ឆា-ឆ្អឹងជំនីរបំពងម្នាស់

1

-បរិមាណមនុស្សទទួលទាន ៖ ២នាក់
-រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
-រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
-ឆ្អឹងជំនីរជ្រូក ៣០០ក្រាម​(​៣ខាំ)
-ម្នាស់ ១ចំហៀង
-ខ្ទឹមស ៥០ក្រាម
-ទឹកត្រី ១០មីលីលីត្រ
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ប៊ីចេង ១ស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម ២មើម
-ខ្លាញ់ ៥០ក្រាម   -ឆ្អឹង​ជំនីរ​ជ្រូក​ត្រូវលាង​ឱ្យស្អាត កាប់​តូចៗ​ល្មម
-ម្នាស់​ត្រូវលាង​ទឹក​ឱ្យស្អាត​ពុះជា​ពីរ ចិត​ជាចំណិត​បញ្ឆិត​មិន​ស្ដើងពេក និង​មិនក្រាស់​ពេក
-ស្លឹក​ខ្ទឹម​ត្រូវលាង​ឱ្យស្អាត រួចហាន់​ខ្លីល្មម
-ខ្ទឹមស​ត្រូវបក​សម្បក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋ​ពេក

របៀបរៀបចំគ្រឿងផ្សំ របៀបធ្វើ ដំបូង​ត្រូវដាក់​ខ្ទះឱ្យ​ក្ដៅ ហើយ​ដាក់​ខ្លាញ់​ចូលទុក​ឱ្យក្ដៅ​ដាក់ខ្ទឹម​ស​ចូលទុក​ឱ្យក្រហម​ប្រឿងៗ បន្ទាប់​មក​ដាក់​ឆ្អឹង​ជំនីរ​ជ្រូក បំពង​ឱ្យ​ក្រហម ទើ​បដាក់​ម្នាស់​ចូល​ជាមួយ​ទឹកត្រី ស្ករស ប៊ីចេង អំបិល លៃ​ឱ្យសម​ល្មម ទុក​មួយ​សន្ទុះ រួច​ដួសដាក់​ចាន​ហើយ​ត្រូវ ដាក់​ស្លឹកខ្ទឹម​រោយ​ពីលើ​ជាការ​ស្រេច។
បញ្ជាក់
៖ ម្ហូបនេះ​អាចទទួលទាន​បានជា​មួយ​បាយស។

ឆា-ក្ដៅអន្ទង់

1-បរិមាណ​មនុស្ស​ទទួលទាន ២នាក់
-រយៈពេល​ចម្អិន ៥នាទី
-រយៈពេល​រៀបចំ​គ្រឿងផ្សំ ១៥នាទី
គ្រឿង​ផ្សំ
-អន្ទង់ ៣ខាំ
-ខ្ទឹមស ១មើម
-ស្លឹកក្រូច​សើច ១សន្លឹក
-ខ្ជាយ ១ចំណិត
-រំដេង ១​ចំណិត
-គល់​ស្លឹកគ្រៃ ២គល់
-ម្ទេស ១​គ្រាប់
-ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ
-ទឹកត្រី កន្លះ​ស្លាបព្រា​បបរ
-ខ្លាញ់ ២​ស្លាបព្រា​បបរ
-ស្ករ កន្លះ​ស្លាបព្រា​កាហ្វេ
-ម្រះ​ព្រៅ ទៅតាម​ការ​ចូលចិត្ដ
-សណ្ដែកដី​ឆ្អិន ១​ស្លាបព្រា​បាយ។
របៀប​រៀបចំ​គ្រឿង​ផ្សំ
-សូមយក​អន្ទង់​មកលាង​ជាមួយ​ទឹកអំបិល​ឱ្យអស់​ក្អែលខ្មៅៗ​ឱ្យស្អាត បន្ទាប់មក​ត្រូវ​វះយក​ពោះចេញ ហើយ​កាត់ជា​កង់ៗ​ល្មម។ បន្ទាប់មក​ត្រូវយក​ទៅបំពង​ជាមួយ​នឹងខ្លាញ់​ឱ្យឆ្អិន​ល្មម មិនត្រូវ​ឱ្យបែក​សាច់​អន្ទង់​នោះទេ បន្ទាប់មក​ត្រូវដួស​ទុកដោយ​ឡែក។
-ខ្ទឹមស​ចែកជា​ពីយក​ទៅចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ដ​ពេកមួយ​ចំហៀង និងយក​ទៅបុក​ជាមួយ​គ្រឿងមួយ​ចំហៀង
-ម្ទេសហាន់​ជាចំណិត​វែងៗ
-សណ្ដែកដី​យកទៅ​បុកកុំ​ឱ្យម៉ដ្ដ​ពេក
-ម្រះព្រៅ​បេះយក​តែស្លឹក​ហើយ​យកទៅ​លាងទឹក​ឱ្យស្អាត
-ស្លឹកក្រូច​សើច រំដេង ខ្ជាយ គល់​ស្លឹកគ្រៃ​លាងទឹក​ឱ្យស្អាត​យកទៅ​ហាន់​ស្ដើងៗ ហើយ​បុកចូលគ្នា​ឱ្យម៉ដ្ដ បន្ទាប់មក​ដាក់ខ្ទឹមស​ចូល​ហើយ​បុក​ចូលគ្នា​ឱ្យម៉ដ្ដ​ម្ដងទៀត។
របៀប​ធ្វើ
ជាដំបូង​ដាក់ខ្ទះ​ឱ្យក្ដៅ​ហើយ​ដាក់ខ្លាញ់​ឱ្យក្ដៅ បន្ទាប់មក​ដាក់ខ្ទឹមស​ដែល​ចិញ្ច្រាំ និង​ម្ទេសចូល​ឆាឱ្យ​ឡើងជើង​អង្ក្រង​ល្មម បន្ទាប់មក​ដាក់គ្រឿង​បុកចូល​ឆាឱ្យ​ឈ្ងុយ ហើយ​ដាក់​អន្ទង់ចូល។ បន្ទាប់មក​ត្រូវដាក់​ស្ករស ទឹកត្រី និង​ប៊ីចេង​រួចភ្លក់​មើលទើប​ដាក់ សណ្ដែកដី​រួមទាំង​ម្រះព្រៅ​ចូល រួចដួស​ដាក់ចាន​ជាការ​ស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬអាច​ធ្វើជា​គ្រឿង​ក្លែម​ក៏បាន។

