ទៅ ៤​ម៉ែត្រ ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល​ល្អ​មួយទៀត​នោះ​គឺ​ដើម្បី​កាត់បន្ថយ​កំដៅ កុំឱ្យ​ក្ដៅ​ខ្លាំងពេក នៅ​កង​រដូវប្រាំង។​

  • ​ត្រូវ​ទៅ​ទិញ​ពូជ​ចង្រិត​នៅ ភូមិ​ប្រជា​ធម្ម សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ចំនួន​មួយរយ ទៅ​បី​រយ​ចាន។​
  • ​ពង​មួយ​ចាន​តម្លៃ ១៣០០០​រៀល ទៅ ១៥០០០​រៀល (ជួនកាល​អាច​ថោក​ជាង​នេះ បើ​ទិញ​ច្រើន​)
  • ​ត្រូវ​ទិញ​ប្រអប់​ក្រដាស​ដាក់​ពងមាន់​ខ្នាត​ធំ ឱ្យបាន​ច្រើន​សម្រាប់​ធ្វើជា​កន្លែង​ឱ្យ​វា​រស់នៅ ជាពិសេស​គឺ​សម្រាប់​កូន​ចង្រិត​
  • ​ដាក់​អេ​ ប៉ុង​ថ្មី​មួយ​ផ្សើម​ដោយ​ទឹក ឬ​ចាន​សំប៉ែត (​ថាស់​ក៏បាន​) ដាក់​ទឹក​បន្ដិច រួច ចាក់ទឹក​ផ្សើម​ក្រដាស់​នោះ​ឱ្យ​ជោក​សម្រាប់​ឱ្យ​វា​បឺត​យក​សំណើម ដែល​វា​ត្រូវការ ។​

1

​ តែបើ​យើង​គ្មាន​លទ្ធភាព​អាច​ប្រើ​ត្រឹម​ស្លឹកកណ្ដប​ស្លឹកត្នោត​ក៏បាន​ដែរ ដោយ​ដាក់​ស្លឹក​នោះ​តម្រៀប​វា​បញ្ឈរ​ជាប់ៗ​គ្នា​ឱ្យ​ចុង​ស្លឹក​ធ្លាក់​ដល់​ ក្រោម (​កុំ​ប្រើ​ស្បូវ​កណ្ដប​) យើង​អាច​ប្រើ​ប្រអប់​ឬ​កេះ​ក្រដាស់ កាត់​ជា​បន្ទះ​ផ្ទាំង​ធំ​ល្មម​ដាក់​តម្រៀប​គ្នា​ក៏​អាច​ប្រើការ​បានដែរ ក្រៅពីនេះ​យើង​ក៏​អាច​ប្រើ​មែកឈើ​ ក៏បាន។​ ​រ​យេៈ​ពេល​នៃ​ការចិញ្ចឹម និង​ការ​ទទួលផល ៖​ ​បន្ទាប់ពី​បាន​ពង​ចង្រិត​ហើយ យើង​ត្រូវ ដាក់​ពង​ចង្រិត​នោះ​នៅក្នុង​ថង់​ប្លា​ស្ទិ​ក​ធំ ឬ​ប្រអប់​ក្រដាស់​ធំ​មួយ​ដែល​បិទ​ជិត​រក្សា​វា​ទុក​ក្នុង​រណ្ដៅ​នោះ​ចំនួន ៣០​ថ្ងៃ នោះ​ពង​ចង្រិត​វា​នឹង​ញាស់។ កាលបើ​ចង្រិត​វា​ញាស់​ហើយ​យើង​ត្រូវ​ទិញ​ចំណី​កូន​មាន់​យកមក​កិន​ឱ្យ​ម៉ដ្ឋ ដាក់​ទឹក​ក្នុង​ដប​ស្ព្រេ​យ បាញ់​ផ្សើម​ចំណី​នោះ​គ្រាន់តែ​ឱ្យ​សើមៗ រួច​ដាក់​លាត​នៅលើ​ចាន​សំប៉ែត​មួយចំនួន​ពង្រាយ​ឱ្យបាន​ច្រើន​កន្លែង ដើម្បីឱ្យ​កូន​ចង្រិត​វា​ស៊ី។ ឱ្យ​វា​ស៊ី​តែ​ចំណី​នេះ ទាំង​ទើប​ញាស់​រហូតដល់​វា​ធំ​ចាប់​លក់​ឬ​ទុក​ពូជ​ក្ដី។​

​បើ​យើង​ទុក​ វា​ឱ្យដល់​រយៈពេល​ពីរ​ខែ ចង្រិត​នឹងមាន​ពង យើង​ប្រមូលយក​ពង​នោះមក​ភ្ញាស់​ខ្លះ អាច​លក់​ឱ្យគេ​បាន​ខ្លះ​ដើម្បី​យក​កម្រៃ ។ ទុក​ចង្រិត​មួយចំនួន​ឱ្យ​វា​ពង​ជា​លើក​ទី​ពីរ សឹម​លក់​វា​ចេញ យើង​ទុក​តែ​ពង​វា​សម្រាប់​ភ្ញាស់​បាន​ហើយ ។​
1បន្ទាប់ពី​វា​ ពង​លើក​ទី​ពីរ​ហើយ​ត្រូវ​ចាប់​លក់​ចេញ​ទាំងអស់ ភ្ញាស់​សារជាថ្មី​ទៀត ។ ចង្រិត​ពង​តែ​ពីរដង​ទេ​ក្នុង​មួយជីវិត​របស់​វា ។ ចង្រិត​ញី​មាន​ស្លា​បលាត ឯ​ចង្រិត​ឈ្មោល​មាន​ស្លាប​ក្រ​ញ៉ា​ញ់។

​យើង​អាច​ ពង្រីក​មុខរបរ​នេះ ទៅតាម​លទ្ធភាព​ដែលមាន​បាន ជៅ​បណ្ដើរៗ​យើង​អាច​បង្កើន​ចំនួន​ពង​ត្រូវ​ភ្ញាស់ រហូត​យើង​អាច​រកចំណូលបាន​គ្រប់គ្រាន់។
11

អត្ថប្រយោជន៍​នៃ​ការចិញ្ចឹម​ចង្រិត ៖

  • ​ងាយស្រួល​ចិញ្ចឹម​
  • ​ស៊ី​ចំណី​តិច​បំផុត​
  • ​អាច​ពង្រីក​មុខរបរ​បាន​
  • ​មិនសូវ​មានការ​ប្រជែង​ក្នុង​ទីផ្សារ​
  • ​អាច​លក់បាន​ក្នុង​មួយ​គីឡូ ៦០០០ ទៅ ៨០០០ រៀល​ក្នុង​មួយ​គីឡូ​
  • ​មិនត្រូវ​ការថែទាំ​ច្រើន​
  • ​ត្រូវការ​ទីកន្លែង​មិនធំ​ពេក​
  • ​អាច​ធ្វើបាន​គ្រប់គ្នា​
  • ​ការខាតបង់​មាន​តិចតួច​ណាស់ បើសិន​ជាមាន​
  • ​អាច​រកចំណូលបាន​ច្រើន
  • ​ប្រើពេល​វេលា​តិច ឆាប់​បាន​ទទួលផល​
  • ​យើង​អាចយ​កវា​ធ្វើជា​ចំណី​មាន់​ទា ត្រី បើ​លក់​មិនបាន

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)

ការចិញ្ចឹមសត្វ-ជីវិតសត្វឃ្មុំ

1

អ្វី ​ដែល​យើង​គួរ​ដឹង​ជា​បឋម​មុន​ពេល​ចាប់ផ្តើម​ចិញ្ចឹម​ឃ្មុំ​គឺ ជីវិត​រស់នៅ​របស់​សត្វ​ឃ្មុំ ។ សកម្មភាព​របស់​សត្វ​ឃ្មុំ​ដែល​ប្រព្រឹត្តទៅ​ជា​ប្រចាំ​ថ្ងៃ​ទាំងអស់នេះ​គឺជា ​ភាព​ចាំបាច់​ណាស់​សម្រាប់​អ្នក​ដែល​ចិញ្ចឹម​ឃ្មុំ បើ​យើង​មិន​បានដឹង​ពី​សត្វ​នេះ​និង​ជីវិត​ប្រចាំថ្ងៃ​របស់​វា​ទេ នោះ​ការចិញ្ចឹម​ឃ្មុំ​របស់​យើង​ក៏​ពុំ​សូវ​ទទួលបាន​ផល​ដែរ ។​

​​ឃ្មុំ​គឺជា​ សត្វ​ដែល​រស់នៅ​ជា​ហ្វូង អាច​មាន​ដល់​បី​ម៉ឺន​ទៅ​មួយ​លាន​ក្បាល​ឬ​អាច​ច្រើន​ជាង​នេះ សម្រាប់​ហ្វូង​ឃ្មុំ​ដែល​ធំ ។​ ​ ​ទោះបីជា​យើង​មិន​អាច​យល់​បាន​ទាំងស្រុង​នៃ​សកម្មភាព​របស់​វា​ក៏ពិតមែន ប៉ុន្តែ​យើង​អាច​យល់​បាន​ថា​វា​បាន​ធ្វើ​អ្វីខ្លះ​ហើយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។​

១- ពួក​ឃ្មុំ​សកម្ម : (​ពួក​អ្នក​ធ្វើការ​)

​ ភាគច្រើន​នៃ​ឃ្មុំ​ក្នុង​សំបុក​គឺ​ពួក​អ្នក​សកម្ម (អ្នកធ្វើការ​) ពួក​អ្នក​ធ្វើការ​ទាំង​នេះ អាច​មាន​ចំនួន​ជាច្រើន​សែន​ក្បាល ពួក​វា​ធ្វើការ​ដោយ​ពុំ​គិត​ពី​តម្លៃ​របស់​ខ្លួន​វា​ឡើយ គឺ​អ្វីៗ​ដែល​ពួក​វា​ធ្វើ​គឺ​ដើម្បី​តែ​ក្រុម​ហ្វូង​នៃ​សង្គម​របស់​វា​ តែប៉ុណ្ណោះ ។ គ្រប់​ឃ្មុំ​នៅក្នុង​សំបុក​ធ្វើ​អ្វីៗ​ដើម្បី​គ្នា​ទៅវិញទៅមក អាចនិយាយបាន​ថា ពួក​វា​គឺជា​ម៉ាស៊ីន​មានជីវិត​ក៏​ថា​បាន ពីព្រោះ​ឃ្មុំ​និមួយៗ​មាន​កិច្ចការ​ត្រូវធ្វើ​រហូត​ដល់​វា​ងាប់ ។​

​​ពួក​ឃ្មុំ​ ធ្វើការ​ទាំង​នេះ មាន​កិច្ច​ការ​ធ្វើ​ទៅ​តាម​អាយុ​របស់​ពួក​វា ។ ពពួក​ដែល​ទើប​ញាស់​ថ្មី (​ទើប​ពេញ​រូបរាង​) ត្រូវ​ធ្វើការ​នៅ​ក្នុង​សំបុក​ដូចជា ផ្តល់​ចំណី​និង​ថែរក្សា​កូន​ឃ្មុំ​តូចៗ មើលថែរក្សា​ពង ទទួលយក​លំអងផ្កា និង​ទឹកដម​ផ្កា​មក​ថែរក្សា​ទុក ពី​ពួក​ឃ្មុំ​ដែល​ចេញ​ស្វែងរក​ចំណី​នៅក្រៅ​សំបុក ។ ក្រៅ​ពី​កិច្ចការ​ទាំងនេះ ពួក​វា​នៅ​មាន​កិច្ចការ​ផ្សេងទៀត​ដែល​ត្រូវ​ធ្វើ​គឺ សំអាត​សំបុក​និង​មើល​ការ​ខុស​ត្រូវ​ជា​ទូទៅ​នៃ​សំបុក ។

សូមបញ្ជាក់ : ពួក​វា​ធ្វើ​កិច្ចការ​ទាំងនេះ​ក្នុង​ទី​ងងឹតសូន្យ​, ក្នុង​ពេល​យប់​ឬ​ថ្ងៃ ប៉ុន្តែ​គ្មាន​ពន្លឺ​ចូល​ដល់​ខាង​ក្នុងនៃ​សំបុក​ឡើយ ។​

