មេរៀន​ជីវិត​​របស់​ Mark Zuckerberg

មេរៀន​ជីវិត​​របស់​ Mark Zuckerberg ​​និង​​​​​​​​ដែល​នាំ​​ឱ្យ​លោក​​ក្លាយជា​មហាសេដ្ឋី​
1
Mark Zuckerberg ជា​ស្ថាបនិក និង ជា​​​​ប្រធាន​ក្រុមហ៊ុន Facebook បាន​កើត​​នៅ​ថ្ងៃ​ទី ១៥ ខែ មិថុនា​ ឆ្នាំ ១៩៨៤ នៅ​​ក្រុង White Plains​ រដ្ឋ New York ។ លោក​​ជា​អតីត​និស្សិត​មក​ពី​​មហាវិទ្យាល័យ Harvard ជា​កន្លែង​ដែល​លោក​បាន​សិក្សា​ជំនាញ​​​បណ្ដាញ​សង្គម​​ (Social Network)។
Web IT2 copyកុមារភាព និង​ប្រវត្តិ​សិក្សា​
លោក Mark Eliot Zuckerberg កើត​នៅ​ក្នុង​ត្រកូល​​គ្រួសារ​អ្នក​ធូរធារ​​មួយ​ដែល​​មានការ​អប់រំ​ខ្ពស់​ ដែល​ឪពុក​របស់​លោក​មាន​មុខរបរ​ជា​ពេទ្យ​ធ្មេញ និង​ម្តាយ​ជា​​​អតីតពេទ្យ​វិកលចរិតនៅ​​ទីក្រុង White Plains។ លោក​​​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​សរុប​​ទាំង​អស់​ចំនួន​៤​នាក់។ ​​​

នៅ​កុមារ​ភាព Zuckerberg ចូលចិត្ត​​​ស្រាវជ្រាវ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ណាស់​ ហើយ​រហូត​ដល់​វ័យ​ ១២​ឆ្នាំ លោក​បាន​ប្រើប្រាស់​ប្រូក្រាម (Program) Atari BASIC បង្កើត​កម្មវិធី​ផ្ញើ​សារ​មួយ​ដោយ​ខ្លួន​ឯង​ឲ្យ​ឈ្មោះ​ថា “Zucknet”។ កម្មវិធី​ផ្ញើ​សារ​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​ជួយ​សម្រួល​ ការងារ​ប្រចាំ​ថ្ងៃ​​ឪពុក​របស់​​លោក​​។

​នៅ​ពេល​សិក្សា​នៅ​វិទ្យាល័យ Phillips Exeter Academy ​យុវជន​ Zuckerberg​ មាន​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​លើ​​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ និង​ទីបំផុត​កម្មវិធី​​​(software) ចាក់​​បទ​​ចម្រៀង​​ឈ្មោះ​ថា Pandora បាន​ប្រសូត​ឡើង​ក្រោយ​ថ្វីដី​របស់​យុវជន​ម្នាក់​​នេះ។ សមត្ថភាព​របស់​​​គេ​ ​នៅ​ពេល​នោះ​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា AOL និង Microsoft មាន​ចំណាប់​​អារម្មណ៍​ចង់​ទិញ​កម្មវិធី​​​​​(software) របស់​លោក និង​ជួល​លោក​ឲ្យ​ទៅ​បម្រើ​ក្រុមហ៊ុន​របស់​ខ្លួន​ទៀត​​ផង។​​​​

Zuckerberg ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ Harvard នៅ​ក្នុង​ឆ្នាំ​២០០២ ជា​កន្លែង​ដែល​​យុវជន​ម្នាក់​នេះ​បាន​កសាង​ប្រជាប្រិយភាព​​ប្រចាំ​សាលា​​តាម ​រយៈ​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ ​CourseMatch និង Facemash ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​គ្រប់គ្រង​កម្មវិធី​សិក្សា​នានា​នៅ​ ក្នុង​សាកលវិទ្យាល័យ​ទាំងមូល។