ឆា-ឡុកឡាក់សាច់គោ

1

គ្រឿង​ផ្សំ

  • សាច់គោ (សាច់​ផុយ)
  • សាឡាដ
  • ប៉េងប៉ោះ
  • សណ្តែកបារាំង
  • ត្រសក់
  • ខ្ទឹម​បារាំង
  • ក្រូចឆ្មា
  • ខ្ទឹមស ប្រេង​ឆា ស្ករ អំបិល ម្រេច ប្រេងខ្យង

 

របៀប​ធ្វើ

  • ហាន់​សាច់​គោ​ជា​ដុំតូចៗ។
  • លាងបន្លែ​អោយស្អាត រួច​តំរៀប​សាឡាដក្នុង​ចាន។
  • ប៉េង​ប៉ោះ ពុះ​ជា​២​ឬមិនបាច់​ពុះ​ រួច​ហាន់​ជា​បន្ទះ​ៗដូចក្នុង​រូប។ បន្ទាប់​មក​តំរៀបជា​រង្វង់​នៅលើ​សាឡាដ។
  • ហាន់ត្រសក់​ជា​ចំណិត (ទទឹង) តំរៀប​ជា​រង្វង់​នៅក្នុង​ឬ​ក្រៅ​រង្វង់​ប៉េង​ប៉ោះ (ក្នុង​រូប ខ្ញុំ​អត់​បាន​ដាក់ទេ)​
  • ហាន់​ខ្ទឹម​បារាំង​ទទឹងស្តើងៗ​ដូច​តំរៀប​នៅកណ្តាល​រង្វង់​ប៉េងប៉ោះនិង​ត្រសក់។
  • កាត់​សណ្តែក​បារាំង​ខ្លឺៗ រួច​បំពង (ដាក់​ប្រេងបន្តិចក្នុង​ខ្ទះរួច​ទុក​អោយ​ក្តៅ ចាក់​សណ្តែក​ដែល​ហាន់​រួច​ចូល ឆា​ត្រលប់រួច​គ្រប​មួយ​ស្របក់​ជា​ការស្រេច)។ បំពង​រួច​ដួស​ដាក់​លើ​ខ្ទឹមបារាំង។
  • បំពង​ខ្ទឹម​ស​រោយ​ពី​លើ​សណ្តែក​បំពង។​
  • ​ឆា​សាច់គោ​រួច​ ដួស​ដាក់​លើ​សណ្តែក​បំពង។ វិធី​ឆា​សាច់គោ៖ ដាក់​ប្រេងបន្តិចក្នុង​ខ្ទះរួច​ទុក​អោយ​ក្តៅ ចាក់​សាច់​ចូល​ដាក់​ស្ករ អំបិល ម្រេច ប្រេង​ខ្យង (ដាក់​រាង​ច្រើន​បន្តិច) ឆា​ត្រលប់​បន្តិច​រួច​ដួស​ចេញ​ជា​ការ​ស្រេច។ បើ​ឆា​យូរពេក​នឹង​ធ្វើអោយ​សាច់គោឡើង​ស្វិត។
  • ធ្វើ​ទឹក​ម្រេចក្រូចឆ្មា ទុកញ៉ាំជាមួយ​ជាការស្រេច៕

អាំង-ឆ្អឹងជំនីរជ្រូកអាំង

1

គ្រឿងផ្សំ៖

  • ឆ្អឹងជំនីរជ្រូកជាប់សាច់
  • ខ្ទឹមស
  • ស្ករស អំបិល ទឹកត្រី ម្រេច ប្រេងខ្យង

របៀបធ្វើ៖

  • កាប់ឆ្អឹងជំនីរជ្រូកជាបន្ទះៗដូចក្នុងរូបខាងលើ
  • ចិញ្ច្រាំខ្ទឹមដាក់ឆ្អឹងជំនីរជ្រូកដែលកាប់រួច ​ ដាក់ស្ករស អំបិល ទឹកត្រី ម្រេច ប្រេងខ្យង អោយមានរសជាតិមុតបន្តិច។ច្របស់ចូលគ្នារួចទុករយៈពេលពី៣០នាទី​យ៉ាងតិច (អោយចូលជាតិល្អ)។
  • រួចដាក់អាំង ទុកជាការស្រេច។