​​នៅ​ពេល​ពួក​ ឃ្មុំ​ជំទង់ៗ​ទាំង​នេះ​កាន់តែ​មាន​អាយុ​ច្រើន ពួកគេ​នឹង​លែង​ធ្វើការ​នៅ​ផ្នែក​ខាងក្នុង​សំបុក​ហើយ គឺ​ពួកគេ​នឹង​ចេញ​មក​ធ្វើការ​នៅ​ផ្នែក​មាត់​ច្រកចូល​សំបុក​វិញ ។ ពពួក​ឃ្មុំ​ធ្វើការ​ទាំង​នេះ​នៅតែ​បំពេញការងារ​ដូចពេលមុន​ដដែល​គឺ ទទួលយក​ទឹកដម​និង​លំអងផ្កា​ពី​ពពួក​ឃ្មុំ​ដែល​បាន​ចេញស្វែង រក​ពី​ខាងក្រៅ ។ ក្រៅពី​នេះ​ពួកវា​ត្រូវ​យាម​ការពារ​សំបុក និង​លៃ​ធ្វើយ៉ាងណា​ឲ្យមាន​ខ្យល់​ចេញ​ចូល​ក្នុង​សំបុក​បាន ។ នៅពេល​អាយុ​របស់​វា​ចូល​ដល់​សប្តាហ៍​ទី ៣ ពួកវា​នឹង​ចាប់ផ្តើម​រៀន​ហើរ​ក្រឡឹង​ជុំវិញ​សំបុក ដើម្បី​ពង្រឹង​ស្លាប​របស់​វា រួម​ទាំង​រៀន​សំគាល់​ពី​ទីតាំង​របស់​សំបុក​ដែល​ពួក​វា​រស់នៅ ។ បន្ទាប់​ពី​ស្គាល់​ទីតាំង​របស់​សំបុក​ច្បាស់លាស់​ហើយ ពួកវា​នឹង​ហើរ​ចេញ​ក្រៅ​សំបុក​ដើម្បី​ទៅ​ក្រេប​ទឹកដម​ផ្កា​និង​លំអងផ្កា​នៅ​ ទី​ឆ្ងាយៗ​រហូត​ដល់​រាប់គីឡូម៉ែត្រ​ពី​សំបុក​ដែល​ពួក​វា​រស់នៅ វា​ហើរស្វែង រក​ផ្កាឈើ​គ្រប់យ៉ាង​ទោះ​នៅទីណា​ក៏​ដោយ​ឲ្យតែ​ពួក​វា​អាច​រកបាន ។​ពួក​វា​ធ្វើ​បែប​នេះ​ជា​រៀងរាល់ថ្ងៃ ក្នុង​មួយ​ថ្ងៃៗ​ពួក​វា​ហើរ​ចុះ​ពី​ផ្កា​មួយ​ទៅ​ផ្កា​មួយ​រហូតដល់​រាប់ពាន់​ ផ្កា​ក្នុង​ថ្ងៃ​តែមួយ ។ គឺ​ពពួក​ឃ្មុំនេះ ហើយ​ដែល​បាន​ជួយ​ធ្វើឲ្យ​ដំណាំ​គ្រប់​យ៉ាង​មាន​ផ្លែផ្កា​ សម្រាប់​ចិញ្ចឹម​ដល់​មនុស្ស​យើង ។​

​​ក្នុង​ រយៈពេល​ពីរ​សប្តាហ៍​នៃ​ជីវិតចុងក្រោយ​របស់​វា វា​បាន​ហើរ​ស្វែងរក​លំអងផ្កា​និង​ទឹកដម​ផ្កា​រហូតដល់ 6400 គីឡូម៉ែត្រ បន្ទាប់​ពី​ការ​ហើរ​អស់​រយៈពេល​ប៉ុណ្ណឹង ស្លាប​របស់​វា​នឹង​សឹក​រិច​រិល​លែង​អាច​ហើរ​ឆ្ងាយ​បាន​ទៀត ។ វា​នឹង​ហើរ​ចេញពី​សំបុក​នេះ​ក៏​ព្រោះតែ​វា​លែង​មាន​តម្លៃ​សម្រាប់​ហ្វូង​ របស់​វា​នឹង​សំបុក​របស់​វា​ទៀត បន្តិច​ក្រោយមក​វា​ក៏​ស្លាប់ទៅ នេះ​គឺជា​ជីវិត​របស់​សត្វ​ឃ្មុំ ។​

២- មេ​ឃ្មុំ​ញី : (​គេ​ហៅ​ឃ្មុំ​ញី​ថា​ជា​ស្តេច​ឃ្មុំ​ញី​)​ ​

​​ឃ្មុំ​ញី​ មាន​រូបរាង​ខុសពី​ឃ្មុំ​ទាំងពួង​នៅក្នុង​សំបុក វា​មាន​មាឌ​ធំជាងគេ ខ្លួន​វែង​ជាងគេ និង​គ្មាន ​សម្បុរណ៍​ខ្មៅ​នៅ​ខាងចុង​គូថ​របស់​វា​ឡើយ ។​ ​ ​ឃ្មុំ​ញី​គឺជា​ម៉ាស៊ីន​បង្កើតកូន​យ៉ាង​អស្ចារ្យ ។ ឃ្មុំ​ញី​ត្រូវបាន​ជ្រើសរើស​តាំង​តែ​ពី​ទើប​នៅ​ជា​ពង ឬ​នៅ​ជា​កូន​ដង្កូវ​តូច​នៅឡើយ ។

​ ពពួក​ឃ្មុំ​ដែល​រក្សា​សំបុក​បាន​ធ្វើ​ការសង្កេត​ទៅលើ​ពង​និង​ទៅលើ​កូន​ឃ្មុំ ​មួយចំនួន ដើម្បី​ជ្រើសរើស​ថា​តើ​ពង​ឬ​កូន​ឃ្មុំ​មួយ​ណា​ដែល​នឹង​ត្រូវ​បំប៉ន​អាហារ​ ពិសេស​ដើម្បី​ឲ្យក្លាយ​ទៅ​ជា​ឃ្មុំ​ញី​សំរាប់​បន្ត​ពូជ​បន្ត ។ ការជ្រើសរើស​រក​ឃ្មុំ​ញី​ថ្មី គឺ​ដោយសា​កត្តា​មួយចំនួន​ដូចជា ឃ្មុំ​ញី​បច្ចុប្បន្ន​ងាប់​ដោយ​ប្រការ​ណាមួយ មិន​មាន​សមត្ថភាព​ផលិត​ពង​បាន​ច្រើន ឬ​ហ្វូង​ឃ្មុំ​ទាំងនេះ​នឹង​បំបែក​ខ្លួន​ទៅ​បង្កើត​សំបុក មួយ​ថ្មី​ទៀត អាច​ថា​បណ្តាលមកពី​កត្តា​ផ្សេងៗ​ទៀត​ក៏សឹងមាន ។​

​​យើង​អាច​ សំគាល់ថា​ជា​ឃ្មុំ​ញី​បាន​ដោយ​រូបរាង​របស់​វា រូបរាង​របស់​ឃ្មុំ​ញី​គឺ មាន​ពណ៌​សម្បុរ​ភ្លាវ​ជាង​ឃ្មុំ​ធម្មតា ពណ៌​បង្កង់​ឆ្នូត​នៅលើ​ពោះ​របស់​វា​មើល​ពុំ​សូវ​ឃើញច្បាស់ កន្លែង​សម្គាល់​មួយទៀត​នោះ​គឺ នៅ​លើ​ផ្នែក​ក្បាល​របស់​វា​មាន​ទី​ទំពែក​មួយ​ត្រង់​ពីក្រោយ​ក្បាល ។​

​​ត្រង់​ទី​ឆក ​ទំពែក​នេះ​គឺជា​កន្លែង​តែ​មួយ​ដែល​ជើង​ទាំង​ប្រាំមួយ និង​ស្លាប​បួន​របស់​វា​ដុះ​ចេញមក ។ អ្នក​ចិញ្ចឹម​ឃ្មុំ​ភាគច្រើន (​ស្ទើរតែ​ទាំងអស់​) បាន​ចុច​ដៅ​ពណ៌​សំគាល់​ឃ្មុំ​ញី​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​ចំណាំ គេ​អាច​ប្រើ​ទឹក​ថ្នាំលាបក្រចក​ចុច​សំគាល់​ត្រង់​កន្លែង​ឆក​ទំពែក​នោះ ធ្វើ​ដូច្នេះ​គេ​អាច​ដឹងថា​តើ​ឃ្មុំ​ញី​នេះ​មាន​សកម្មភាព​បែប​ណា​, វា​ស្លាប់​ត្រូវ​ជំនួស​ដោយ​មេ​ញី​ថ្មី ឬ​វា​អាច​រស់នៅ​រហូត​ដល់​ទី​បំផុត ។ ការ​គូស​ចុច​ពណ៌​សំគាល់​នេះ​ក៏​ជា​ទង្វើ​មួយ​សំរាប់​អ្នក​ចិញ្ចឹម​ឃ្មុំ​ដែរ ពីព្រោះ​គេ​អាច​ដឹងថា​រយៈពេល​យូរ​ប៉ុន្មាន​ទៅ​ដែល​ឃ្មុំ​ញី​នេះ​អាច​រស់នៅ​ បាន ។ គេ​តែង​កត់ត្រា​ទុក​ពណ៌​របស់​វា ថ្ងៃ​វា​ចាប់ផ្តើម​សកម្មភាព ដោយ​គណនា​តាម​លេខ​កូដ​ពី​សំបុ​កមួយ​ទៅ​សំបុក​មួយទៀត បានន័យថា​ឃ្មុំ​ញី​នីមួយៗ​មាន​លេខ​សំគាល់​របស់​វា​ទៅ​តាម​ពណ៌ ដោយ​មាន​សរសេរ​ចុះ​ថ្ងៃ ខែ យ៉ាង​ច្បាស់លាស់ ។​

​​ឃ្មុំ​ញី​ ជាធម្មតា​ត្រូវបាន​គេ​ផ្តល់​ឲ្យ​វា​នូវ​អាហារ​ពិសេស​ម្យ៉ាង​ហៅថា ហ្គេ្ល​ន​ដូល្លារ ឬ រ៉ូយ៉ាល់​ចែ​ល្លី (Glandular or Royal Jelly) តាំងតែ​ពី​នៅ​ជា​ពង​ឬ​កូន​ឃ្មុំ (​រូប​ជា​ដង្កូវ​) រន្ធ​របស់​ឃ្មុំ​ញី​ត្រូវបាន​បិទ​ការពារ​ដោយ​ពពួក​ឃ្មុំ​ធ្វើការ និង​ត្រូវបាន​ការពារ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត​រហូតដល់ ១៦ ថ្ងៃ​ក្រោយមក​ទើប​ឃ្មុំ​ញី​នេះ​ទម្លុះ​មាត់​រន្ធ​ចេញមក​ខាងក្រៅ ហើយ​ក្លាយទៅជា​ស្តេច​ឃ្មុំ​ញី​ដោយ​ស្វ័យប្រវត្តិ ។ បន្ទាប់ពី​បាន​ចេញ​ពី​រន្ធ​មក​រួចហើយ ឃ្មុំ​ញី​នេះ​ពេញ​រូបរាង​អាច​មាន​សមត្ថភាព​ដោយ​គ្នា (​បង្កាត់​ពូជ​) បាន​ក្នុង​រវាង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ប៉ុណ្ណោះ ។​

​ បី​ថ្ងៃ​បន្ទាប់ពី​ចេញពី​រន្ធ​មក​ឃ្មុំ​ញី​នេះ​នឹង​ហើរ​ចេញពី​សំបុក​ដោយមាន​ ណាត់គ្នា​ជាមួយ​ឃ្មុំ​ឈ្មោល​ចំនួន​ប្រហែល​ពី ១០ ទៅ ១២ ក្បាល (​ឃ្មុំ​ឈ្មោល​នេះ​ភាសា​អង់គ្លេស​ហៅថា ដ្រូ​ន (DRONE) វា​បង្កាត់​គ្នា​ជាមួយ​ឃ្មុំ​ឈ្មោល​ទាំង​ចំនួន ១០ ឬ ១២ ក្បាល​នេះ​រួចរាល់​នៅ​ក្នុង​ផ្ទៃ​លំហរ​រួច​ទើប​ហើរ​ចូល​សំបុក​វិញ (​សូមបញ្ជាក់​ថា​វា​បង្កាត់​គ្នា​គឺ​ក្នុងពេល​កំពុង​តែ​ហើរ​នេះ​តែម្តង​) ។​

​​តែ​គួរ​ អនិច្ចា​ចំពោះ​ឃ្មុំ​ឈ្មោល​ទាំងនោះ បន្ទាប់ពី​បាន​បង្កាត់​រួច​នោះ​ប្រដាប់​បន្ត​ពូជ​របស់​វា​នឹង​ត្រូវ​បណ្តាច់ ​ចេញពី​ខ្លួន​របស់​វា បន្ទាប់​មក​វា​ក៏​ស្លាប់​ភ្លាម​ដែរ ។ ប្រដាប់បន្តពូជ​នោះ​មាន​ផ្ទុក​ទៅ​ដោយ​មេ​ជីវិត​របស់​ឃ្មុំ​ឈ្មោល​សំរាប់​ការ ​បន្ត​ពូជ ។ ឃ្មុំ​ឈ្មោល​ដែល​បង្កាត់​ពូជ​ជាមួយ​ឃ្មុំ​ញី​នេះ​ជា​បន្ត​នឹង​ជួយ​រុញ​ ប្រដាប់​ពូជ​របស់​ឃ្មុំ​ឈ្មោល​មុន​ឲ្យចូល​ជ្រៅ​ទៅក្នុង​ថែម​ទៀត ហើយ​ការ​នេះ​ចេះ​បន្ត​រហូត​គ្រប់​ចំនួន​ឃ្មុំ​ឈ្មោល​ទាំងអស់​ដែល​ឃ្មុំ​ញី​ បាន​ណាត់​ចេញ​ឲ្យទៅ​បង្កាត់​ពូជ ។​