Facebook ត្រូវ​បាន​បង្កើត​ឡើង
ភាព​ជោគជ័យ​នៅ​ក្នុង​​ការ​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​នេះ បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​វ័យ​ក្មេង​ម្នាក់​នេះ​មាន​មហិច្ឆតា​កាន់តែ​ខ្ពស់​ ឡើង ចាប់ដៃ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​​ជិត​ស្និត​ចំនួន​៣​រួម​គឺ​លោក Dustin Moskovitz ជា​​មហាសេដ្ឋី​វ័យ​ក្មេង​ជាងគេ​បំផុត​ក្នុង​លោក​ដែល​ទើប​នឹង​ធ្លាក់​ចេញ​ពី​តំណែង​ក្នុង​ឆ្នាំ​២០១៤​ នេះ Chris Hughes និង Eduardo Saverin បង្កើត​​គេហទំព័រ​មួយ​នៅ​ក្នុង​ឆ្នាំ​២០០៤។

គេហទំព័រ​នេះ​ អាច​អនុញ្ញាត​ឲ្យ​​សាធារណជន​អាច​បង្កើត​ប្រវត្តិរូប (Profile)​របស់​គេ​បាន បង្ហោះ​រូបភាព (Upload Photos) និង​អាច​​ចែក​រំលែក​ព័ត៌មាន និង ទំនាក់ទំនង​ទៅ​មនុស្ស​ជុំវិញ​ពិភពលោក​​បាន​ដោយ​ងាយ​ស្រួល​ដែល​នោះ​គឺ​ គេហទំព័រ​ Facebook។ ​ក្រុមហ៊ុន​ថ្មី​នេះ​​បាន​ធ្វើ​ឱ្យ​ Zuckerberg បោះបង់​សាលា​​​ដាក់​​ចិត្ត​ដាក់​កាយ​ជា​មួយ​​ Facebook បង្កើត​​ទីស្នាក់ការ​ក្រុមហ៊ុន​នៅ​ក្រុង Palo Alto រដ្ឋ California។

​មួយ​ឆ្នាំ​ក្រោយ​ពី​លោក​បង្កើត​បាន​​បណ្ដាញ​សង្គម​​ Facebook លោក​បាន​ប្រមូល​​ទុន​ពី​នាយ​ពី​អាយ​​​បាន​​ទុន​ប្រមាណ​ ​១២,៧​លាន​ដុល្លារ​​។

នៅ​ចុង​ឆ្នាំ​​២០០៤​​ ​ដដែល មនុស្ស​១​លាន​​នាក់​បាន​ប្រើប្រាស់​គេហទំព័រ​​ខាងលើ​​ នឹង​កើន​ឡើង​ជា​បន្តបន្ទាប់​រហូត​ដល់ ១,១១​ ពាន់​លាន​នាក់​ដល់​ឆ្នាំ​២០១៣​​កន្លង​ទៅ​​​រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​នេះ​ ក្លាយ​ជា​ក្រុមហ៊ុន​បណ្តេញ​សង្គម​​ធំ​ជាងគេ​បំផុត​ក្នុង​លោក​​រក​ចំណូល​បាន​ រាប់​ពាន់​លាន​ដុល្លារ​​។​ ទីបំផុត Facebook ជួយ​ឲ្យ​ Zuckerberg ក្លាយ​ជា​មហាសេដ្ឋី​ទាំង​វ័យ​ក្មេង​កាន់​ប្រាក់ ២៧,៧​​ពាន់​លាន​ដុល្លារ​នៅ​ពេល​​បច្ចុប្បន្ន។​​

ភាព​ជោគជ័យ​​បាន​ក្លាយ​ជា​មហាសេដ្ឋី​ទាំង​វ័យក្មេង​​យ៉ាង​លឿន​ដូច​ ផ្លេកបន្ទោរ​នេះ​​​ បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ទូទាំង​សាកលលោក​ជា​ពិសេស សហគ្រិន​​វ័យក្មេង​​ចាប់ផ្តើម​សម្លឹង​មើល​ និង​សិក្សា​​ពី​សមត្ថភាព​​របស់​លោក ​ដែល​ជា​​គន្លឹះ​​ជំរុញ​ឲ្យ​លោ​​ជោគជ័យ​​។ ​​​​