សម្ល-ខត្រី

1

គ្រឿងផ្សំ៖

  • ត្រីរ៉ស់ រឺត្រីឆ្តោរ
  • ស្ករសរឺស្ករត្នោត  អំបិល ម្រេច ទឹក​ត្រី  ខ្ទឹមស

របៀបធ្វើ៖

  • លាងត្រីអោយស្អាត​ កាត់ជាកង់ៗ ​ប្រលាក់អំបិល  រួចផ្អាប់ទុក​រយៈពេល​១ម៉ោង ដើម្បី​អោយខទៅសាច់​ត្រី​រឹង​ល្អ។
  • ដាក់​ឆ្នាំងលើ​ភ្លើង​អោយ​ក្តៅចាក់​ស្ករសរី​ស្ករ​ត្នោតចូលរួចកូរអោយ​ឈ្ងុយនិងឡើង ពណ៌ក្រហមល្អ។
  • ដាក់​ត្រី​ចូល ដាក់​ខ្ទឹម​ចិញ្ច្រាំ ដាក់ម្រេច ចាក់​ទឹក​ត្រី។ រំងាស់​បន្តិច រួចចាក់​ទឹក​ចូល (កុំច្រើនពេក)។ រំងាស់មួយសន្ទុះ ភ្លក់តាមរសជាតិ​ដែល​ចូល​ចិត្ត ទុកជាបានការ។

ចៃយ៉-ស៊ូស៊ីស្រោបស៊ុតមាន់

1

គ្រឿងផ្សំ៖

– ពងទា ១ – ២ គ្រាប់
– បន្ទះសារាយសមុទ្រ (seaweed papers)
– ប្រេងឆា ១ ស្លាព្រា
– បាយស
– ត្រសក់ ការ៉ុត
-​ សាច់ក្តាម និងសាច់ត្រីស្រស់

វិធីធ្វើ៖

ជាដំបូងលោកអ្នកត្រូវ វៃពងទាអោយបែកហើយលាយគ្រឿង( អំបិល,ស្ករ,ប៊ីចេង …) បន្ទាប់មកដាក់ខ្ទះឲ្យក្តៅ ហើយចាក់ប្រេង រួចមកអ្នកត្រូវចាក់ពងទាដែលលាយគ្រឿងរួច ចូលទៅក្នុងខ្ទះ ធ្វើអោយវាសំប៉ែត ហើយទុកអោយវាអោយត្រជាក់។

ចំណែកបាយត្រូវយកអង្ដរល្អយកមកដាំ អោយល្មម កុំអោយជ្រាយ រឺ រឹងពេក។

បន្ទាប់មកលាយបាយ ជាមួយទឹកខ្មេះ និង ស្រា ស ហើយច្របល់វាចូលគា្នឲ្យវាចូលជាតិគា្ន (ពេលលាយរួចទុកវាទៅមួយម្ខាង)។ បន្ទាប់មកទៀតចាប់ផ្តើម មូល ពួកវាចូលគា្ន ដោយដាក់ពងទាចៀនពីក្រោម បន្ទាប់មកដាក់សារាយសមុទ្រ បន្ទាប់មកទៀតដាក់ បាយដែលលាយហើយពីលើ ដាក់ត្រសក់ និងការ៉ុតចិតជាបន្ទះពីលើ ដាក់សាច់ក្តាម និងសាច់ត្រីស្រស់ រួចធ្វើការមូលវាតែម្តង។បន្ទាប់ពីមូលពួកវារួចរាល់ហើយអ្នកត្រូវកាត់វាជា ចំណិនៗ ដែលអ្នកចង់បានជាការស្រេច ៕
1

សម្ល-ម្ជូរខ្ទិះសាច់គោ

1

គ្រឿងផ្សំ៖

  • សាច់គោ (សាច់​កំភួន សាច់​ស្លម្ជូរគ្រឿង មិនបាច់​យក​សាច់​ផុយទេ)
  • ម្នាស់ សណ្តែកកួរ
  • គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម
  • ម្ជូរសណ្តាន់ ឫ អំពិលទុំ
  • សណ្តែកដីលីង
  • ម្ទេសឆ្អើរ
  • គ្រឿងការី
  • ខ្ទិះដូង
  • ប្រហុក ឫ​ កាពិ
  • ស្ករស អំបិល ទឹកត្រី

របៀបធ្វើ៖

  • ហាន់​សាច់គោជា​បន្ួះតូចៗ
  • កាត់ម្នាស់ជា​ដុំតូចៗ
  • កាត់សណ្តែកកួរ​ខ្លីៗ
  • ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
  • បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​  សណ្តែកដីលីង រួចដាក់បុក​ច្របល់ជាមួយម្ទេសឆ្អើរ​ចិញ្ច្រាំ និងគ្រឿងការី។
  • ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
  • ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់គោច្របល់ចូល​គ្នាមួយច្របក់។ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រី  អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួ​ចរំងាស់មួយស្របក់ ទើបដាក់ម្នាស់និង​​សណ្តែកកួរ​ចូល។ ទុកអោយពុះម្តងទៀត ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច។

ចំណាំ៖

  • បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
  • បើយក​សាច់​ផុយ ពេល​ដាក់​ម្នាស់​ចូល​ច្បាស់​ជា​រលួយសាច់លែងឆ្ងាញ់អស់ហើយ។

 