​ ឃ្មុំ​ញី​មាន​កន្សោម​បន្ត​ពូជ​យ៉ាង​ពិសេស​ម្យ៉ាង​ អាច​រក្សា​មេ​ជីវិត​របស់​ឃ្មុំ​ឈ្មោល​បាន​ជាច្រើន​ឆ្នាំ​ទៅ​មុខ​រហូត​ដល់​ ប្រាំ​ឆ្នាំ ឃ្មុំ​ញី​នេះ​ទៀតសោត​អាចបង្កើត​ពង​បាន​ចំនួន​ពី ១៥០០ ទៅ ២៥០០ ពង​ក្នុង​១ ថ្ងៃ រហូត​ដល់​រយៈពេល ៥ ឆ្នាំ​ដែរ ។​

​ រាល់ពេល​ដែល​ឃ្មុំ​ញី​រំកិល​ខ្លួន​ពី​ទី​មួយ​ទៅ​ទីមួយ​តែងតែ​មាន​ពពួក​ឃ្មុំ ​មួយក្រុម​ហៅថា​អង្គរក្ស (អាមាត្យ​) នៅ​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ឃ្មុំ​ញី​នេះ​ជា​និច្ច​ដើម្បី​ការពារ​ផ្តល់​ចំណី​និង​ ជួយ​រាល់​កិច្ចការ​របស់​ឃ្មុំ​ញី​នោះ មិន​តែ​ប៉ុណ្ណោះ​គឺ​ក្រុម​ឃ្មុំ​អាមាត្យ (​ជំនួយការ​ពិសេស​) ទាំងនេះ​មាន​ភារៈ​មួយទៀត​គឺ​ជួយ​បង្ហើរ​ក្លិន​របស់​ឃ្មុំ​ញី​ទៅកាន់​គ្រប់​ ទីកន្លែង​នៃ​សំបុក​ទាំងមូល ដើម្បី​ឲ្យ​ឃ្មុំឯ​ទៀត​បាន​ស្គាល់​និង​បើកផ្លូវ​ឲ្យ​ឃ្មុំ​ញី​នេះ​ ផ្លាស់ប្តូ​ទីកន្លែង​បាន​ស្រួល ។ ពួក​ឃ្មុំ​ជំនួយការ​ពិសេស​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​នូវ​កិច្ចការ​របស់​ឃ្មុំ ​ញី​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកវា​នៅ​បាន​បបោសអង្អែល​ថ្នាក់ថ្នម​ឃ្មុំ​ញី​នេះ ។ មាន​ពពួក​ឃ្មុំ​ធ្វើការ​មួយចំនួន​តែង​មាន​ប្រាថ្នា​បាន​ប៉ះពាល់​ឃ្មុំ​ញី​ នេះ និង​ជួយ​ឃ្មុំ​ញី​ជា​បន្ថែម​ថែមទៀត ដើម្បី​ឲ្យ​ការផលិត​ពង​របស់​ឃ្មុំ​ញី​អាច​ប្រព្រឹត្តទៅ​បាន​ដោយ​គ្មាន​បញ្ហា ។​

៣- ឃ្មុំ​ឈ្មោល​

​​ក្នុង​សំបុក ​ឃ្មុំ​មួយ​មាន​ឃ្មុំ​ឈ្មោល​ត្រឹមតែ​ប៉ុន្មាន​រយ​ប៉ុណ្ណោះ ។ ពពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​ពុំមាន​ប្រយោជន៍​អ្វី​សំខាន់​ចំពោះ​ហ្វូង​ឃ្មុំ​ ឡើយ ពួក​វា​គ្មាន​ធ្វើ​អ្វី​ទាំងអស់ ក្រៅតែពី​រង់ចាំ​បង្កាត់​ពូជ​ជាមួយ​ឃ្មុំ​ញី​ក្នុងករណី​ដែល​ឃ្មុំ​ញី​ថ្មី​ ត្រូវបាន​បង្កើតឡើង​ក្នុង​គ្រាអាសន្ន​ប៉ុណ្ណោះ ។ ពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​ពុំ​មាន​ទ្រនិច​សំរាប់​ទិច​ទេ ហើយ​រូប​កាយ​របស់​ពួកវា​ក៏​ពុំ​ស្អាត​គ្មាន​អនាម័យ​ល្អ ដោយ​ពួក​វា​ដើរ​ចុះ​ឡើង​ក្នុង​សំបុក​ជាមួយ​លាមក​ជាប់​ខ្លួន ពពួក​ឃ្មុំ​ធ្វើការ​រក្សា​សំបុក​តែងតែ​ជួយ​សំអាត​តាម​ក្រោយ​ពួក​ឃ្មុំ​ឈ្មោល ​ទាំងនោះ និង​ធានា​ឲ្យបាន​ថា​សំបុក​ឃ្មុំ​ទាំងមូល​គ្មាន​មេរោគ​ឬអ្វី​អាក្រក់​កើតឡើង​ បានឡើយ ។​

​ ពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​មាន​រូបរាង​ធំ​ជាង​ពួក​ ឃ្មុំ​ដែលជា​អ្នក​ធ្វើការ​រហូត​ពីរ​ដង​មាន​រូប​កាយ​ធាត់​ទ្រលុក មាន​ដុះ​រោម​តាម​ខ្លួន ។ មាន​រឿង​ចម្លែក​មួយ​ដែល​តែងតែ​កើតឡើង​នា​រដូវ​ស្លឹកឈើ​ជ្រុះ​គឺ​ពួក​ឃ្មុំ​ ធ្វើកា​រតែង​សម្លឹង​រកមើល​ឃ្មុំ​ឈ្មោល​ណាមួយ​ដែល​ធាត់​ធំ​ជាង​គេ​រួច​ នាំគ្នា​ខាំ​ពាំ​ឃ្មុំ​ឈ្មោល​នោះ​ទំលាក់ចោល​ទៅ​ដី ទោះបី​ឃ្មុំ​ឈ្មោល​នោះ​ព្យាយាម​ហើរ​ត្រឡប់មក​ចូល​ក្នុង​សំបុក​វិញ​ យ៉ាងណាក៏ដោយ ក៏​ពុំ​អាច​ចូល​វិញ​បាន​ដែរ វា​នឹង​ត្រូវ​រារាំង​ដោយ​ពពួក​ឃ្មុំ​ការពារ​សំបុក​ទប់ស្កាត់​មិន​ឲ្យ​វា​ចូល ​មក​វិញ​បាន​ឡើយ ។ បន្ទាប់​ពី​ព្យាយាម​ចូលមក​ក្នុង​សំបុក​វិញ​មិន​បាន​ឃ្មុំ​ឈ្មោល​នេះ​នឹង​ហើរ ​ចេញទៅ​រក​សំបុក​ណា​ផ្សេង​រួច​រក​ណាត់​ជួប​ជាមួយ​ឃ្មុំ​ញី​ដើម្បី​បង្កាត់​ ពូជ ។​

​​ឃ្មុំ​ឈ្មោល ​អាច​រស់នៅ​មានជីវិត​បាន​ចំនួន​មួយ​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ពពួក​ឃ្មុំ​ធ្វើការ​មាន​អាយុ​ត្រឹម ៥ សប្តាហ៍ បន្ទាប់​មក​វា​នឹង​ត្រូវ​ស្លាប់ ។​

​​ឥឡូវនេះ​យើង ​បានដឹង​ពី​សង្គម​ជីវិត​របស់​ហ្វូង​សត្វ​ឃ្មុំ​ហើយ បញ្ហា​សំខាន់​ជាងគេ​បំផុត​សម្រាប់ឲ្យ​ការចិញ្ចឹ​មបាន​ទទួលជោគជ័យ​ល្អ​គឺ​ ការសង្កត​តាមដានស​កម្ម​ភាព​រប​ស់ព​ពួក​ឃ្មុំ​ញី ទាំង​សកម្មភាព​នៅក្នុង​និង​ក្រៅ​សំបុក​របស់​វា (​សំបុក​យើង​ធ្វើ​មិន​មែន​សំបុក​ឃ្មុំ​វា​ធ្វើ​ទេ​) ប្រការ​ដែល​យើង​បានដឹង​ពី​សកម្មភាព​របស់​វា​អាច​ជួយ​យើង​ឲ្យ​កាន់តែ​ យល់ច្បាស់​ពី​សង្គម​របស់​វា​និង​វិធី​រក្សា​វា សម្រាប់​បន្ត​ពូជ​ទៅមុខទៀត ។​

​​គេ​បាន​ រកឃើញ​ទឹកឃ្មុំ​ដែល​ដក់​នៅក្នុង​គុជ​ទឹក ហើយ​ត្រូវបាន​គេ​សន្មត់​ថា​វា​មាន​អាយុកាល​ប្រមាណ​ជា ៤៥ លាន​ឆ្នាំ​មកហើយ តាម​ការរកឃើញ​នេះ គេ​អាច​ស្មាន​ដឹងថា ឃ្មុំ​អាច​កើត​មាន​តាំងតែ​ពី ២០០ លាន​ឆ្នាំមុន​ម្ល៉េះ ដូចនេះ​ហ្វូង​ឃ្មុំ​បាន​ជួយ​ឲ្យ​រុក្ខជាតិ​ទាំងឡាយនា​គ្រានោះ​មាន​ផ្លែផ្លា​ ហើយ​បន្ត​ធ្វើ​ការងារ​នេះ​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ​ទៀត ពួក​វា​គឺជា​អ្នក​ជួយ​ឲ្យ​យើងទាំងអស់គ្នា​រស់រាន​មាន​ជី​វិបាន នោះ​ក៏​ព្រោះតែ​ចំការ​ច្បារ​ដំណាំ ស្រូវ និង​រុក្ខជាតិ​ផ្សេងៗ​ទៀត​ឲ្យ​ផល​ដល់​យើង​ដែល​កើតឡើង​ពី​សកម្មភាព​របស់​ ឃ្មុំ​នេះឯង ។​

​ ដូចនេះ​ការជួយ​ចិញ្ចឹម​ឃ្មុំ​គឺជា​វិធី​មួយ​ជួយ​រួមចំណែក​យ៉ាង​សំខាន់​ដល់​ វិស័យ​កសិកម្ម ជួយ​បង្កើន​ទិន្នផល ជួយ​បង្កើន​ចំណូល​ដល់​កសិករ និង​ជួយ​រួមចំណែក​ឲ្យ​មនុស្ស​យើង​រស់​បាន​រហូត​មក​ដល់ពេលនេះ បើសិនជា​គ្មាន​ពួក​វា​ទេ​ម្ល៉េះ​សម​យើង​ក៏​នឹង​ពុំ​មាន​ជីវិត​បាន​ដែរ ពីព្រោះ​តែ​ដំណាំ​មិន​អាច​បញ្ចេញ​ផ្លែផ្កា​បាន​គ្រប់គ្រាន់​តាម​ សេចក្តីត្រូវការ ។​

​ ​សូម​ឲ្យ​គ្រប់​គ្នា​ចាត់ទុក​ឃ្មុំ​ថា​ជា​អាហារ​របស់​យើង​, ចំនួន​ឃ្មុំ​ច្រើន​កាលណា​ភោគផល​របស់​យើង​ដូច​ជា​ដំណាំ​និង​ឲ្យ​ផល​ច្រើនឡើង​ ថែម​ទៀត​ដែរ ហេតុ​នេះ​សូម​នាំគ្នា​ជួយ​ចិញ្ចឹម​ឃ្មុំ​ឲ្យបាន​ច្រើនឡើង ដើម្បី​ជា​ប្រយោជន៍​នៃ​យើងទាំងអស់គ្នា ៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: life_of_bee.pdf

ការចិញ្ចឹមសត្វ-ប្រយោជន៍របស់ទឹកឃ្មុំ

1

– ឃ្មុំ​គឺជា​សត្វល្អិត​ម្យ៉ាង​ដែល​ផលិត​ទឹកឃ្មុំ​ហើយអាច​ឲ្យ​មនុស្ស​យើង​ បរិភោគបាន ។ គេ​បាន​ដឹងថា​ឃ្មុំ​បាន​ផលិត​ទឹកឃ្មុំ​តាំងតែ​ពី មួយរយ​សាមសិប​លាន​ឆ្នាំមុន​មកម្ល៉េះ និង​រហូត​មកដល់ពេលនេះ ។ បច្ចុប្បន្ន​នេះ​ទឹកឃ្មុំ​ត្រូវបាន​គេ​ប្រមូល​ដោយ​វិធី ២​យ៉ាង​គឺ :

​+ ប្រមូល​យក​ពី​ក្នុងព្រៃ​

​+ ប្រមូល​យក​ពី​កន្លែង​ដែល​គេ​ចិញ្ចឹម​

– ជាទូទៅ​គេ​តែង​មាន​ជំនឿ​ថា ទឹកឃ្មុំ​ដែល​ប្រមូល​បាន​មក​ពី​ក្នុងព្រៃ​តែងតែ​មាន​គុណភាព​ល្អ​ជា​ង ទឹកឃ្មុំ​ដែល​គេ​ប្រមូល​បាន​មក​ពី​កន្លែង​ដែល​គេ​ចិញ្ចឹម ។ ត្រង់​បញ្ហា​នេះ​នៅ​មិនទាន់​មាន​ការអះអាង​ណាមួយ​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​ ប្រភេទ​ទឹកឃ្មុំ​ទាំង​ពីរ​ប្រភេទ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​បានដឹង​នោះ​គឺ ប្រយោជន៍​ដ៏​សំខាន់​របស់​ទឹកឃ្មុំ និង​មុខរបរ​ចិញ្ចឹម​ឃ្មុំ ដែល​គេ​អាច​ប្រមូលប្រាក់​យ៉ាងច្រើន​ពី​ពលកម្ម​របស់​សត្វ​ឃ្មុំ ។​

តើ​ទឹកឃ្មុំ​មាន​ប្រយោជន៍​អ្វីខ្លះ ?