ប្រិយមិត្ត​ធ្លាប់​សួរ​ខ្លួន​ឯង​ទេ​ថា​ ​តើ​គេហទំព័រ​ Facebook.com ​បង្កើត​ឡើង​​ដោយ​របៀបណា​? តើ​Zuckerberg អាច​កសាង​ខ្លួន​ពី​បាតដៃ​ទទេ​​ក្លាយ​ជា​មហាសេដ្ឋី​​​​ទាំង​វ័យក្មេង​​​ដោយ​ របៀបណា​? តើ Zuckerberg មាន​បទពិសោធន៍​ល្អៗ​អ្វី​ខ្លះ​អាច​ចែក​រំលែក​​ដល់​សហគ្រិន​ទូទៅ? ដើម្បី​ចង់​ដឹង​ចម្លើយ​ទាំង​នេះ សូម​ប្រិយមិត្ត​​ស្វែង​យល់​ពី​គន្លឹះ​សំខាន់​ៗរបស់​លោក Zuckerberg ដែល​ធ្វើ​ឲ្យ​​លោក​ក្លាយ​ជា​មហាសេដ្ឋី​ដូច​ខាងក្រោម៖

១) មាន​មហិច្ឆតា​​ខ្ពស់
​បុគ្គល​​ល្បីៗ​ដូច​ជា Martin Luther King Jr, Nelson Mandela, Bill Gates, Steve Jobs សុទ្ធតែ​មាន​មហិច្ឆតា​រៀងៗ​ខ្លួន។ សម្រាប់​ Zuckerberg ក៏​មាន​មហិច្ឆតា​ដូចគ្នា​​នេះ​ដែរ​ហើយ​មហិច្ឆតា​របស់​លោក​ធំ​ហួស​ពី​អ្វី​ ដែល​មនុស្ស​គ្រប់គ្នា​គិត​ទៅ​ទៀត។ សិស្ស​រូប​ថ្នាក់​របស់​​លោក​​គិត​ថា កម្មវិធី​​​កុំព្យូទ័រ​របស់​លោក​ អាច​ប្រើការ​បាន​តែ​​ក្នុង​សាលា​តែប៉ុណ្ណោះ។ ប៉ុន្តែ Zuckerberg នៅ​តែ​រឹងរូស​មាន​ទំនុក​ចិត្ត​ថា ​គម្រោង​ដ៏​តូច​របស់​​​ខ្លួន​​នឹង​អភិវឌ្ឍ​ក្លាយ​ជា​ក្រុមហ៊ុន​ធំ​​លំដាប់​ ពិភពលោក​នៅ​ពេល​អនាគត។​​​​​​

២) ត្រូវ​ចាប់​ផ្តើម​ជា​មួយ​អ្វី​ដែល​អ្នក​មាន​នៅ​ថ្ងៃ​នេះ
​មេរៀន​ដ៏​ល្អ​ដែល​ទទួល​បាន Mark Zuckerberg លោក​អ្នក ឬ សហគ្រិន​ទូទៅ​មិន​ចាំបាច់​មាន​ដើមទុន​ធំ​កប់​ពពក​នោះ​ឡើយ។ នៅ​ពេល​បង្កើត​ក្រុមហ៊ុន Facebook ជា​លើក​ដំបូង​ ​Zuckerberg មិន​មាន​ដើម​ទុន​ច្រើន​នោះ​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ​​លោក​បាន​ជាប់​ក្នុង​បញ្ជី​​ជា​មហាសេដ្ឋី​ពិភព​លោក។ ដូច្នេះ ​លោក​អ្នក​មិន​ត្រូវ​បញ្ឈប់​សុបិន្ដ​របស់​អ្នក​​ចង់​ក្លាយ​ជា​អ្នក​មាន​ ដោយសារ​តែ​​ប្រាក់​បន្តិចបន្តួច​នោះ​ឡើយ។​ លោក​អ្នក​ត្រូវ​ចាប់​ផ្តើម​ជា​មួយ​អ្វី​ដែល​អ្នក​មាន​នៅ​ថ្ងៃ​នេះ។​​​​

៣) មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង
Mark Zuckerberg មាន​ការ​ជឿជាក់​លើ​សមត្ថភាព​ និង​ក្តី​សុបិន្ដ​របស់​លោក។ អ្នក​ត្រូវ​ចងចាំ​ថា ​គ្មាន​ភាព​ជោគជ័យ​ណា​មួយ​នៅ​លើ​លោក​នេះ​អាច​កើត​មាន​ឡើង​ដោយ​គ្មាន​ការ​​ ជឿជាក់​លើ​ខ្លួន​ឯង​បាន​ឡើយ។ សូម​កុំ​មាន​​មន្ទិល​សង្ស័យ​លើ​​ខ្លួន​ឯង តែ​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​​បង្កើត​ជោគជ័យ​​ឡើង​​ឲ្យ​ដូច​លោក Mark Zuckerberg។