ស៊ុប-ក្តាម

1

គ្រឿងផ្សំ :
-ប្រេងរុក្ខជាតិ ២ស្លាបព្រា
-ម្សៅការី ២ស្លាបព្រា
-ខ្ញីស្រស់ចិញ្ច្រាំម៉ត់ ២ស្លាបព្រា
-ខ្ទឹមក្រហម ៣មើម ចិញ្ច្រាំម៉ត់
-ល្ពៅក្រហម៨០០ក្រាម កាត់ដុំតូចៗ
-ប៉េងប៉ោះ ២ផ្លែ (ចោលសម្បកនិងគ្រាប់រួចចិញ្រ្ចាំម៉ត់)
-ទឹកស្ងោមាន់ ៧៥០ម.ល
-ទឹកខ្ទឹះដូង ២៧០ម.ល
-ទឹកត្រី ១ទៅ២ស្លាបព្រាកាហ្វេ
-ទឹកក្រូចឆ្មា ២ស្លាបព្រាស៊ុប
-សាច់ក្ដាម កន្លះចាន(អាចប្រើសាច់បង្កង)
-ម្ទេសដៃនាង ២ផ្លែ ហាន់ស្ដើង
-ជីវ៉ានស៊ុយ ២ ទៅ៣ធាង
-ខ្ទឹមលីង ២ស្លាបព្រា
វិធីធ្វើ កំដៅប្រេងឆា រួចចាក់ម្សៅការីចូល ឆាឱ្យឡើងឈ្ងុយ។ ចាក់ខ្ញីស្រស់ និង ខ្ទឹមក្រហមចូល ឆាស្មើដៃ ដើម្បីឱ្យចូលជាតិ បានល្អ។
ក្រោយមក ចាក់ល្ពៅនិងប៉េងប៉ោះចូលចាក់ទឹកស្ងោមាន់ចូលនឹងកំដៅឱ្យពុះ។ បន្ថយភ្លើងបន្តិច រហូតដល់ល្ពៅផុយ។ យកគ្រឿង ដែលបានចម្អិននេះ ទៅកិនឱ្យម៉ត់ រួចចាក់ចូលក្នុងឆ្នាំងផ្សេង។ បន្ទាប់មក កំដៅគ្រឿងផ្សំ ដែលបានកិនរួចនេះ ដោយភ្លើងតិចៗ ចាក់ទឹកខ្ទឹះដូង និង ទឹកសុទ្ធចូល កូរស្មើឱ្យសព្វ រហូតដល់ស៊ុបនេះ សព្វ និង ចូលជាតិ បានល្អ។ ថែមទឹកត្រី និងទឹកក្រូចឆ្មា ចូល។ រួចដួសស៊ុបនេះចេញ ហើយត្រូវដាក់សាច់ក្ដាម ម្ទេស២ ទៅ៣ ចំណិត ស្លឹកជីវ៉ានស៊ុយ និងខ្ទឹមលីងចូល ជាការស្រេច៕
អត្ថបទ និងរូបភាពពី Camnews

ស៊ុប-គុយទាវជ្រលក់បន្លែងស្រស់

1

គ្រឿងផ្សំ

សាច់គោល្អ សាច់ជ្រូកបីជាន់ គុយទាវ សណ្តែកបណ្តុះ សាឡាដ ជីគ្រប់មុខ ត្រសក់ សំបកណែម ខ្លាញ់រាវ ទឹកដូងខ្ចី ខ្ទឹមស ខ្ទឹមក្រហម រំដេង សណ្តែកដី ស្លឹកខ្ទឹម ម្ទេសខ្មាំង ទឹកត្រី ស្ករ ម្សៅស៊ុប។

វិធីធ្វើ

១-សាច់ជ្រូកបីជាន់ស្ងោរឱ្យឆ្អិនហាន់ជាបន្ទះៗ សាច់គោហាន់ទទឹងបន្ទះតូចៗល្មម ដាក់ខ្ទះឆាឱ្យឆ្អិន។
២-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ ដាក់គុយទាវឆាប្រស់ទឹកឱ្យទន់ទុកឱ្យឆ្អិន ដាក់ស្លឹកខ្ទឹមត្រលប់ឱ្យសព្វ ដួសទុកមួយអន្លើ ។

៣-យកកូនថាស់តូចៗល្មម រៀបសាឡាដ ស្លឹកជី ត្រសក់ សណ្តែកបណ្តុះ ដាក់មួយចំហៀង ហើយ យកគុយទាវ និងសំបកណែមដាក់មួយចំហៀង ។

វិធីធ្វើទឹកជ្រលក់

សណ្តែកដីលីងបុក(កុំល្អិតពេក) ។ យករំដេងបន្តិចដុតឱ្យឈ្ងុយ បុកជាមួយខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង រួចចាក់ទឹកត្រី ទឹកខ្មេះ ទឹកដូងខ្ចី ស្ករស ម្សៅស៊ុប ភ្លក់មើលឱ្យល្មម ហើយយកទៅដាំឱ្យពុះ ដាក់ចុះ ទើបរោយសណ្តែកដី ទុកធ្វើជាទឹកជ្រលក់ ។

សេចក្តីបញ្ជាក់ ៖គុយទាវជ្រលក់នេះ បើមិនចង់ទទួលទាននិងសាច់គោ សាច់ជ្រូកទេ ដុតត្រីដាក់ជំនួសវិញក៏បាន តាម ការចូលចិត្ត ។ ចំណែកសំបកណែមពេលទទួលទានត្រូវយកទឹកលាបឱ្យទន់ ។

ញាំ-ស្តៅ

1

គ្រឿងផ្សំ៖

  • ត្រី​ (ត្រីឆ្តោរ ត្រីរ៉ស់ ត្រីទីឡាប់យ៉ា…ត្រីដែលមានស្រកាហើយមានសាច់ច្រើន)
  • ស្តៅ (ផ្កានិងត្រួយ)
  • សណ្តែកបណ្តុះ  ប៉េងប៉ោះ  ម្ទេសប្លោកបៃតងឫក្រហម ត្រសក់
  • អំពិលទុំ​  ប្រហុក (ប្រហុកសាច់)
    ស្ករស អំបិល ទឹកត្រី