* ទឹកឃ្មុំ​គឺជា​ស្ករ​ដែល​មាន​លក្ខណៈ​ជា​ធម្មជាតិ មាន​រសជាតិ​ឆ្ងាញ់​ពិសា សម្បូរណ៍​ទៅ​ដោយ​កាបូ​ហាយ​ដ្រេ​ត (Cabohydrates) ជា​សារធាតុ​ម្យ៉ាង​ផ្តល់​នូវ​កម្លាំង និង​ថាមពល​ដល់​រាងកាយ​របស់​មនុស្ស​យើង ។ ក្រៅពីនេះ​គេ​បាន​រកឃើញ​ថា​ទឹកឃ្មុំមាន​ប្រសិទ្ធភាព​យ៉ាងខ្ពស់​បំផុត​ក្នុង​ ការផ្តល់​កម្លាំង​ភ្លាមៗ​ដល់​រាងកាយ កាត់បន្ថយ​នូវ​ការ​នឿយហត់​របស់​សាច់ដុំ ជាពិសេស​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នក​ដែល​ធ្វើ​ការងារ​ដោយ​ប្រើ​ កម្លាំង​ដូចជា អ្នកកីឡា​ជាដើម ។ ទឹកឃ្មុំ​នៅ​បាន​ចាត់ទុកថា​ជា​អ្នក​ជួយ​ការពារ​កុំឲ្យ​ហត់នឿយ​ខ្លាំង​សំរាប់ ​អ្នកកីឡា អ្នក​ហាត់ប្រាណ ដោយ​វា​បឺត​ស្រូប​យក​សារធាតុ​ម្យ៉ាង​ហៅថា គ្លូ​កូស (Glucose) អាច​ឲ្យ​ខ្លួនប្រាណ​យើង​បឺត​ស្រូប​យក​បាន​យ៉ាង​ឆាប់រហ័ស បន្ទាប់​មក​វា​ជួយ​បង្កើន​កម្លាំង​ឲ្យ​យើង​បាន​ភ្លាមៗ ឯ​ចំណែក​សារធាតុ​ម្យ៉ាងទៀត​ហៅ​ថា​ហ្វ្រា​ក់​តូស (Fractose) ធ្វើការ​យឺតៗ​ប៉ុន្តែ​បន្ត​ផ្តល់​ឲ្យ​យើង​នូវ​កំលាំង​ពលំ​ជាប់​ជា​បន្ត ។ ក្រៅពីនេះ​គេ​បាន​រកឃើញ​ទៀតថា​ទឹកឃ្មុំ មាន​ចំណែក​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​រាងកាយ​យើង​បាន​ល្អប្រសើរ​ជាង​ សារធាតុ​ផ្សេងៗ​ទៀត ។​

*សូម​សាកល្បង​ធ្វើ​ដូច​ខាងក្រោនេះ :

  • មុនពេល​ចេញ​ទៅ​ហាត់ប្រាណ​សូម​ពិសារ​ទឹកឃ្មុំ​ចំនួន​១ ស្លាបព្រា​បាយ​សិន ឬ​អាច​មុនពេល​ចេញ​ទៅ​ធ្វើការ​ក៏បាន ។​
  • ក្នុង ​ករណី​ខ្លះ ពេល​យើង​ភ្ញាក់ឡើង​ពី​ដំណេក​នៅ​ពេល​ព្រឹក​យើង​មាន​អារម្មណ៍​ហត់​នឿយ អស់កម្លាំង សូម​យក​ទឹកឃ្មុំ​មក​លាប​លើ​ចំណិត​នំប៉័ង​ជំនួស​ស្ករ ឬ​លាយ​ទឹកឃ្មុំ​នៅក្នុង​តែ​រួច​ពិសារ វា​នឹង​ជួយ​សំរួល​ឲ្យ​យើង​មាន​កម្លាំង​ល្អប្រសើរ​មកវិញ​ភ្លាមៗ ។
  • បើសិន ​ជា​កូនចៅ​របស់​យើង​ពេល​ត្រឡប់មក​ពី​សាលា​វិញ​មាន​អាការៈ​ហត់នឿយ ល្ហិតល្ហៃ សូម​យក​ទឹកឃ្មុំ​ឲ្យ​កូនក្មេង​ទទួលទាន​ជាមួយ​នំ ឬ​នំប៉័ង នោះ​វា​នឹង​មាន​កំលាំង​ល្អប្រសើរ​ឡើងវិញ​ជាមិនខាន ។​

​ ក្រៅ​ពី​ជួយ​រក្សា​និង​បង្កើត​កំលាំង​ឲ្យ​យើង ទឹកឃ្មុំ​គឺជា​អ្នក​ជួយ​រួមចំណែក​ការពារ​ប្រព័ន្ធ​ប្រឆាំង​របស់​រាងកាយ​យើង​ ទប់ទល់​ជាមួយ​ជំងឺ​និង​មេរោគ​ផ្សេងៗ​បាន​យ៉ាង​ល្អ ជួយ​ដល់​ការរំលាយ​អាហារ​របស់​ក្រពះ ជួយ​ផ្សះ​ដំបៅ និង​កែកុន​បញ្ហា​ផ្សេងៗ​ទៀត​របស់​រាងកាយ​យើង ។​

​​នៅ​រៀងរាល់​ ព្រឹក​សូម​លាយ​ទឹកឃ្មុំ​មួយចំណែក ទឹក​ក្រូចឆ្មា​មួយចំណែក​ស្មើគ្នា ក្នុង​ទឹក​ក្តៅ​មួយពែង ដើម្បី​សម្រួល​ឲ្យដល់​រាងកាយ​របស់​យើង និង​ជួយ​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា​ព្រម​គ្នា ។​

​​ទឹកឃ្មុំ​នៅ ​អាច​យក​មក​លាប​ព្យាបាល​ការ​ប្រេះ​បបូរមាត់ ដំបៅ​ហើម អ្នកចំរៀង​ភាគច្រើន​បាន​ពិសារ​ទឹកឃ្មុំ ឬ​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅពិ​សារ មុនពេល​ឡើង​ច្រៀង​ដើម្បី​សម្រួល​ដល់​បំពង់​ក​ឲ្យមាន​ភាព​សើម​មិន​ស្ងួត​ក​ ពេល​ច្រៀង ។​​ ​ទឹកឃ្មុំ​ត្រូវបាន​គេ​យក​ទៅ​ផ្សំ​ជាមួយ​រូបមន្ត​ផ្សេង ដោយ​គិត​ទាំង​គ្រឿង​មុខ​ម្ហូប គ្រឿងសំអាង សាប៊ូ​ដុះ​ខ្លួន នំ ៘​​

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: interests_of_honey.pdf

ការចិញ្ចឹមសត្វ-ឃ្មុំ

1

ឃ្មុំ ​គឺជា​សត្វល្អិត​ម្យ៉ាង​ដែល​ផលិត​ទឹកឃ្មុំ ក្រៅពី​ឃ្មុំ​គឺ​នៅ​មាន​សត្វល្អិត​ម្យ៉ាង​ទៀត​ដែល​ផលិត​ទឹកឃ្មុំ​ដែរ ហើយ​ខ្មែរ​យើង​និយម​ហៅថា? ​ពង្រួ​ត? វា​មាន​រូបរាង​តូច​ជាង​ឃ្មុំ​ច្រើន ហើយ​វា​ច្រើន​យក​រន្ធ​ឈើ​ប្រហោង​ធំៗ​ធ្វើ​ជា​សំបុក​របស់​វា ខុស​ពី​សត្វ​ឃ្មុំ​ដែល​កកើត​សំបុក​តាម​មែកឈើ ឬ​តាម​អាគារ​លំនៅដ្ឋាន ។​

​ នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន​គេ​បាន​ចិញ្ចឹម​ឃ្មុំ​ជា​របៀប​មួយ​ប្លែក​ពី ​ធម្មតា គឺ​ធ្វើ​នៅ​ប្រអប់​ឡាំង ក្រដាស ឬ​ឈើ​សម្រាប់​ឲ្យ​ឃ្មុំក​កើត​ជា​សំបុករប​ស់​វា ។ ក្រៅពីនេះ នៅ​តាម​ចំការ​មួយចំនួន​ម្ចាស់​ចំការ​បាន​ចិញ្ចឹម​ឃ្មុំ​នៅក្នុង​ចំការ​របស់​ ខ្លួន​ដើម្បី​ទាញយក​ផលប្រយោជន៍ ២ យ៉ាង​គឺ :

​ ​- ទីមួយ : ឲ្យ​ឃ្មុំ​ជួយ​បង្កាត់​លំអង​ញី​ឈ្មោល​របស់​ដំណាំ​ដើម្បី​ឲ្យ​វា​មាន​ផ្លែផ្កា​ច្រើន

​ ​- ទី​ពីរ : គេ​បាន​ទទួល​ទឹកឃ្មុំ​ពី​ឃ្មុំ​ដែល​គេ​បាន​ចិញ្ចឹម​នោះ​

​​ក្រៅ​ពី​ ប្រយោជន៍​ទាំងពីរ​ខាងលើ​នេះ ឃ្មុំ​អាច​នៅ​ជួយ​កាត់បន្ថយ​បាន​នូវ​ការយាយី​ពី​សំណាក់​សត្វល្អិត​ផ្សេងៗ​ ទៀត​ពេល​ដំណាំ​ចេញ​ផ្កា ប៉ុន្តែ​ប្រការ​នេះ​មិនទាន់​មាន​ការអះអាង​ណាមួយ​ឲ្យបាន​ជាក់លាក់​នៅឡើយ​ទេ ។​

​​ដោយហេតុ​ថា​ តម្លៃ​ទឹកឃ្មុំ​នៅលើ​ទីផ្សារ​មានតម្លៃ​ថ្លៃ ដូចនេះហើយ​ទើប​មាន​មនុស្ស​ជាច្រើន​មាន​បំណង​ស្វែងយល់​ពី​វិធី​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​នៅ​ពុំទាន់​មាន​ឯកសារ ឬ​សៀវភៅ​ណាមួយ​និយាយ​ពី​វិធី​ចិញ្ចឹម​ឃ្មុំ​នេះ​នៅឡើយ​ទេ ហេតុនេះ​អត្ថបទ​មេរៀន​ស្តីពី​ការចិញ្ចឹម​ឃ្មុំ​នេះ អាច​ជា​ជំនួយស្មារតី​មួយ​សំរាប់​អ្នក​ដែល​មាន​បំណង​ចង់​ចិញ្ចឹម​ឃ្មុំ ។​