៤) ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ជា​មួយ​​ការ​ប្ដេជ្ញា​ចិត្ត​​ខ្ពស់
បើ​​លោក​អ្នក​ចង់​ជោគជ័យ​ដូច Mark Zuckerberg លោក​អ្នក​ត្រូវ​​ស្វែង​រក​អ្វី​​​មួយ​ដែល​ងាយ​ស្រួល​ និង ​មាន​ចំណាប់​​អារម្មណ៍​បំផុត​សម្រាប់​​អ្នក។ Mark Zuckerberg គឺ​ជា​​មនុស្ស​ដែល​មាន​ការ​ប្ដេជ្ញា​​ចិត្ត​ខ្ពស់​​ និង​ស្រលាញ់​​ការងារ​របស់​លោក​ជា​ទីបំផុត​។ ការ​ស្រលាញ់​ពេញ​ចិត្ត និង ការ​ប្ដេជ្ញាចិត្ត​នេះ​នឹង​ប​ពន្លឿន​​ដំណើរ​ជីវិត​របស់​អ្នក​​​ទៅ​កាន់​វិថី ​ជីវិត​ដ៏​រុងរឿង​នៅពេល​ដែល​អ្នក​និយាយ​ថា “​​ខ្ញុំ​អាច​ធ្វើ​វា​បាន”។

៥) ត្រៀមខ្លួន​ទទួល​យក​ការ​រិះគន់​
មុននឹង​​លោក​អ្នក​ជោគជ័យ អ្នក​ក៏​ត្រូវ​ឆ្លង​ដំណាក់​កាល​នៃ​ការ​រិះគន់​ និង ការ​សើច​ចំអក​ពី​អ្នកដទៃ​ផង​ដែរ។ Mark Zuckerberg ​មិន​ដែល​​បោះបង់​​ចោល​​មហិច្ឆតា​របស់​​​ខ្លួន​នោះ​ឡើយ ទោះបី​​ជា​មាន​ការ​រិះគន់​ពី​មនុស្ស​មួយ​ចំនួន​លើ​​អាជីវកម្ម​​ក៏​ដោយ។ ​ ពី​លោក Mark Zuckerberg អ្នក​ត្រូវ​​រៀន​​ត្រៀមខ្លួន​នៅ​ពេលនេះ ដើម្បី​ទទួល​យក​ការ​រិះគន់​​ជា​មុន និង​មិន​ត្រូវ​បោះបង់​គោលដៅ​​របស់​ខ្លួន​នោះ​ឡើយ តែ​ត្រូវ​ចេះ​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើ​ជា​ថ្នាំ​ប៉ូវ​ដើម្បី​ភាព​ជោគជ័យ​វិញ។ ​​​​​

៦) តម្កល់ទុក​ការ​ព្យាយាម​នៅ​ក្នុង​ខ្លួន
Mark Zuckerberg និយាយ​ថា ​លោក​បាន​ប្រើ​ពេល​យ៉ាង​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​ការងារ​របស់​​លោក​​ ហើយ​រយៈ​ពេល ​១០​ឆ្នាំ​មក​នេះ​លោក​បាន​ព្យាយាម​​ធ្វើ​ឲ្យ ​Facebook កាន់តែ​ល្បីល្បាញ​នៅ​លើ​ពិភពលោក។ នេះ​បញ្ជាក់​ថា ​មុន​នឹង​ក្លាយ​ជា​​មហាសេដ្ឋី​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​សម្រាប់ Mark Zuckerberg ដែល​ជា​មេរៀន​ដ៏​ល្អ​មួយ​​ប្រាប់​ទៅ​សហគ្រិន​នានា​​ត្រូវ​​ព្យាយាម​​លើ​​​ មុខ​ជំនួញ​អាជីវកម្ម​របស់​ខ្លួន​ជា​ប្រចាំ។

៧) ហ៊ាន​ប្រឈមមុខ​នឹង​ឧបសគ្គ
​​​​Mark Zuckerberg ចង់​ឲ្យ​ Facebook ក្លាយ​ជា​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​​នោះ​ឡើយ​ ត្បិតអី Goolge ​ជា​​​រនាំង​ដែក​នៅ​ពី​មុខ​​រូប​លោក​។ តើ​​​ Mark Zuckerberg ក្លាយ​ក្រុមហ៊ុន Google ដែរ​ឬទេ? ចម្លើយ​នោះ​គឺ​ទេ។ ដូច្នេះ​ហើយ​បាន​គេ​និយាយ​ថា ការ​លើកទឹកចិត្ត គឺ​ជា​អាវុធ​​ដ៏​មាន​ឥទ្ធិពល​ដែល​សហគ្រិន​ទូទៅ​ត្រូវ​មាន​ក្នុង​ខ្លួន​ សម្រាប់​ទប់ទល់​នឹង​ឧបសគ្គ ហើយ​ត្រូវ​គិត​ថា បើ​គ្មាន​ឧបសគ្គ ក៏​គ្មាន​​ភាព​​ជោគជ័យ​ដែរ។