របៀបធ្វើ៖

  • ចំហុយត្រីជាមួយអំពិលទុំនិងប្រហុក (ប្រហុកដាក់តាមដែលចូលចិត្ត)
  • ហាន់ប៉េងប៉ោះ  ម្ទេសប្លោកបៃតងឫក្រហម  ត្រសក់ជាចំណិតតូចៗ
  • ស្រុះស្តៅរួចបេះយកមែកចេញ។ដាក់លាយជាមួយបន្លែដែលហាន់រួច និងដាក់សណ្តែកបណ្តុះចូល។
  • បេះត្រីដែលចំហុយយកឆ្អឹងចេញ។ ជ្រំទឹកប្រហុកនិងអំពិលទុំជាមួយគ្នា ដាក់ស្ករស អំបិល ទឹកត្រីតាមរសជាតិដែលចូលចិត្ត។ ចាក់ចូលរួចជាមួយត្រីនិងនិងបន្លែច្របល់ចូលគ្នាជាកាស្រេចុ។

ណែម-សាច់បង្គា

1

គ្រឿង​ផ្សំ​៖

-បង្គាស្រស់
-បង្គា​ក្រៀម
-សាលាដ
-ត្រសក់
-នំបញ្ចុក
-ដើម​គូឆាយ
-សណ្ដែក​បណ្ដុះ
-ជីរ
-សំបក​បាញ់ត្រាង
-ម្ទេស
-សណ្ដែកដី​លីង

គ្រឿង​ផ្សំ​រសជាតិ៖

-ទឹកត្រី
-ស្ករស
-ប៊ីចេង
-ក្រូច​ឆ្មារ

វិធីធ្វើ៖

ដំបូង​ យក​បង្គា​ទៅ​ ចំហុយ​រយៈពេល ៣ ទៅ ៥​នាទី កុំ​ឱ្យ​ឆ្អិន​ពេក រួច​រៀបចំ​បន្លែ​ត្រសក់សាលាដ សណ្ដែក​បណ្ដុះ ដើម​គូឆាយ និង ​ជីរ ឱ្យបាន​រៀបរយ​ល្អ មុនពេល​​យក​ទៅ​រុំ​។​ យក​ សំបក​បាញ់​ត្រាង​ ទៅ​ត្រាំ​ទឹក ​រួច​ស្រង់​ឡើង​វិញ​ភ្លាម យក​ទៅ​ដាក់​លើ​ជ្រញ់ ឬ​ផ្ទៃ​រាប​ស្មើ។

បន្ទាប់មក យក​សាលាដ​ ដាក់​លើ​ស្រទាប់​បាញ់​ត្រាង ​ ដាក់​នំ​បញ្ចុក បន្លែ​គ្រប់​មុខ ​និង​ រោយ​បង្គាក្រៀម មុន​នឹង​ដាក់​បង្គា​ស្រស់​ ហើយ​រុំ​ខ្ចប់​ ជាមួយបាញ់​ត្រាង​ ​ជាការស្រេច៕

សម្ល-ការីសាច់មាន់

1

គ្រឿងផ្សំ៖

  • សាច់មាន់
  • ដំឡូងជ្វា ឫ ​ដំឡូងបារាំង
  • ត្រប់ (មិនបាច់ដាក់ក៏បាន​បើមិនចូលចិត្ត)
  • ខ្ទឹមបារាំង
  • គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម
  • សណ្តែកដីលីង
  • ម្ទេសឆ្អើរ
  • គ្រឿងការី
  • ខ្ទិះដូង
  • ប្រហុក ឫ​ កាពិ
  • ស្ករស អំបិល ទឹកត្រី

របៀបធ្វើ៖

  • កាប់សាច់មាន់ជាដុំ
  • ចិតសំបកដំឡូងហើយកាត់ជាដុំៗ។ បើប្រើដំឡូងជ្វា ត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ)
  • ចិតសំបកត្រប់ ហើយចិតជាដុំៗ
  • ខ្ទឹមបារាំង បកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក
  • កាត់ត្រប់ជា​ដុំៗ
  • ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
  • បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​  សណ្តែកដីលីង រួចដាក់បុក​ច្របល់ជាមួយម្ទេសឆ្អើរ​ចិញ្ច្រាំ និងគ្រឿងការី។
  • ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
  • ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់មាន់ច្របល់ចូល​គ្នាមួយច្របក់ដាក់ទឹកត្រី ​អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួ​ចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង និង​ត្រប់ចូល។ ទុកអោយពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូល ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច។

ចំណាំ៖ បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។

បង្អែម-ទឹកក្រឡុកចេកអំបូង ម្នាស់

1

គ្រឿងផ្សំ៖ ម្នាស់ ចេក ទឹកឃ្មុំ ទឹកកក

១-​ ចេកអំបូង​ទុំ​ ១​ផ្លែ​,​ ទឹក​ម្នាស់​ កន្លះ​ពែង​ ,​ ទឹកឃ្មុំ​ ១​ស្លាបព្រា​បាយ​,​ ទឹកកក​ឈូស​ កន្លះ​ពែង​ ,​ ជី​អង្កាម​សម្រាប់​តុបតែង​លម្អ​
២-​ ហាន់​ចេកអំបូង​ ជា​ចំណិត​តូចៗ​
៣-​ ដាក់​ចេកអំបូង​ ក្នុង​ថូ​ម៉ាស៊ីន​ក្រឡុក​ រួច​ដាក់​ទឹក​ម្នាស់​ ទឹកឃ្មុំ​ និង​ទឹកកក​ឈូស​ចូល​ (​ឬ​ដា​ក៉​ទឹកកក​ឈូស​ ពេល​ក្រឡុក​ហើយ​ ចាក់​ដាក់​កែវ​ទទួលទាន​ក៏​បាន​ )
៤-​ ចាក់​ដាក់​កែវ​ រួច​តុបតែង​លម្អ​ ដោយ​ជីរអង្កាម​