១- ទីតាំង

​​ដើម្បី​ឲ្យ​ ការចិញ្ចឹម​ឃ្មុំ អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ​យើង​ត្រូវ​មាន​ទីតាំង​មួយ​សមស្រប ឆ្ងាយ​ពី​ភូមិឋាន អាច​ជា​ដីចំការ ដី​ទំនេរ​ទុក​ចោល​ដែល​មិន​មាន​ការរំខាន​ពី​មនុស្សម្នា​ផ្សេងៗ ។ នៅលើ​ទីតាំង​ដី​នេះ បើសិនជា​យើង​អាច​ដាំ​បន្ថែម​នូវ​ដើមឈើ​មួយ​ចំនួន​ដែល​សម្បូរណ៍​ផ្កា ដូចជា លឿង​រាជ្យ អង្កា​ញ់ អូយ​ម៉ូយ ឬ​ដើមឈើ​ណា​ដែល​មាន​ផ្កា​ច្រើន ពីព្រោះ​ផ្កាឈើ​ទាំងនោះ​គឺជា​ការទាក់ទាញ​មួយ ហើយក៏​ជា​អ្វី​ដែល​ឃ្មុំ​ត្រូវការ​ផង​ដែរ ។​

​​ទីតាំង​ដី​ សំរាប់​ចិញ្ចឹម​ឃ្មុំ​នោះ ពុំ​ចាំបាច់​មាន​ទំហំ​ធំ​ពេក​ទេ ប៉ុន្តែ​បើសិនជា​មាន​ទំហំ​ធំ​ក៏​ជា​ការ​ប្រសើរ​ដែរ ។ ទំហំ​ដី​ដែល​យើង​ត្រូវការ​គឺអាច​អាស្រ័យ​ទៅ​លើ​ចំនួន​សំបុក​ឃ្មុំ ដែល​ត្រូវ​ចិញ្ចឹម​និង​ការ​ដែល​យើង​អាច​គ្រប់គ្រង​វា​បាន ។ ក្នុង​ករណី​ខ្លះ ការជ្រើសរើស​ទីតាំង​បាន​ល្អ​ដូចជា នៅក្បែរ​ព្រៃ និង​ក្បែរ​ចំការ​ធំៗ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ដល់​ការចិញ្ចឹម​ឃ្មុំ ឲ្យ​ដំណើរការ​ទៅ​បាន​ល្អ​ប្រសើ​រដែរ ។​

២- ពូជ​ឃ្មុំ​សម្រាប់​យក​មក​ចិញ្ចឹម​

​ឃ្មុំ​មាន​ ច្រើន​ពូជ គឺ​ឃ្មុំ​ធំ​ជា​ប្រភេទ​ឃ្មុំ​ដែល​ស្ថិតនៅ​ក្នុង​ព្រៃធំៗ ឃ្មុំ​មួយ​ពួក​ទៀត​ដែល​មាន​មាឌតូច​ជាង​បន្តិចក្រៅពីនេះ​គេ​ឃើញ​មាន​ឃ្មុំ​ មួយ​ប្រភេទ​ទៀត​ដែល​យើង​និយម​ហៅ​ថា​ឃ្មុំ​អាចម៍​ឆ្កែ វា​ច្រើន​មាន​ទំហំ​តូចៗ គេ​ច្រើន​ឃើញ​ឃ្មុំ​ប្រភេទ​នេះ​នៅតាម​ព្រៃរបោះ គុម្ព​ត្រែង ឬ​តាម​ទី​វាលទំនាប​លិច​ទឹក​នានា ។​

​​ប្រភេទ​ ឃ្មុំ​ដែល​យើង​អាច​យក​មក​ចិញ្ចឹម គឺជា​ពពួក​ឃ្មុំ​ដែល​មាន​សំបុក​ខ្នាត​មធ្យម ដែល​ឧស្សាហ៍​បាន​ឃើញ​នៅ​តាម​ដើមឈើ ឬ​ចំការ​ពីព្រោះ​ឃ្មុំ​ប្រភេទ​នេះ​វា​មិនសូវ​បង្ក​គ្រោះថ្នាក់​ដល់​យើង​, មាន​ការងាយស្រួល​ក្នុង​ការគ្រប់គ្រង ម្យ៉ាង​ទៀត​យើង​ងាយស្រួល​រក​ពូជ​ផង ។

៣- ប្រភេទ​ប្រអប់​សម្រាប់​ចិញ្ចឹម​

​ប្រអប់​ សំរាប់​ធ្វើជា​សំបុក​ឲ្យ​ឃ្មុំ​ស្នាក់នៅ​គេ​ច្រើន​ធ្វើ​ពី​ឈើ ឬ​ដែក​បន្ទះ​សង្ក័សី​ជា​សំបក​ខាងក្រៅ ប៉ុន្តែ​សម្រាប់​ប្រទេស​យើង​, យើង​មិន​អាច​ធ្វើ​ពី​សង្ក័សី​បានទេ ពីព្រោះ​ប្រទេស​យើង​ក្តៅ ។

៤- ចំណី​របស់​ឃ្មុំ​

​យើង​ពុំ​ ចាំបាច់​ត្រូវ​ដាក់​ចំណី​ឲ្យ​វា​ស៊ី​ដូចជា​ការចិញ្ចឹម​ជ្រូក មាន់ ទា​នោះ​ឡើយ អ្វី​ដែល​យើង​ត្រូវ​ការចាំបាច់​នោះ​គឺ កូន​អាងទឹក​មួយ​មាន​ទឹក​ស្អាត សម្រាប់​ឲ្យ​ឃ្មុំ​ផឹក និង​ចាន​ទឹក​ស្ករ មួយចំនួន​សំរាប់​ទាក់ទាញ​កុំឲ្យ​ឃ្មុំ​នោះ បោះបង់​សំបុក​ចោល​ទៅ​រក​កន្លែង​ថ្មី​ទៀត ។​

៥- ការថែរក្សា​ឃ្មុំ និង​ការត្រួតពិនិត្យ​

​​សំបុក​ឃ្មុំ ​ទាំងអស់​ត្រូវ​មាន​ការត្រួត​ពិនិត្យ​ជាប់​ជាប្រចាំ យ៉ាងហោច​ណាស់​ឲ្យបាន​ចំនួន ៣ ដង ក្នុង​មួយ​សប្តាហ៍​ដែរ ដើម្បី​ឲ្យដឹង​ពី​ស្ថានភាព​រប​ស់​ឃ្មុំ​នោះ​វា​មាន​សកម្មភាព​យ៉ាង​ណា ។​

៦- សម្ភារៈ​ត្រូវការ​ចាំបាច់​សម្រាប់​ការចិញ្ចឹម​ឃ្មុំ​

​​ក្នុងករណី​ ដែល​យើង​ត្រូវធ្វើ​វា​ជា​របៀប​អាជីវកម្ម យើង​ប្រហែលជា​ត្រូវ​ទាមទារ​ឲ្យមាន​សំលៀក បំពាក់​សំរាប់​ការពារ​ខ្លួន​កុំឲ្យ​ឃ្មុំ​ទិច ស្រោមដៃ​ក្រាស និង​ស្បែកជើង។ ក្រៅពីនេះ​គឺ​មានតែ​ឧបករណ៍​សម្រាប់​កៀប​យក​ទឹកឃ្មុំ ពី​ព្រោះ​ការ​ច្របាច់​ដោយ​ដៃ​ពុំ​អាច​យក​ទឹកឃ្មុំ​ចេញ​អស់​បានទេ ។​

​​* ជាបឋម : (​មុន​ចាប់ផ្តើម​ចិញ្ចឹម​) ​មុនពេល​ចាប់ផ្តើម​ចិញ្ចឹម​សូម​ធ្វើ​ប្រអប់​សំបុក​ឃ្មុំ​ឲ្យបាន​តាម​ចំនួន​ ដែល​យើង​ត្រូវការ​សិន ចំនួន​សំបុក​ច្រើន​ប៉ុន្មាន​នោះ​គឺ​អាស្រ័យ​ទៅលើ​ធនធាន និង​បំណងប្រាថ្នា ។​ ​ ​ប្រអប់​នីមួយៗ​ត្រូវមាន​លក្ខណៈ​ត្រឹមត្រូវ​តាម​គំនូរ​ដែល​បាន​ភ្ជាប់​មក​ ជាមួយ ។ ឈើ​ក្តារ​ដែល​យើង​យកមកប្រើ​អាច​ជា​ក្តារ​កុំ​ផ្លាកេ​ក៏បាន ជា​បន្ទះក្តារ​ធម្មតា​ក៏​បាន​ទៅ​តាម​ការ​ចូល​ចិត្ត ។​
​​* ក្រៅពី​នេះ​យើង​នៅ​ត្រូវការ ក្រមួនឃ្មុំ​មួយចំនួន​សំរាប់​យកមក​ធ្វើ​ជា​ពុម្ព​រន្ធ​សំបុក​ឃ្មុំ ពុម្ព​នេះ​នៅ​ប្រទេស​គេ​មាន​លក់​សំរាប់​អ្នក​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​យើង​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​ដោយ​ការ​គូរ ឬ​ធ្វើ​ជា​ពុម្ព​ចាក់ ។​

៧- សំបុក​ឃ្មុំ​

​​យើង​នឹង​មាន ​ការលំបាក​ក្នុង​ការស្វែងរក​សំបុក​ឃ្មុំ ដើម្បី​យក​ពូជ​មក​ផ្សាំ​បង្កើតជា សំបុក​សិប្ប​និមិត្ត​របស់​យើង ។​ ​ក្រៅពី​ដើររក​ដោយ​ខ្លួនឯង​យើង​អាច​សាកសួរ​អ្នក​ដែល​មាន​ជំនាញ​ខាង​រក​ឃ្មុំ ​ឲ្យគេ​រក​មក​ឲ្យ​យើង ឬ​យើង​អាច​ទៅ​ជាមួយ​គេ​ក៏​បាន ។​

៨- វិធី​នៃ​ការនាំយក​ឃ្មុំ​មក​ផ្សាំ​ចិញ្ចឹម​

  • ត្រូវ​មាន​ធុង​ស្អាត​មួយ (​ធុង​ស្ពេ​ត្រូ​)
  • ទឹក​ស្ករ​ចំនួន ២ លីត្រ ស្ករ ១ គីឡូក្រាម លាយ​ទឹក ១ លីត្រ​
  • ប្រដាប់​សម្រាប់​បាញ់​ទឹក​ស្ករ (​សូម​ប្រើ​ធុង​បាញ់ថ្នាំ​) ​ប៉ុន្តែ​ទឹក​ស្ករ​ត្រូវមាន​ចំនួន​ច្រើន​បន្តិច​បើ​ប្រើ​ធុង​បាញ់ថ្នាំ ។​
  • សំណាញ់​ក្រឡា​ញឹក​សំរាប់​គ្របមាត់​ធុង​
  • កៅស៊ូរឹត​សំរាប់​រឹត​សំណាញ់​ភ្ជាប់​មាត់​ធុង​
  • សំលៀក​បំពាក់​ការពារ​ខ្លួន​កុំឲ្យ​ឃ្មុំ​ទិច​
  • ហាម​ប្រើ​ផ្សែងភ្លើង​ជាដាច់ខាត​

​​ខណ​:​រកឃើញ​ សំបុក​ឃ្មុំ​ហើយ យើង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​អាច​ព្យួរ​ធុង​ស្ពេ​ត្រូ​ពី​ខាង​ក្រោម​សំបុកឃ្មុំ ដើម្បី​ត្រង​យក​ទឹកឃ្មុំ​បាន ប្រការ​នេះ​ត្រូវ​ធ្វើ​ដោយ​ប្រយ័ត្នប្រយែង​ក្នុងករណី​ដែល​វា​ស្ថិតនៅ​ក្នុង​ ទី​មួយ​ខ្ពស់ ។​

​​រក​វិធី​ចង​ ធុង​ពីក្រោម​សំបុក​ឲ្យ​ជាប់​ល្អ បន្ទាប់​មក​ចាប់ផ្តើម​បាញ់​ទឹក​ស្ករលើ​សំបុក​ឃ្មុំ​ស្រាលៗ រហូត​សព្វ​ជុំវិញ​សំបុក ។ សត្វ​ឃ្មុំ​ពេល​ត្រូវ​ទឹក​ស្ករ​ស្អិត​វា​ពុំ​អាច​ហើរ​បានឡើយ សត្វ​ឃ្មុំ​នឹង​ធ្លាក់​ចូល​មក​ក្នុង​ធុង ដែល​ដាក់​ត្រង​នៅ​ខាងក្រោម ។ ព្យាយាម​បាញ់​សាចទឹក​ស្ករ​លើ​ឃ្មុំ​រហូត​ឃ្មុំ​លែង​អាច​ហើរ​កើត យើង​អាច​អារកាត់​យក​ទាំង​បង្គងឃ្មុំ ឬ​យក​តែ​ឃ្មុំ​ក៏​បាន ។​

​​ឃ្មុំ​ដែល​ យើង​យក​បាន​មក​ហើយ ត្រូវ​ប្រញាប់​រួសរាន់​លាយ​ទឹក​ស្ករ ១ ផ្នែក ទឹកឃ្មុំ ១ ផ្នែក​ដាក់​ក្នុង​ចាន​រួច​លាប​តាម​បន្ទះ​សំបុក​សិប្ប​និមិត្ត ក្រៅពី​នេះ​ដាក់​ចាន​ល្បាយ​ទឹកឃ្មុំ​នៅត្រង់​មាត់​រន្ធ (​កុំ​ឲ្យ​បិទ​ផ្លូវ​ចេញចូល​របស់រន្ធ​ឲ្យសោះ​) ។​