៨) ផ្ដោត​លើ​គោលដៅ​​របស់​អ្នក​ជានិច្ច​
Mark Zuckerberg និយាយ​ថា៖ « អ្វី​ដែល​ខ្ញុំ​ត្រូវ​បារម្ភ​បំផុត​នោះ​គឺ​​បេសកកម្ម​របស់​ខ្ញុំ ដែល​ត្រូវ​​បង្កើត​ពិភពលោក​មួយ​ឡើង»។ ហេតុផល​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ Facebook ​អាច​ប្រកួត​​ជា​មួយ​ Google បាន​គឺ​ដោយ​សារ Mark Zuckerberg ផ្ដោត​តែ​ទៅ​លើ​បេសកកម្ម​របស់​ Facebook មួយ​តែ​ប៉ុណ្ណោះ។ ត្រូវ​តែ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ ហើយ​កុំ​ចំណាយ​ពេល​ទៅ​លើ​រឿង​ឥតប្រយោជន៍ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ក្លាយ​ជា​​មនុស្ស​បរាជ័យ​។

៩) រៀន​យុទ្ធសាស្ត្រ​ទទួល​យក​ហានិភ័យ​ចំពោះ​មុខ​
​បើ​សិន​ជា​អ្នក​ដឹង​​ជ្រោះ​មួយ​មាន​​ជម្រៅ​ជ្រៅ​ អ្នក​នឹង​មិន​ហ៊ាន​លោត​ជ្រោះ​នោះ​ឡើយ។ ប៉ុន្តែ​​បើ​អ្នក​មិនដឹង​ថា​ជ្រោះ​នោះ​​ជម្រៅ​ប៉ុន្មាន​ទេ​មាន​ ៦ ក្នុង​ចំណោម​១០​​នាក់​ច្បាស់​ជា​លោត​ចូល​ទៅ​ក្នុង​ជ្រោះ​នោះ​ជាក់​ជា​មិនខាន ​ឡើយ។ ភាព​ជា​សហគ្រិន​​ជោគជ័យ​ដូច​លោក Mark Zuckerberg ​ពេល​ខ្លះ​ក៏​ត្រូវ​ហ៊ាន​សម្រេច​ចិត្ត​ទទួល​យក​ឧបសគ្គ​ និង​ស្វែង​រក​យុទ្ធសាស្ត្រ​ផ្សេងៗ​​ទប់ទល់​នឹង​ឧបសគ្គ​ទាំង​នោះ។ ដោយសារ​តែ​ឧបសគ្គ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​មហាសេដ្ឋី​វ័យក្មេង​នេះ​កាន់តែ​រឹងមាំ​ឡើង។

១០) បោះ​ជំហាន​របស់​អ្នក​ទៅ​មុខ​ជានិច្ច
ដូចដែល​អ្វី​ដែល​លោក​អ្នក​បាន​ដឹង ភាព​ជោគជ័យ​របស់ ​Facebook មិនមែន​កើត​​ឡើង​ក្នុង​រយៈ​ពេល​មួយ​យប់​នោះ​ឡើយ ហើយ​ Mark Zuckerberg ក៏​មិនមែន​ក្លាយ​ជា​មហាសេដ្ឋី​ក្នុង​រយៈ​ពេល​មួយ​យប់​នោះ​ដែរ។ ​យុវជន​ម្នាក់​នេះ​​បាន​ចំណាយ​ពេល ​១០​ឆ្នាំ មក​ហើយ​ទើប​ធ្វើ​ឲ្យ ​Facebook ជោគជ័យ​នៅ​ពេល​នេះ។ តាម​រយៈ​បទពិសោធន៍​របស់​លោក Mark Zuckerberg អ្នក​ត្រូវ​បន្ត​ដំណើរ​របស់​អ្នក​ជា​ប្រចាំ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ទើប​​អ្នក​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន៕