​គុណ​ប្រ​យោ​ជ​ន៌​ផ្នែក​អាហារ​
​ចេកអំបូង​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ អាហារ​សំខាន់ៗ​ ដូច​ជា​ថាមពល​ កាឡូរី​ ការ​បូ​អ៊ី​ដ្រា​ត​ ប្រូតេអ៊ីន​ ខ្លាញ់​ កាក​សរសៃ​អាហារ​ ។​
​គុណប្រយោជន៍​ផ្នែក​ឱសថ​
​ផ្លែ​ចេក​ មាន​សព្វ​ព្យាបាល​អាការ​ខុស​ប្រក្រតី​របស់​រាង​កាយ​ ដូច​ជាស​មា​ធ​ឈាម​ឡើង​ខ្ពស់​ (​លើសឈាម​)​ កម្ចាត់​ជាតិពុល​ ក្នុង​រាង​កាយ​ ជួយ​អោយ​សួត​ស្រស់ថ្លា​និង​បំបាត់​ការ​ស្រេកទឹក​ ៕​

សម្ល-ត្រីដំរី ចំហ៊ុយ ស្លឹកឈូក

1

គ្រឿងផ្សំ
-ត្រីដំរី
-ខ្ញី
-ផ្សិត
-គ្រាប់ឈូក
-ប្រេងឆា
-ទឹកសៀង
-ប្រេងល្ង
-ស្លឹកឈូក
វិធីធ្វើ
១- ឆារួមជាមួយគ្រាប់ឈូក មើមឈូក ផ្សិត អោយឈ្ងុយ ក្រោយមកបង់ម្សៅស៊ុប និង ប្រេង
រុក្ខជាតិ ប្រេងល្ង អោយល្មម។
២- ស្លឹកឈូក  ស្រុះទឹកក្តៅអោយទន់ រួចដាក់ត្រីដំរី   ខ្ចប់ក្នុងស្លឹកឈូក   ចាក់ទឹកស្រូបគ្រាប់
ឈូក មើមឈូក មកលើត្រីខ្ចប់វិញ យកទៅចំហុយ ប្រហែល ១៥នាទី ជាការស្រេច។

ឆា-មឹកម្រិចខ្ចី

1

គ្រឿងផ្សំ

មឹកស្រស់មួយ(៣០០ក្រាម) ម្រិចខ្ចី កន្លះខាំ, ការ៉ុត១០ក្រាមដើម ខ្ទឹម១ដើម,ខ្ញី២បន្ទះ,ខ្ទឹមស៣កំពឹល, សាលាដកន្លះខាំ ជីវ៉ាន់ស៊ុយ។

គ្រឿងផ្សំរសជាតិ

ក-អំបិល១ស្លាបព្រាកាហ្វេ,ស្រា១ស្លាបព្រាកាហ្វេ,ម្សៅស៊ុនខ្នរ១ស្លាបព្រា កាហ្វេនិងទឹក ស៊ុប ១ស្លាបព្រាកាហ្វេ។
ខ-ម្សៅឆាលាយទឹកឲ្យហើយ បន្តិចបន្តួច និង ប្រេងល្ង ១ ស្លាបព្រាបាយ។

វិធីធ្វើ

១-លាងម្រេច អោយស្អាតទុកទាំងទង,សាសាដលាង អោយស្អាតទុកទ្រាប់បាតចាន កោសសម្បកការរ៉ុត ចេញរួចហាន់ជាបន្ទះស្តើងៗល្មម,។
២-ខ្វេះគ្រៀងក្នុងមឹកស្រស់ចេញនិងបកស្រទាប់ក្រៅចេញរួចពុះជាពីរបន្ទះហើយ ឆូតផ្ទៃក្នុងខ្វាត់ខ្វែងនិងហាន់ជាដុំៗ។
៣-ដាក់ម្រេច ការ៉ុត និងមឹកស្រស់ចូលឆ្នាំងទឹកដាំពុះដោយស្រុសរយៈពេល ៦នាទីទើបស្រង់ចេញទុកប្រើការ។
៤-ដាក់ខ្លាញ់ឬប្រេងឆាក្នុងខ្ទះរង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ទឹមសដើមខ្ទឹមនិងខ្ញី ចូលបំពង។ បន្ទាប់មកចាក់សាច់មឹកនិងគ្រឿងផ្សំរសជាតិក្នុងនោះរួមទាំងម្សៅស៊ុនខ្នរ) ចូលឆាដោយញាប់ដៃបន្តិចទើបចាក់គ្រឿងផ្សំរសជាតិចូលឆាត្រឡប់ចុះឡើងហើយ ដួសដាក់ចានតុបតែងតាមចំណង់ចំណូលចិត្តអ្នកជាការស្រេច។

រក្សាសិទ្ធដោយ៖ Tyniss Online

សម្ល-នំបញ្ចុកណាំព្រិក

1

គ្រឿងផ្សំ៖

សាច់​បង្កង ត្រីឆ្អើ សណ្ដែកដី សណ្ដែកបាយ ខ្ទឹម​ស ខ្ទឹម​ក្រហម ម្ទេស​ក្រហម ផ្លែ​ក្រូចសើច អំពិល​ទុំ ដូង​ទុំ​ ស្ករ​ក្រហម ខ្លាញ់​រាវ ត្រកួន សណ្ដែក​បណ្ដុះ ត្រយូងចេក ល្ហុង ស្លឹក​ខ្ទឹម​ម្ទេសដៃនាង​ទុំ នំ​បញ្ចុក។