​​ចំពោះ​ឃ្មុំ ​ដែល​ប្រមូល​បាន​មក​នោះ​ត្រូវ​ដាក់​ចូល​ទៅក្នុង​សំបុក​សិប្ប​និមិត្ត រួច​បន្សល់​ខ្លះ​ទៀត​ឲ្យ​វា​ចូល​តាម​រន្ធ​ពី​ខាងក្រោម​ប្រអប់​សំបុក បើសិន​ជា​សំណាងល្អ ឃ្មុំ​នឹង​បង្កើត​មេ​មួយ​ថ្មី (​ស្តេច​ញី​) តែបើ​សំណាង​គ្មាន​នោះ​ឃ្មុំ​នឹង​ហើរ​ចេញ​អស់ ឬ​មិន​បង្កើត​មេ​ថ្មី​ឡើយ ។​

​ ហេតុ​នេះ​យើង​ត្រូវ​តាមដាន​មើល​រាល់​ថ្ងៃ​ពី​ សកម្មភាព​របស់​វា​សូម​កុំ​បារម្ភ​ពី​ទឹក​ស្ករ​ដែល​ស្អិត​ជាប់​លើ​ខ្លួន​វា​ មិនយូរប៉ុន្មាន គ្នា​វា​និង​បឺត​ស្រូប​យក​ទឹក​ស្ករ​នោះ​អស់​គ្មាន​សល់​ទេ ។​​ ​ក្នុងករណី​ដែល​ឃ្មុំ​បាន​បញ្ចេញ​មេ​ថ្មី នោះ​មានន័យ​ថា​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ជោគជ័យ​ហើយ ។​

​ខាងលើ​នេះ​គឺ​គ្រាន់តែ​ជា​ការ​សង្ខេប​ចំពោះ​ការចាប់ផ្តើម​ចិញ្ចឹម​ឃ្មុំ​គ្រា​ដំបូង​ប៉ុណ្ណោះ ។

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: stategy_feed_bee.pdf

ការចិញ្ចឹមសត្វ-ជន្លេន

បទពិសោធន៍​ចិញ្ចឹម​ជន្លេន
1

ជន្លេន ​មាន​សារៈប្រយោជន៍​ដល់​មនុស្ស ស​ត្វ រុក្ខជាតិ បំបែក​សារធាតុ​សរីរាង្គឲ្យ​ពុកផុយ (សំរាម ឬ​លាមក​សត្វ កាកសំណល់​ផ្ទះបាយ) ។ ជន្លេន​មាន​ប្រូតេអ៊ីន​ពី ៦០ ទៅ ៧០ ភាគរយ ។ ​ដោយសារ​ជន្លេន​មាន​ប្រូតេអ៊ីន​ច្រើន មាន​កសិករ​មួយចំនួន​បាន​ប្រើ​ធ្វើ​ជា​ចំណី​មាន់ ធ្វើឲ្យ​មាន់ឆាប់​ធំធាត់ ។ យោង​ទៅលើ​ផលប្រយោជន៍​ច្រើន​នៅពេល​ថ្មីៗ​នេះ មាន​កសិករ​មួយចំនួន​ចាប់ផ្តើម​ចិញ្ចឹម​ជន្លេន​ឲ្យ​មាន់ ត្រី ស៊ី ឬ​លក់ ។ នៅ​លេខ​នេះ ខ្ញុំ​សូម​លើកយក​បទពិសោធន៍​ចិញ្ចឹម​ជន្លេន​របស់​កសិករ រាជ ឆាន រស់នៅ​ភូមិ​កណ្តាល ឃុំ​ចេក ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង មក​បង្ហាញ​ជូន​បងប្អូន​កសិករ​ទុកជា​គំនិត​សម្រាប់​សាកល្បង​តាម​:

១. វត្ថុធាតុដើម​សម្រាប់​ចិញ្ចឹម​

  • ​លាមក​សត្វ (​ស្រស់​) ដូចជា លាមក​គោ ក្របី ជ្រូក មាន់ (​ជា​ចំណី​ដែល​ជន្លេន​ចូលចិត្ត​បំផុត)។​

២. ការជ្រើសរើស​ទីកន្លែង​ចិញ្ចឹម

  • ​ជ្រើសរើស​ទីកន្លែង​ចិញ្ចឹម​លើ​ដី​ទួល​មិន​លិច​ទឹក ឬ​មិន​ដក់​ទឹក​
  • ​ជ្រើសរើស​ទីកន្លែង​ដែល​មាន​ខ្យល់​ស្រឡះ​ល្អ ។​

៣. របៀប​បង្កើត​ពូជ​ជន្លេន​

  • ​យក​លាមក​គោ ស្រស់​ចាក់​ជា​ពំនូក (៣ ទៅ ៥ ប​ង្គី​) នៅ​កន្លែង​ស្រឡះ​ទូលាយ​ដែល​មាន​ខ្យល់​គ្រប់គ្រាន់​
  • ​ស្រោច​ទឹក ២ ដង ក្នុង​១ ថ្ងៃ (​ព្រឹក និង​ល្ងាច​) លៃ​យ៉ាងណា​ឲ្យ​ពំនូកជី​មានសំណើម និង​កំដៅ​
  • ​រយៈពេល ២-៣ អាទិត្យ នឹង​កើត​មាន​ពូជ​ជន្លេន​នេះ ។​

៤. របៀប​ចិញ្ចឹម​ជន្លេន​

​​៤.១ របៀប​រៀបចំ​កន្លែង​ចិញ្ចឹម​

  • ​រៀបចំ​កន្លែង​ចិញ្ចឹម​លើ​ដី​ទួល​ក្រោម​ម្លប់ឈើ​
  • ​សំអាត​ស្មៅ​លើ​ផ្ទៃដីប្រមាណ ២ ម៉ែត្រការ៉េ​
  • ​បង្ហាប់ដី​ឲ្យ​ហាប់ រួច​យក​លាមក​គោ​ស្រស់​មក​ពូន​ជា​គំនរ ។​

​​៤.២​ របៀប​លែង​ពូជ​

  • ​ជ្រើសរើស​តែ​ជន្លេន​មាន​ដង​ខ្លួន​ធំ ហើយ​ថ្លោស មាន​ប្រវែង​ពី ១០-១៥ ហ៊ុន​
  • ​ប្រមូល​ពូជ​ជន្លេន​ពី​កន្លែង​បង្កើតពូជ​នៅ​ម៉ោង ៦ ល្ងាច (​ពីព្រោះ​ជន្លេន​ខ្លាច​ពន្លឺ និង​កំដៅថ្ងៃ​)
  • ​មុន​នឹង​លែង​ជន្លេន​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើ​មតិចៗ​ឲ្យ​ជន្លេ​នងាយ​វា​រចូល​ក្នុង​ពំនូក​ជី​
  • ​បរិមាណ​ជន្លេន​ដែល​លែង​គឺ ពី ២ ទៅ ៣ គីឡូក្រាម (​ជន្លេន ៧០ ភាគរយ និង​ជីលា​មក​សត្វ​ដែល​នៅ​ជាប់ ៣០ ភាគរយ​) ។

៤.៣ របៀប​ថែទាំ​

  • ​យក​មែក​ឫស្សី​គ្រប​កន្លែង​ចិញ្ចឹម​ការពារ​មាន់​កាយ ដោយ​ធ្វើ​រនាំង​បាំង ឬ​យក​បន្លា​ឫស្សី​ដាក់​ពទ្ធ័ជុំវិញ​
  • ​ពំនូក​ជី​ត្រូវ​គ្រប​ស្លឹកត្នោត (​កាត់បន្ថយ​ពន្លឺ​) ឬ​ធ្វើ​របង​ប្រក់​តំបូល​ស្លឹក
  • ​ស្រោច​ទឹក ២ ដង ក្នុង​មួយ​ថ្ងៃ​
  • ​ទឹក​ដែល​ស្រោច​ពំនូក​ជី​នេះ ត្រូវ​គ្មាន​ជាតិពុល ប្រៃ ប្រេង ឬ​ស្អុយ (​ទឹក​ធម្មជាតិ​)
  • ​ដាក់​ថែម​អាចម៍គោ​ស្រស់​ថ្មីៗ ពីរ​ថ្ងៃ ចំនួន ១ ប​ង្គី (៥ គីឡូក្រាម​)
  • ​ការ​ថែម​ អាចម៍គោ​អាស្រ័យ​ពេលវេលា​គឺ នៅពេល​យើង​សង្កេត​ឃើញ​វា​បញ្ចេញ​កាកសំណល់​អាចម៍​ជន្លេន​ចេញមកក្រៅ​ច្រើន ហើយ​វា​ស៊ី​អស់​អាចម៍គោ​ថ្មីៗ ។ ត្រូវ​រាយ​លាមក​គោ​ស្រស់​ពីលើ​រង​ជន្លេន កំរាស់​ពី ២ ទៅ ៣ តឹក​
  • ពំនូក​ជី​ចិញ្ចឹម​ជន្លេន​

1

  • ​នៅ​រដូវប្រាំង ដាក់​បន្ថែម​អា​ចម៍​គោ​ឲ្យ​ស៊ីពី ២ ទៅ ៣ ដង ក្នុង ១ អាទិត្យ ក្រោយ​មក​គ្រប​វិញ ហើយ​ស្រោច​ទឹក​
  • ​នៅ​រដូវវស្សា ដាក់​អាចម៍គោ​ឲ្យ​ស៊ីពី ៣ ទៅ ៥ ដង ក្នុង ១ អាទិត្យ ក្រោយ​មក​គ្រប​វិញ ហើយ​ស្រោច​ទឹក ។​

​៤.៤ របៀប​ការពារ​

​​ក្នុង​ការចិញ្ចឹម​ជន្លេន ត្រូវ​យកចិត្តទុកដាក់​ការពារ​បញ្ហា​មួយចំនួន​ដូចជា​:

  • ​មាន់​កាយ​ស៊ី កង្កែប បក្សី ស្រមោច កណ្តុរ​
  • ​ទឹក​ស្រោច​កុំឲ្យ​មាន​ជាតិ​ជូរ ប្រៃ ឬ​មាន​ជាតិពុល​
  • ​ការពារ​ទឹកភ្លៀង​ហូរ​លិច ឬ​កំដៅថ្ងៃ (​ក្តៅ​ខ្លាំង​) ។​

៥.​របៀប​ប្រមូល​ផល​ជន្លេន និង​អាចម៍​ជន្លេន​

​​ក​. អាចម៍​ជន្លេន​

​អាចម៍​ជន្លេន ​ពេល​វា​បញ្ចេញ​មក​ក្រៅ​ពំនូក យើង​ប្រមូល​វា​យក​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត រក្សា​ក្នុង​ម្លប់​កុំ​ឲ្យ​ត្រូវ​ទឹកភ្លៀង​ទុកដាក់​ដំណាំ ឬ​ដាក់​បាត​ស្រះ ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​ក្នុង​ស្រះ​ឲ្យ​ត្រីស៊ី ។​

  • ​ដាក់​ដំណាំ : យក​អាចម៍​ជន្លេ ២០ ទៅ ៣០ ភាគរយ លាយ​ជាមួយ​ជី​
  • ​ដាក់​ស្រះ​ត្រី : ១៥ ទៅ ២០ គីឡូក្រាម ក្នុង ១០០០ ម៉ែត្រក្រឡា​
  • ​ដាក់​រង​បន្លែ​ពី ០.៨-១ គីឡូក្រាម ក្នុង ១០ ម៉ែត្រក្រឡា (​ផ្ទៃ​ដី​រង​ដាំ​ដំណាំ​)
  • ​ប្រើ​ធ្វើជា​ទឹក​ជី ដោយ​លាយ​អាចម៍​ជន្លេន ១១ គីឡូក្រាម ជាមួយ​ទឹក ៥ លីត្រ កូរ​ឲ្យ​សព្វ រក្សាទុក ១ ថ្ងៃ ទើប​យក​ទៅ​ស្រោច​ដំណាំ ។​

​ខ​. ជន្លេន​:

​ក្រោយ​ពី​ ចិញ្ចឹម​បាន​រយៈពេល ៤ ខែ អាច​ប្រមូល​ជន្លេន​បាន​ពី ២០-២៥ គីឡូក្រាម​ក្នុង ១ ម៉ែត្រការ៉េ។ ជន្លេន​អាច​យកមក​ច្នៃ​សម្រាប់​ប្រើប្រាស់​ជា​ចំណី​សត្វ​តាមរបៀប​ខាងក្រោម​:

