បង្កើតកែឆ្នៃ-ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​កំចាត់​ចៃ ​ដង្កូវ​ខៀវ​

បទពិសោធន៍​ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​កំចាត់​ចៃ និង​ដង្កូវ​ខៀវ​
1

លោកពូ មិញ ឈិន អាយុ ៥៥ ឆ្នាំ រស់នៅ​ភូមិ​ពញា​អង្គរ ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ។ គាត់​មាន​បទពិសោធន៍​ផ្សំ​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ​ ដែល​អាច​កំចាត់​ចៃ និង​ដង្កូវ​ខៀវ​បាន​ជោគជ័យ ។ បទពិសោធន៍​នេះ​គាត់​ចេះ​ពី​លោក រស់​ ម៉ៅ រស់នៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ គួបផ្សំ​គំនិត​ច្នៃប្រឌិត​របស់​គាត់​ផ្ទាល់ ។​

1. ​ធាតុ​ផ្សំ​

  • ​ធាតុ​សំខាន់ៗ ដែល​គាត់​ប្រើ​មាន​:
  • ​ផ្លែ​រាំងភ្នំ ១ ផ្លែ​
  • ​សំបក​ស្លែង ០,៥ គីឡូក្រាម​
  • ​សំបក​ស្តៅ ០,៥ គីឡូក្រាម​
  • ​ផ្លែ​ស្លាក់ ០,៥ គីឡូក្រាម​
  • ​ឫស​និង​ដើម​ថ្នាំជក់ ០,៥ គីឡូក្រាម​
  • ​មើម​ស្លែងដងដឹង ០,៥ គីឡូក្រាម​
  • ​សំបក​ក្រសាំង ០,៥ គីឡូក្រាម​

2. ​របៀប​ផ្សំ​

​​គាត់​បាន​យក ​ផ្លែ​រាំងភ្នំ ពុះ​ជា​ពីរ ហើយ​ធាតុ​ផ្សំ​ទៀត​គាត់​យក​មក​កាត់​ជា​កំណាត់​តូចៗ រួច​ដំ​បំបែក បន្ទាប់មក​យក​ទៅ​ចាក់​ត្រាំ​ក្នុង​ទឹក ៣០ លីត្រ ។ ពាង​ដែល​ត្រាំ​ថ្នាំ​ត្រូវ​គ្រប​ឲ្យ​ជិត​រក្សាទុក​នៅក្នុង​ម្លប់។ រយៈពេល ១៥ ថ្ងៃ ក្រោយ​មក​អាច​យក​ប្រើ​បាន ។​

3. ​ការប្រើប្រាស់​

​​គាត់​បាន​យក ​ទឹក​ថ្នាំ​ទៅប្រើ​លើ​សណ្តែកកួរ ត្រសក់ ។ ចំពោះ​បរិមាណ​ប្រើ​គាត់​លាយ​ទឹក​ថ្នាំ ១ លីត្រ ជាមួយ​ទឹក​ធម្មតា ៤ លីត្រ និង​សាប៊ូ ១ ស្លាបព្រា​បាយ ។​

៤. ​ចំណាប់អារម្មណ៍​

​ក្រោយ​ពី​ ប្រើ​ថ្នាំ​ខាងលើនេះ​មក គាត់​មាន​ចំណាប់​អារម្មណ៍​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ណាស់​ ក្នុង​ការ​កំចាត់​សត្វ​បំផ្លាញ​បន្លែ ពិសេស គឺ​ចៃ និង​ដង្កូវ​ខៀវ ។ ចំពោះ​ដំណាំ​វិញ​គា​ត់សង្កេតឃើញថា មាន​ការលូតលាស់​ល្អ​ដើម​ស្លឹក​ធំៗ និង​មាន​រស់ជាតិ​ឆ្ងាញ់ ។ មួយវិញទៀត ការប្រើប្រាស់​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​នេះ ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការទិញ​ថ្នាំពុល​គីមី និង​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ ហើយ​ថែមទាំង​ផ្តល់​ជីជាតិ​ដល់​ដី​ទៀតផង៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: file38.pdf