iPhone 6 ​ចាប់​ផលិត​ខែ​ក្រោយ

iPhone 6 ត្រូវ​អ្នក​​​ជិតដិត​គម្រោង​ទម្លាយ​ប្រាប់​ bloomberg ថា​ចាប់​ផលិត​ខែ​ក្រោយ
1យោង​តាម​បណ្ដាញ​ព័ត៌មាន bloomberg ចេញ​ផ្សាយ​ថ្ងៃ​នេះ​ឱ្យ​ដឹង​ថា iPhone ជំនាន់​ចុងក្រោយ​ឈ្មោះ iPhone 6 ​ដែល​​មាន​ការ​រាយការណ៍​ជាច្រើន​សុទ្ធតែ​ថា​ នឹង​ចេញ​ពីរ​ទំហំ​ធំ​ជាង​ជំនាន់​មុន​ៗនោះ នឹង​ចាប់​ផ្ដើម​ចង្វាក់​ផលិតកម្ម​ក្នុង​ខែ​ក្រោយ​នេះ​ហើយ។
1ក្រុមហ៊ុន Apple ជិត​ដល់​ពេលវេលា​ចេញ​ស្មាតហ្វូន​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ iPhone ថ្មី​មួយ​ឆ្នាំ​ម្ដង​ហើយ បន្ទាប់​ពី Samsung Electronics Co និង HTC Corp បាន​ចេញ​ស្មាតហ្វូន​របស់​ខ្លួន​ដែល​មាន​អេក្រង់​ធំ ៥,៧​អ៊ីញ។ ​អ្នក​​ដែល​នៅ​ជិតដិត​នឹង​គម្រោង​នេះ​បាន​ឱ្យ​ដឹង​ថា iPhone 6 នឹង​ត្រូវ​ក្រុមហ៊ុន​ទូរស័ព្ទ​អាមេរិក​នេះ​ចាប់​ផ្ដើម​ផលិត​នៅ​ខែ​កក្កដា​ ក្រោយ​នេះ ជា​មួយ​ការ​បន្ថែម​លក្ខណៈ​សម្បត្តិ​ពិសេស ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ស្មាតហ្វូនរឹតតែ​ក្ដៅ​គគុក។
Web IT2 copyមនុស្ស​ដដែល​នេះ ​បាន​បង្ហើប​ឱ្យ​ដឹង Apple កំពុង​ប្រិតប្រៀង​អេក្រង់ iPhone 6 ធំជាង​មុន​ពីរ​ទំហំផ្សេងគ្នា តែ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ព្រោះ​វា​ជា​គម្រោងការណ៍​សំងាត់របស់​ ក្រុមហ៊ុន។ iPhone 6 មួយ​ម៉ូដែល​ក្នុង​ចំណោម​នោះ​នឹង​មាន​ទំហំ ៤,៧អ៊ីញ ធំជាង iPhone 5S បច្ចុប្បន្ន​ដែល​មាន​តែ ៤អ៊ីញ។ រីឯ​ជំនាន់ iPhone អេក្រង់ ៥,៥អ៊ីញ​ក៏​នឹង​រៀបចំ​ផលិត ហើយ​អាច​ចេញ​លក់​ដំណាលគ្នា​តែ​ម្ដង។

គួរ​បញ្ជាក់​ថា អតិថិជន​តាម​បណ្ដា​ប្រទេស​ទាំងឡាយ​លើ​ពិភពលោក​ មាន​ការពេញ​​និយម​ប្រើ​ស្មាតហ្វូន​អេក្រង់​ធំ​ច្រើន​ជាង​អេក្រង់​តូចៗ ជាក់ស្ដែង​នៅ​ចិន ទូរស័ព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android អេក្រង់​ទំហំ​ចាប់ពី ៥អ៊ីញ​ឡើង​ទៅ បាន​ក្ដាប់​ចំណែក​ទីផ្សារ​ដល់​ទៅ ៤០% ទៅ​ហើយ​ក្នុង​ឆ្នាំ ២០១៤​នេះ។

ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នាយក​ប្រតិបត្តិ Apple លោក Tim Cook បច្ចុប្បន្ន iPhone មាន​កំណើន​លក់​ជា​លំដាប់ ដោយ​នៅ​ក្នុង​របាយការណ៍​សារពើពន្ធ​ប្រចាំ​ឆ្នាំ គ្រាន់​តែ​​ពាណិជ្ជកម្ម​ទូរស័ព្ទ iPhone បាន​ជួយ​រក​ចំណូល​ជាង​ពាក់កណ្ដាល​ចំណូល​សរុបរបស់​ក្រុមហ៊ុន​ទៅ​ហើយ។ កាល​ពី​ឆ្នាំ​ទៅ ចំណូល​បាន​ពី​ស្មាតហ្វូន​មាន​រហូត​ដល់ ៩១ពាន់​លាន​ដុល្លារ​អាមេរិក ដែល​តួលេខ​នេះ​ច្រើន​ជាង​ចំណូល​សរុប​របស់ Oracle Corp, Yahoo! Inc, Faceboo Inc និង Twitter Inc បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

កន្លង​ទៅ​រោងចក្រ​ដែល​ទទួល​បន្ទុក​ដំឡើង​ផលិតផល​ផ្សេងៗ​ឱ្យ Apple គឺ Foxconn បាន​ថ្លែង​ឱ្យ​ដឹង​ជា​សាធារណ​ក្នុង​ថ្ងៃ WWDC 2014 ​ថា ខ្លួន​នឹង​ផលិត iPhone អេក្រង់ ៤,៧អ៊ីញ និង​អេក្រង់ ៥,៥អ៊ីញ ចេញ​ក្នុង​ឆ្នាំ ២០១៤​នេះ។ Foxconn ថែមទាំង​អះអាង​ទៀត​ថា នឹង​ផ្គត់ផ្គង់ iPhone ៤,៧អ៊ីញ​ចំនួន ៧០% សម្រាប់​ចែកចាយ​ក្នុង​ឆ្នាំ​២០១៥ ខាង​មុខ។

ចំពោះ​កាលបរិច្ឆេទ​ប្រកាស ត្រូវ​​អ្នក​ជំនាញ​វិភាគ​ម្នាក់​​លោក Brain White មក​ពី​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ Cantor Fitzgerald ដែល​ធ្លាប់​ព្យាករណ៍​ត្រូវ កាល​ពី​អំឡុង Apple កំពុង​ផលិត iPad mini មុន​ពេល​ប្រកាស​ផ្លូវការ និង​វិភាគ​ត្រូវ​អំពី iPhone ជំនាន់​ទី៧ គឺ iPhone 5C មាន​ពណ៌​ថ្មី​ច្រើន​ចេញ​កាល​ពី​ឆ្នាំ​មុន​នោះ លោក​ថា iPhone 6 នឹង​ត្រូវ Apple ​សម្ពោធ​មុន​ក្រោយ​គ្នា​មួយ​ខែ គឺ iPhone 6 អេក្រង់ ៤,៧អ៊ីញ​ចេញ​ក្នុង​ខែ​កញ្ញា រី​ឯ​អេក្រង់ ៥,៥អ៊ីញ​ចេញ​នៅ​ខែ​តុលា។