វិធី​ធ្វើ៖

១​ – បង្កង​លាង​ទឹក​ដាក់​ស្លោរ​ឲ្យ​ស្អាត​ឲ្យ​ឆ្អិន ទើប​ស្រង់​មក​បក​យក​សាច់​បុក​ឲ្យ​ល្អិ​ត​

២ – ត្រីឆ្អើ​កេះ​បកសំបក​បុក​ឲ្យ​ម៉ដ្ឋ ។

៣ -សណ្ដែកដី សណ្ដែកបាយ​លីង​ឲ្យ​ឆ្អិន បកសំបក​ចេញ បុក​ឲ្យ​ម៉ដ្ឋ

៤ – ខ្ទឹម​ស ខ្ទឹម​ក្រហម ហាន់​បន្ទះ​ស្ដើងៗ បំពង​ខ្លាញ់ ។

៥ – យក​ម្ទេស​ក្រហម​ឆ្កឹះ​គ្រាប់​លាង​ទឹក​បុក​ឲ្យ​ម៉ដ្ឋ ។

៦ – កោសដូង​ពូត​យក​ក្បាលខ្ទិះ​ស្ល​ជា​ប្រេង ហើយ​ដួស​កាក​ប្រេង​ទុក ចាក់​ចូល​លាយ​បន្តិច រួច​យក​ម្ទេស​ ​បុក​ផាត់​ឲ្យ​ឈ្ងុយ​ដួស​ដាក់​ចាន​ទុក

៧ – យក​ទឹក​ស្ងោរ​បង្កង​ទៅ​ដាំ ដាក់​អំពិល​ទុំ​បន្តិច​ផ្លែ​ក្រូចសើច​ពុះ​ជា​ពីរ ច្របាច់​ទឹក​ដាក់​ហើយ​បង់​ទាំង​ ​សំបក​ផង ( បើ​ទឹក​មួយ​កូន​ឆ្នាំង​ដាក់​ផ្លែ​ក្រូចសើច ៣ ) ដាក់​អំបិល ទឹកត្រី​ស្ករ​ក្រហម ម្សៅ​ស៊ុប ដាំ​ឲ្យ​ពុះ​​ ២-៣ ​អំ​ពុះ​ ភ្លក់​មើល​ឲ្យ​ល្មម ទើប​ដាក់ចុះ យក​ស្បៃ​មក​ត្រង​ឲ្យ​ស្អាត ។

៨- យក​ត្រីឆ្អើ សាច់​បង្កង សណ្ដែកដី សណ្ដែកបាយ ម្ទេស​ផាត់ កាក​ប្រេងដូង មក​បុក​ក្រ​ហុក​ចូលគ្នា ​ទើប​ដួស​ដាក់​ចានគោម​ធំ ហើយ​ដួស​ទឹក​ស្ងោរ​បន្តិច​ចាក់ យក​វែក​ញី​ឲ្យ​បែក​ចូលគ្នា ទើប​ចាក់​ទៅ​ក្នុង​ឆ្នាំង​ស្ងោរ​ទៅ​ ​វិញ ដាក់​ខ្ទឹម​បំពង​កូរ​ចូល​គ្នា​ឲ្យ​សព្វ ទុក​ទទួលទាន​ជាមួយ​នំ​បញ្ចុក ។

៩- ត្រកួន​កាត់​គល់​ចោល កាត់​ប្រវែង​ពីរ​ថ្នាំងដៃ ពុះ​ជា​បួន​ស្ងោរ​ឲ្យ​ឆ្អិន​ហើយ​យក​ខ្លាញ់​រាវ​មក​ប្រឡាក់​ ​ឲ្យ​សើមៗ

១០- សណ្ដែកបណ្ដុះ​បេះ​កន្ទុយ​លាង​ទឹក​ឲ្យ​ស្អាត ។

១១- ត្រយូងចេក​បក​យក​ស្រទាប់​ខ្ចីៗ មក​ហាន់​ជា​សរសៃ​ឆ្មារៗ ដាក់​ត្រាំ​ទឹក​ម្ជូរក្រូចឆ្មារ​ឲ្យ​ជ្រះ​ជ័រ ។

១២- ល្ហុង​ចិត​សំបក​លាង​ទឹក​ឲ្យ​ស្អាត ឈូស​ជា​សរសៃ​ឆ្មា​រ ។

របៀប​រៀប​ល្បោយ​ដាក់​ចាន៖

១- យកនំ​បញ្ចុក​មក​រៀប​ឆ្វាយ​អង្វេ​ល​ដាក់ចាន​សំប៉ែត យក​ដើម​ខ្ទឹម​ឆូត​បញ្ជិតៗ សងខាង​ហើយ​ពុះ​ជា​ពីរ​ ​ត្រាំ​ទឹក​ឲ្យ​រីក ដូច​ជើង​ក្អែ​ប ដាក់​លើ​នំ យក​ម្ទេស​នាងដៃ​ទុំ ចិត​ជា​ផ្កា​ដាក់​ចុង​ដើម ។

២- យក​ត្រកួន​រៀប​ដាក់​ឆ្លាស់គ្នា នឹង​សណ្ដែកបណ្ដុះ​ត្រយូងចេក ល្ហុង។

សម្ល-ឡុកឡាក់ត្រីខ

1

តើ​អ្នក​ធ្លាប់​តែ​ញុំា​ត្រី​ខ​កំប៉ុង​ធម្មតា​មែន​ទេ? តែ​ឥឡូវ​អ្នក​អាច​ច្នៃ​ត្រីខ​កំប៉ុង​នោះ​ឲ្យ​កាន់​តែ​មាន​ឱជារស​ឆ្ងាញ់​ថែម​ មួយ​កម្រិត​ទៀត។ Sabayសូម​ណែនាំ​វិធី​ច្នៃ​ត្រីខ​កំប៉ុង​នោះ​ដូច​ខាង​ក្រោម​ ដោយ​គ្រាន់​តែ​ចំណាយ​ពេល​ប្រហែល​៧នាទី​ប៉ុណ្ណោះ​។

