iPhone 6s មាន RAM 2GB

មក​ទល់​ស៊េរី iPhone 5 ក្រុមហ៊ុន Apple បាន​បង្កើន​រ៉េម​ដល់ 1GB ដើម្បី​ធ្វើ​អោយ​ការ​ប្រើ​ប្រាស់​មាន​ភាព​រលូន​ជាង​មុន ហើយ​ចំពោះ​ទូរស័ព្ទ​បន្ទាប់​ដែល​នឹង​បំពាក់​រ៉េម​ទំហំ 2GB នោះ​គឺ​ជា iPhone 6s នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​ពិសេស​ពី​ប្រទេស​តៃវ៉ាន់ ដែល​ជា​ប្រភព​ផលិត​គ្រឿង​គ្រៅ​អោយ​ក្រុមហ៊ុន Apple។
iphoneប្រទេស​តៃវ៉ាន់​បាន​អោយ​ដឹង​ថា iPhone 6s នឹង​បំពាក់​ដោយ​រ៉េម​ទំហំ 2G ប្រភេទ LPDDR4 ជំនាន់​ថ្មី ដែល​វា​មិន​ត្រឹម​តែ​អាច​ផ្ទេរ​ទិន្នន័យ​បាន​លឿន​រហូត​ដល់​ល្បឿន 34Gbps នោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​ប្រើ​ប្រាស់​ថាមពល​តិច​តួច​ជាង​មុន​ផង​ដែរ។ គូស​បញ្ជាក់​ផង​ដែរ​ថា iPhone 6 និង 6 Plus របស់​ក្រុមហ៊ុន Apple បំពាក់​ដោយ​រ៉េម​ទំហំ 1GB ប្រភេទ LPDDR3 ដែល​វា​មាន​ទំហំ​មធ្យម ហើយ​ល្បឿន​ក៏​នៅ​លំដាប់​ល្អ​បង្គួរ​ដែរ មិន​ដូច​រ៉េម​ប្រភេទ LPDDR4 ជំនាន់​ថ្មី​នោះ​ទេ។ សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ 2015 នេះ អ្នក​នឹង​ឃើញ​មាន​ស្មាតហ្វូន​ជា​ច្រើន​ចាប់​ផ្តើម​ប្រើ​ប្រាស់​រ៉េម DDR4 នេះ ហើយ​ពួក​វា​នឹង​អាច​មាន​ទំហំ​ធំ​ដល់ 4GB ឯ​ណោះ ហេតុ​ដូច្នេះ​ហើយ​វា​ដល់​ពេល​ល្មម​សម្រាប់ Apple ហើយ​ក្នុង​ការ​ប្រើ​ប្រាស់​រ៉េម 2GB លើ​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់ខ្លួន។
Apple មាន​ភាព​ស្ទាក់​ស្ទើរ​ច្រើន​ដែរ ក្នុង​ការ​ជ្រើស​រើស​រ៉េម​ប្រភេទ LPDDR4 នេះ ព្រោះ​អី​វា​មាន​តម្លៃ​ថ្លៃ​ជាង​រ៉េម DDR3 ដល់​ទៅ 35% ឯ​ណោះ។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត Apple ក៏​ព្រួយ​បារម្ភ​អំពី​ការ​ផ្គត់​ផ្គង់​រ៉េម​នេះ​ផង​ដែរ​ពី​រោង​ចក្រ Micron ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​នៅ​ពេល​ដែល Apple បាន​ពិភាក្សា​អោយ​រោងចក្រ Hynix ផលិត​រ៉េម​នេះ​ចំនួន 50% ក្រុមហ៊ុន Samsung 30% និង​ក្រុមហ៊ុន Micron ចំនួន 20%។
iphoneរ៉េម (Random Access Memory) គឺជាអង្គចងចាំ​មួយ​ដែល​ប្រើ​សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​កម្មវិធី ហ្គេម​ផ្សេងៗ ដែល​វា​អាច​ដំណើរ​ការ​បាន​លឿន​រហ័ស និង​ស្ថិត​ស្ថេរ​ជាង​អង្គ​ផ្ទុក​ទិន្នន័យ Storage ដែល​យើង​ប្រើ​សម្រាប់​ផ្ទុក​ចម្រៀង និង​វីដេអូ។ iPad Air 2 ធ្លាប់​បាន​បំពាក់​រ៉េម​ទំហំ 2GB រួច​មក​ហើយ ហេតុ​ដូច្នេះ​ហើយ​វា​ប្រហែល​ជា​ដល់​ពេល​ហើយ​សម្រាប់ iPhone ក្នុង​ការ​ភ្លក់​រសជាតិ​ជាមួយ​រ៉េម 2GB ហើយ​បើ​គួប​ផ្សំ​ជាមួយ​នឹង​បន្ទះ​ឈីប A9 (អាច​ជា Triple Core រឺ Quad-core)។