  • ​សំអាត​យក​ជន្លេន (​រែង​យក​ដី​ចេញ រួច​លាង​ទឹក​)
  • ​យក​ជន្លេន ៣ គីឡូក្រាម លាយ​ជាមួយ​កន្ទក់ ១ គីឡូក្រាម រួច​ក្រឡុក​ពី ១០ ទៅ ១៥ នាទី វាន​នឹង​ងាប់​
  • ​ប្រើ​កញ្ច្រែង​រែង ដើម្បី​បំបែក​ជន្លេន និង​កន្ទក់​ចេញ​ពី​គ្នា​
  • ​ក្រោយមក​ហាលថ្ងៃ ២ ទៅ ៣ ថ្ងៃ ធ្វើយ៉ាងណា​ឲ្យ​ជន្លេន​ស្ងួត
  • ​រក្សាទុក (​លាយ​ជាមួយ​ចំណី​ឲ្យ​សត្វ​ស៊ី ដូចជា កង្កែប មាន់ ត្រី អន្ទង់​) ។ កូន​មាន់​ឲ្យ​ស៊ីពី ១-២ ដង ក្នុង ១ អាទិត្យ បរិមាណ ១ ក្រាម ក្នុង ១ ក្បាល និង​ក្នុង ១ ដង ។ ​កូន​មាន់​ដែល​ស៊ី​ជន្លេន​វា​នឹង​ឆាប់​ធំ៕

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF

Download: feed_earthworm.pdf

 

ការចិញ្ចឹមសត្វ-អង្ក្រង​យក​ពង​

អង្ក្រង​យក​ពង​លក់​
1

អង្ក្រង ​ត្រូវបាន​គេ​ប្រើប្រាស់​ធ្វើជា​គ្រឿង​កំចាត់​សត្វល្អិត​ចេញពី​ដំណាំ អស់កាល​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ នៅក្នុង​ប្រទេស​ចិន​។ ដោយ​បង្កើត​ឲ្យ​មាន​សំបុក​អង្ក្រង​នៅតាម​ដើមឈើ​យក​ផ្លែ តាមរយៈ​ការ​ចងខ្សែ​បន្ត​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត​សម្រាប់​ឲ្យ​អង្ក្រង​ វា​បង្កើត​សំបុក​ថ្មី​នៅលើ​ដើមឈើ​ថ្មី​។​

​​ក្រៅពី​ ត្រូវបាន​ប្រើ​ធ្វើជា​គ្រឿង​កំចាត់​សត្វល្អិត​ក្នុង​ចំការ​ដំណាំ​លាង​ អង្ក្រង គឺជា​អាហារ​ពិសេស​ម្យ៉ាង​មានឱជារស​យ៉ាង​ឆ្ងាញ់​ពិសារ ត្រូវបាន​ពលរដ្ឋ​នៅក្នុង​តំបន់​ត្រូ​ពិ​ក​និយម​ចូលចិត្ត សូម្បី​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក៏ដោយ​។​

​ពងអង្ក្រង​ នៅក្នុង​ទីផ្សារ​សព្វថ្ងៃ ពងអង្ក្រង​ថ្មី​ មានតម្លៃ​រហូតដល់​មួយ​គីឡូ​ជាង​មួយ​ម៉ឺន​រៀល​។ ឯ​ពងអង្ក្រង​ជ្រក់​រួច មានតម្លៃ​ច្រើនជាង​នេះ​។​

​សូម​យកទៅ​ពិចារណា​ចុះ​ថា តើ​វា​អាច​ឲ្យ​យើង​រកចំណូលបាន​ដែរ​ឬទេ​? បើសិនជា​មួយថ្ងៃ​អាចរ​កពង​បាន​ទៅ​ដប់​គូ​ឡូ​..!!

​​ដើម្បី​ ចិញ្ចឹម​អង្ក្រង​យក​ពង គឺជា​រឿង​មួយ​ងាយស្រួល​បំផុត ទោះបី​មាន​ចំការ​ខ្លួនឯង​ក្តី គ្មាន​ក្តី មិនមែនជា​បញ្ហា​ឡើយ ព្រោះ​នៅតាម​ព្រៃ​ជាយៗ​ភូមិ​តែងមាន​ដើមឈើ​មាន​សម្បុក​អង្ក្រង​នៅ​ទីនោះ​ ស្រាប់ បើ​នៅតាម​ចំការ​តែងមាន​ដើម​ស្វាយ ឬ​ដើមឈើ​ផ្សេងៗ យើង​គ្រាន់តែ​យក​ខ្សែ​មក​ចង​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត គឺជា​ការ​ស្រេច​។​

​ចំពោះ​ចំណី​ របស់​វា​វិញ យើង​អាច​យក​កាកសំណល់​ត្រី​សាច់​ពី​ផ្ទះបាយ​ដាក់​លើ​អ្វីមួយ ទៅ​ចង​ព្យួរ​លើ​ដើមឈើ​ឲ្យ​បាន​ច្រើន​ដើម នោះ​ការពង្រីក​សម្បុក​របស់​វា​ក៏មាន​ច្រើន​តាម​នោះដែរ​។​

​បើ​ដើមឈើ​ណា​ គ្មាន​អង្ក្រង​ចូល​យក​ចំណី​ទៅ​ដាក់​ព្យួរ​នៅលើ​ដើមឈើ​នោះ រួច​យក​សំបុក​អង្ក្រង​មួយ​ទៅ​ដាក់​ត្រង់​ទី​ដែល​បានដាក់​ចំណី​នោះ វា​នឹង​បង្កើត​សំបុក​នៅលើ​ដើមឈើ​នោះ​មិន​ខាន​។​

​យើង​អាចដាក់​ចំណី​រាល់ថ្ងៃ ឬ​រៀងរាល់​៥​ថ្ងៃ​ម្តង​ក៏បាន ដោយ​ចង​ចំណី​នៅលើ​ខ្សែ ដែល​បាន​ចង​បន្ត​ពី​ដើម​មួយ​ទៅ​ដើមឈើ​មួយទៀត​។​

​​អង្ក្រង​វា​ បង្កើត​ពង​លឿន​ណាស់ ក្នុង​មួយ​សំបុក​ជួនកាល​អាច​ប្រមូល​ពង​បាន​រហូត​មួយ​គីឡូក្រាម​ក៏មាន ក្នុង​រង្វង់ ២០​ថ្ងៃ​ម្តង​។ ការផ្តល់​ចំណី​ឲ្យ​បាន​ទៀងទាត់​ធ្វើ​ឲ្យ​វា​ពង្រីក​សំបុក​បាន​លឿន និង​បង្កើត​សំបុក​ថ្មី​ក៏​ច្រើន​ដែរ​។​

​​ការយក​ពងអង្ក្រង​មិនចាំបាច់​បំផ្លាញ​សំបុក​វា​ទាំងមូល​ឡើយ គឺ​ទុក​ពីក្រោម​សំបុក យកតែ​ពង​វា​បាន​ហើយ​។​

​​ពងអង្ក្រង​ ដែល​យកបាន អាច​លក់​ឲ្យ​គេ​ឆៅ ឬ​ជ្រក់​លក់​ខ្លួនឯង​ក៏បាន វា​អាចជា​ការរកចំណូល​មួយ​ជា​បន្ថែម​ក្រោយពី​ទំនេរ​ពី​ការងារ​ធម្មតា​៕
layer(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: big_ants.pdf

 

​ការចិញ្ចឹមសត្វ-ពពែ​យកសាច់​

ចិញ្ចឹម​ពពែ​សម្រាប់​ផ្គត់ផ្គង់​សាច់​ក្នុង​គ្រួសារ​និង​បំប៉ន​សុខភាព
1

នៅ ​បណ្ដា​ប្រទេស​ក្ដៅ​ជាច្រើន​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​អាស៊ី​ខាងកើត​ទ្វីប ប្រទេស​អាហ្វ្រិក​ភាគច្រើន សឹង​មាន​ចិញ្ចឹម​ពពែ​តាម​គ្រួសារ​គ្រប់ៗ​គ្នា ។ គោលដៅ​នៃ​ការចិញ្ចឹម​ពពែ​នោះ គឺ​ដើម្បី​យក​ទឹកដោះ សាច់ ស្បែក លក់​ទាំងមូល និង​ដើម្បី​ជាដ​ង្វា​យ​ក្នុង​ពិធី​សាសនា​ផង​ក៏មាន ។​

វា ​ជាស​ត្វ​មួយ​ប្រភេទ​ងាយស្រួល​ចិញ្ចឹម​បំផុត ឆាប់​ទទួលបាន​ផល រីកសាយ​កូនចៅ​យ៉ាង​ឆាប់រហ័ស ស៊ី​ចំណី​មិន​រើសមុខ អាច​ចិញ្ចឹម​តិច ឬ​ច្រើន​ទៅតាម​លទ្ធភាព​របស់​យើង ។

នៅ ​អាមេរិក​កណ្ដាល អាហ្វ្រិក និង​ប្រទេស​ភាគច្រើន​ក្នុង​ម​ជ្ឈឹ​ម​បូព៌ា ប្រើ​ទឹកដោះពពែ​ជា​អាហារ​បំប៉ន​សុខភាព​ឯ​សាច់​របស់​ពពែ​វិញ​គេ​យក​ធ្វើជា​ ម្ហូបអាហារ ស្បែក​របស់​វា​គេ​លក់​ឱ្យទៅ​អ្នក​សម្លាប់ស្បែក ក្រៅពីនេះ​គ្មាន​ផ្នែក​ណាមួយ​ដែល​គេ​បោះចោល​ឡើយ ទឹកដោះ​របស់​វា​គេ​យក​ធ្វើជា​ឈី​ស មានតម្លៃ​យ៉ាង​ថ្លៃ ។​

នៅ ​ខាង​ប្រទេស​អាហ្វ្រិក មិន​សម្បូរ​ណ៍​ស្មៅ​ច្រើន​សម្រាប់​ពពែ​ឡើយ តែ​គេ​អាច​ឃ្វាល​វា​នៅតាម​ព្រៃរបោះដោយ​ឱ្យ​វា​ស៊ី​ស្លឹកឈើ ឯ​ស្ថានភាព​នៅ​ប្រទេស​យើង​វិញ​មាន​អំណោយផល​ច្រើនជាង ព្រោះ​យើង​សម្បូរ​ស្មៅ​សម្បូរ​ណ៍​ស្លឹកឈើ​សម្រាប់​ធ្វើជា​ចំណី​ឱ្យ​វា ធាតុអាកាស​វិញ​ក៏​ត្រជាក់​ជាង មិន​ក្ដៅ​ដូច​នៅ​អាហ្វ្រិក នេះ​ជា​កត្ដា​អំណោយផល​មួយ​របស់​ធម្មជាតិ​នៅ​ប្រទេស​យើង​ប្រសើរ​ច្រើនជាង​ឆ្ងាយ​ពី​ប្រទេស​អាហ្វ្រិក ។​
ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួនធំ​ប្រកប​របរ​រកស៊ី និង​រស់​នៅតាម​ទីជនបទ មាន​ដី​ទំនេរ​ធំៗ មាន​ស្មៅ ​យ៉ាង​បរិបូ​ណ៍​គួរតែ​នាំគ្នា​ចិញ្ចឹម ​ពពែ​តាម​គ្រួសារ​ឱ្យបាន​ច្រើន ព្រោះ​វា​មាន​ប្រយោជន៍​ច្រើនណាស់ មួយវិញទៀត​នោះ យើង​គួរ​គប្បី​នាំគ្នា​បង្កើត​ទម្លាប់​បរិភោគ​សាច់​ពពែ​មួយទៀត ក្រៅពី​សាច់មាន់ ទា ជ្រូក គោ ក្របី ដែល​យើង​ធ្លាប់​ស្គាល់​រសជាតិ​វា​រួច​ទៅហើយនោះ ថែម​ពពែ​មួយទៀត​ក៏​គ្មានអ្វី​ទាស់ខុស​ដែរ សាច់​របស់​វា​ក៏​ឆ្ងាញ់ រហូត​អ្នកខ្លះ​គិតថា សាច់​វា​ប៉ូវ​សុខភាព​ច្រើន​ផង​…​តាម​ការ​ប្រៀ​ធៀប​មួយ គេ​បាន​រកឃើញថា សាច់​ពពែ​មាន​ប្រូតេអ៊ីន​ល្អ​ជាង​សាច់​ដទៃ​ឯទៀត ល្អ​ជាង ​សាច់គោ មាន់ ជ្រូក ទា ។ វា​មាន​កាឡូរី​តិចជាង​សាច់គោ មាន់​ ចៀម និង​ជ្រូក ។ ក្នុង​ចំនួន​សាច់​ស្មើគ្នា ៖
1សាច់​ពពែ​មាន កាឡូរី​ ​១២២ កាឡូរី​