 

គ្រឿង​ផ្សំ

 

ត្រីខ​កំប៉ុង​តូច​១​កំប៉ុង ប៉េងប៉ោះ​ទុំ២​ផ្លែ ខ្ទឹម​ស សាលាដ ស្លឹក​ខ្ទឹម ប្រេង​ខ្យង​ ប្រេង​ឆា ស្ករស​ ប៊ីចេង និង​អំបិល។

របៀប​ធ្វើ

១.​រៀប​សាលាដ​ដាក់​ក្នុង​ចាន
២.ដាក់​ខ្ទះ​ឲ្យ​ក្ដៅ បន្ទាប់​មក​ចាក់​ប្រេង​ឆា​ចូល រួច​ដាក់​ខ្ទឹម​បំពង
៣.ចាក់​ត្រីខ​ចូល​ (ថែម​ទឹក​បន្តិច)
៤. ដាក់​ស្ករ​ស ប៊ីចេង ប្រេង​ខ្យង អំបិល
៥. ហាន់​ប៉េងប៉ោះ​ ដាក់​ចូល​ច្របល់​ឲ្យ​ស្រពាប់ ប៉ុន្តែ​កុំ​ឲ្យ​បែក​សាច់​ត្រី
៦. ដួស​ដាក់​លើ​ចាន​សាលាដ​ រួច​រោយ​ស្លឹក​ខ្ទឹម​លើ​ជា​ការ​ស្រេច
អ្នក​អាច​ញុំា​ត្រីខ​នោះ​ជា​មួយ​បាយ​ឬ​នំប៉័ង​ក៏​បាន​។

 

ឆា-ត្រប់

1

គ្រឿងផ្សំ៖

  • សាច់ជ្រូក(យកសាច់សុទ្ធ)
  • ត្រប់
  • ខ្ទឹមបារាំង
  • ប្រេងឆា ខ្ទឹមស  ស្ករស ប្រេងខ្យង ម្រេច ទឹកត្រី

របៀបធ្វើ៖

  • ចិញ្ច្រាំសាច់ជ្រូក
  • ដុតត្រប រួចបកសំបកចេញ រួចត្រប់១កាត់ជា​៣កំណាត់
  • ចិញ្ច្រាំខ្ទឹមស
  • ហាន់ខ្ទឹមបារាំង ទទឺងស្តើងៗ (ហាន់ដូចហាន់ឆាឡូកឡាក់)
  • ចាក់ប្រេងឆា​បន្តិចចូល​ខ្ទះ រួចហើយបំពងខ្ទឹមស រួចដាក់​សាច់ជ្រូកចូល។ ឆា​ត្រលប់​ចុះឡើង ចាក់ទឹកត្រីអោយ​ឈ្ងុយ រួចដាក់ស្ករស ប្រេងខ្យង​​​តាម​រសជាតិ​​​ដែល​​ចូលចិត្ត ចាក់​ទឹក​ចូលបន្តិច​រួច​គ្រប​​ប្រហែល​៥នាទី​ដើម្បី​អោយ​សាច់​ជ្រូក​​ ឆ្អិនល្អ។
  • ដាក់​ត្រប់និងខ្ទឹមបារាំងចូល​ដំណាល​គ្នា ឆាត្រលប់បន្តិច​ជា​​ការ​ស្រេច។

សម្ល-ខជើងជ្រូក

1

គ្រឿងផ្សំ

ជើងជ្រូក ខ្ទឹមស ស្ករស ទឹកត្រី ម្រេច អំបិល

របៀបធ្វើ

  • កូរស្ករសអោយឡើងពណ៌កន្លាត
  • ដាក់ជើងជ្រូកចូល លាយជាមួយខ្ទឹមសចិញ្ច្រាំ ដាក់ទឹកត្រី ម្រេច អំបិល តាមរសជាត់ដែលចូលចិត្ត
  • រំងាស់ទាល់តែជើងជ្រូកផុយ ទុកជាការស្រេច

ស្ងោរ-សាឡាដសងសាច់មាន់

1

គ្រឿងផ្សំ

សាច់មាន់
សាឡាដសង
វ៉ាន់ស៊ុយ
បង្គារក្រៀម
យីហ៊ឺក្រៀម
ខ្ទឹមស
ស្ករស
ទឹកត្រី
ម្រេច
អំបិល
ដុំស៊ុប(បើមាន)

របៀបធ្វើ

• កាប់សាច់មាន់ជាដុំៗ ហាន់យីហ៊ឺក្រៀមជាចំណិតតូចៗ
•  ដាំទឹកអោយពុះ បង់សាច់មាន់ បង្គារក្រៀម យីហ៊ឺក្រៀម ខ្ទឹមសចិញ្ច្រា
• បង់ដុំស៊ុប(បើមាន) ដាក់ទឹកត្រី ម្រេច អំបិល ស្ករស តាមរសជាត់ដែលចូលចិត្ត
•  រំងាស់អោយសាច់មាន់ផុយបន្តិច(កុំផុយពេក) ទុកជាការស្រេច។

ចំណាំ៖ ពេលរៀបញ៉ាំចាំកំដៅទឹកស៊ុប រួចបង់សាឡាដសងនិងវ៉ាន់ស៊ុយ។