  • ​ ​សាច់មាន់​មាន​កាឡូរី ​ ​១៦២ កាឡូរី​
  • ​ ​សាច់គោ​មាន​កាឡូរី ​ ​១៧៩ កាឡូរី​
  • ​ ​សាច់ជ្រូក​មាន​កាឡូរី ​ ​១៨០ កាឡូរី​
  • ​ ​សាច់​ចៀម​មាន​កាឡូរី ​១៧៥ កាឡូរី​

​​សាច់​របស់​វា​សម្បូរ​ណ៍​ដោយ​ជាតិ​ដែក​ច្រើន ក្រៅពីនេះ​ក៏មាន​ប៉ូ​តា​ស្យូ​ម​ច្រើន​ដែរ ។​

​សាច់​របស់​វា ​មាន saturated fat តិចជាង​សាច់គោ ព្រោះ​ខ្លាញ់​ប្រភេទ​នេះ អាចធ្វើ​ឱ្យ​កូ​ឡេស​ស្ដឺ​រ៉ូ​ល​ឡើង​ខ្ព​ស់បាន តែ​វា​មាន unsaturated fats ច្រើន ជា​ប្រភេទ​ជាតិ​ខ្លាញ់​ដែល​ល្អ​សម្រាប់​សុខភាព​យើង សមាគម​ផ្នែក​សុខភាព​បេះដូង​នៃ​សហរដ្ឋអាមេរិក​បាន​ណែនាំ​ឱ្យ​គ្រប់គ្នា​ បរិភោគ​សាច់

​ បែប​ដូចជា​សាច់​ពពែ​នេះ ព្រោះ​វា​អាចជួយ​ការពារ​មិនឱ្យ​យើង​កើត​ជម្ងឺ​បេះដូង ការ​គាំងបេះដូង និង​ជម្ងឺ​ខ្លះទៀត​ដែល​តែង​យាយី​សុខភាព​យើង​
1

​ដោយសារ​ការបរិភោគ​សាច់​ផ្សេងទៀត ។​

​ សាច់​ពពែ​ជា​ប្រភេទ​សាច់ ដែល​មិនសូវ​សម្បូរ​ណ៍​ខ្លាញ់ ដូច្នេះ​វា​ត្រូវ​ការឱ្យ​យើង​រក្សា​វា​ទុក​ក្នុង​ទី​ដែលមាន​សីតុណ្ហភាព​តិច និង​មាន​សំណើម ព្រោះ​សាច់​របស់​វា​ងាយ​ស្ងួត​ក្រៀម​យ៉ាង​ឆាប់រហ័ស ឬ​ជួនកាល​រឹង​ពេក​ពិបាក​ក្នុងការ​ចំអិន​ក៏មានដែរ ។ សាច់​ពពែ អាច​ឱ្យគេ​ចំអិន ជា​ស៊ុប អាំង ដុត​ ​ធ្វើសាច់​ក្រៀម​, ក្រៅពីនេះ​សាច់​របស់​វា អាចឱ្យ​គេ​យក​ធ្វើជា​សាច់ក្រក​បាន​យ៉ាង​ល្អ ព្រោះ​វា​មិន​សូវ​សម្បូរ​ជាតិ​ខ្លាញ់ មិនតែប៉ុណ្ណោះ​សាច់ក្រក​ពពែ​មាន​រសជាតិ​ឆ្ងាញ់​ផងដែរ ។​ ស៊ុប​សាច់​ពពែ​ដ៏​មានឱជារស​ឆ្ងាញ់​ពិសារ ស្ទីល​បែប​ម្ហូប​វៀតណាម (ហាង​មួយ​នៅ​វៀតណាម​)

ការចិញ្ចឹម​ពពែ ៖

​​នៅ​ប្រទេស​ កម្ពុជា​យើង មាន​កន្លែង​ចិញ្ចឹម​ពពែ​ច្រើន​បង្គួរ​ដែរ ដូចជា​នៅ​ម្ដុំ​ព្រែក​ព្នៅ មុខកំពូល​​នៅ​ឧត្ដុង្គ ទៅ​ភ្នំ​អិដ្ឋ​រឹស នៅ​កំពង់ចាម និង​នៅ​ផ្នែក​ជាច្រើន​ទៀត ទូទាំងប្រទេស តែ​វា​ស្ថិតនៅ​ក្នុង​ចំនួន​តូចតាច​តែប៉ុណ្ណោះ ភាគច្រើន​គឺ​ការចិញ្ចឹម​តាម​គ្រួសារ​ខ្លះៗ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ជា​ ​មួយ​ការចិញ្ចឹម​ជ្រូក​វិញ​គឺមាន​ចំនួន​តិចជាង​ឆ្ងាយ​ណាស់ ។​

​ បច្ចុប្បន្ននេះ មាន​ឯកសារ និង​សៀវភៅ​ណែនាំ​ស្ដីពី​ការចិញ្ចឹម​ពពែ​ជាច្រើន​ដែល​បាន​បោះពុម្ព​ផ្សាយ​ រួចហើយ ច្រើន​បង្គាប់​ឱ្យ​អ្នក​ចិញ្ចឹម​ពពែ​ត្រូវតែ​ធ្វើ​ទ្រុង​ដាក់​វា​ឱ្យ​ផុតពី​ ដី នេះ​គឺជា​រឿង​មួយ​​ដែល​មិនអាច​ធ្វើទៅបាន សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​តិចតួច​នោះបាន​ឡើយ ព្រោះ​ត្រូវ​ចំណាយ​ច្រើន បញ្ហា​នេះ​គឺ​វា​បណ្ដាលមកពី​ឯកសារ​ដែល​គេ​យកមក​ប្រែជា​ភាសា​ខ្មែរ​នោះ ត្រូវបាន​បកប្រែ​មកពី​ភាសាបរទេស ម្ល៉ោះហើយ​វា​មាន​ជាប់​ពី​វិធី​ចិញ្ចឹម​ដាក់​លើ​ទ្រុង​នោះមក​ជាមួយ​ផង ។​

ពិតណាស់ថា ការចិញ្ចឹម​ដាក់​ទ្រុង​គឺជា​រឿង​មួយ​ល្អ​ព្រោះ​អាច​ការពារ​វាពី​សត្វ​ផ្សេងៗ និង​ការពារ​​វា​នៅ​រដូវ​ទឹក​ឡើង ទឹកភ្លៀង សត្វល្អិត ប្រសើរ​ជាង​ការចិញ្ចឹម​ផ្ទាល់​លើដី តែ​យើង​នៅមាន​ជម្រើស​មួយ​ផ្សេងទៀត​ដែរ​គឺ​ការចិញ្ចឹម​លើ​ផ្ទៃ​ចាក់សាប​ ស៊ីម៉ង់​ដ៍ ឬ​លើដី​ទួល​មួយ​ខ្ពស់​ដែល​មិន​ ​លិច​ទឹក ។​
layerតាម ​ការពិតទៅ យើង​អាច​ចិញ្ចឹម​ពពែ​នៅ​លើដី​ក៏បាន តែ​ត្រូវ​ចាក់ដី​ត្រង់​ទី​ដែល​ត្រូវធ្វើ​ទ្រុង​ឱ្យ​វា​នោះ​ឱ្យបាន​ខ្ពស់ជាង​ ដី​ដែល​នៅ​ជុំវិញ​ទ្រុង​ប្រមាណ​ជា ៣០​សង្ទីម៉ែត្រ អាស្រ័យ​ផងដែរ​ទៅលើ​ស្ថានភាព​ដី​ដែល​យើង​មាន និង​បរិស្ថាន​ជុំវិញ ។ រោង​សម្រាប់​វា​រស់នៅ​ត្រូវ​ប្រើ​ស្លឹក​សម្រាប់​ប្រក់ ព្រោះ​វា​មិនសូវ​ក្ដៅ​តែបើ​មានលទ្ធភាព​ទិញ​ស័ង្កសី​ប្រក់​នោះ​កាន់តែ​ប្រសើរ បើ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ទេ យើង​អាច​ប្រក់​ស្លឹក​ឬ​ស្បូវ​ក៏បាន ។

នៅ ​បាត​ទ្រុង​គួ​ក្រាល​ចំបើង ឬ​អង្កាម​ធ្វើជា​ទ្រនាប់​ឱ្យបាន​កម្រាស់​ប្រហែល​៣០​សង្ទីម៉ែត្រ​និង​ក្រាល​ ចំបើង​ពីលើ​មួយ​ជាន់​ទៀត ។ ត្រូវ​ត្រៀម​រៀបចំ​ទីមួយ​ក្នុង​រោង​នោះ​សម្រាប់​ដាក់​មេ​ដែល​ផើម​និង​កូន​ ទើប​កើត​របស់​វា ដោយ​គ្រាន់តែ​ឃាំង​វា​ដោយឡែក​ពី​គេ ។​

​ចំពោះ​ចំណី​ វិញ យើង​ត្រូវ​ត្រៀម​ជាមុន​ឱ្យ​ហើយ ដោយ​ដាំ​ដើម​អំពិល​ទឹក ក​ន្ធុំ​ថេត ស្មៅ​ផ្អែម ស្មៅ​បារាំង មន ដើម​ម្រុំ អង្គារ​ដី ឱ្យបាន​ច្រើន​កន្លែង​តាម​របង​ដី ។ ការត្រៀម​ដើមឈើ​ធ្វើ​ចំណី​ឱ្យ​វា​ជាមុន​នេះ ដើម្បី​ជួយផ្ដល់​ជា​ចំណី​ឱ្យ​វា ខណៈពេលដែល​វា​មិនអាច​ចេញ​រក​ចំណី​បាន ដោយសារ​មាន​ភ្លៀង អាកាសធាតុ​មិនល្អ និង​នៅពេលដែល​យើង​មិនបាន​ឱ្យ​វា​ចេញ​រក​ចំណី ដោយមាន​រវល់ ។​

​ក្រៅពី​ រុក្ខជាតិ​ទាំងនេះ យើង​ត្រូវ​ចេះ​រក​វិធី​រៀបចំំ​ណី​ឱ្យ​វា​ផ្សេងទៀត តាម​ដែល​អាចធ្វើ​ទៅបាន​និង​អាច​រកបាន​ក្នុង​កន្លែង ឬ​តំបន់​ដែល​យើង​រស់នៅ ។ ពពែ​មិន​ចូល​ចិ​ត្ដ​ស៊ី​ចំណី​តែមួយ​មុខ​នោះទេ វា​ចូល​ចិ​ត្ដ​ស៊ី​ចំណី​ច្រើន​ប្រភេទ​ចម្រុះ​គ្នា មួយវិញទៀត វា​ចូល​ចិ​ត្ដ​តែ​ចំណី​ណា​ដែល​ស្អាត មិន​ផ្អូម ឬ​មាន​អាស៊ីដ​ច្រើន​ឡើយ ។ ការដាំ​ស្មៅ​ច្រើន​ប្រភេទ​លាយ​ចម្រុះ​គ្នា​សម្រាប់​ជា​ចំណី​ឱ្យ​វា គឺជា​រឿង​មួយ​ចាំបាច់​ណាស់​ហើយ​ត្រូវ​ថែទាំ​ស្មៅ​នោះ​ឱ្យ​បានល្អ និង​លូតលាស់​គ្រប់​រដូវ​កាល ដូច្នេះ​យើង​គួរ​មាន​វិធីសាស្ដ្រ​ដែល​ល្អ​មួយ​ដើម្បី​ថែរក្សា​ស្មៅ​យើង​ ឱ្យមាន​គ្រប់គ្រាន់​សម្រាប់​ជា​ចំណី​ឱ្យ​វា ។​

​ការជ្រើសរើស​ពូជ​ពពែ​សម្រាប់​ចិញ្ចឹម ៖

​ពពែ​មាន​ ច្រើន​ពូជ ពូជ​ដែល​គេ​នាំ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង​ច្រើន​ជា​ពូជ​ដែល​នាំចូល​ មកពី​ប្រទេស​ថៃ​ជា​ពូជ​ដែល​គេ​បាន​បង្កាត់​រួចស្រេច​ទៅហើយ យើង​ពិបាក​នឹង​សន្និដ្ឋានថា ពូជ​នោះ​ជា​ពូជ​អ្វី​ឱ្យ​ប្រាកដ​បាន​ណាស់ តែបើ​មានលទ្ធភាព និង​មាន​លុយកាក់​ល្មម​អា​ចរក​ពូជ​ល្អ​បាន គួរ​ចំណាយ​បន្ដិច​ទៅ​ដើម្បី​ទិញ​ពូជ​ដែល​ល្អ​មក​ចិញ្ចឹម ។​ ការណែនាំ​ស្ដីពី​ការចិញ្ចឹម​ពពែ​តាម​គ្រួសារ​

(​បោះពុម្ព​ដោយ​អង្គការ​សេ​ដាក់​)
ចុចដោនឡូនឯកសារ PDF
Download: coat_1.pdf