បង្កើតកែឆ្នៃ-ធ្វើមេត្របែ

បទពិសោធន៍ធ្វើត្របែ (មេត្រប៉ែ)
1អ្នក​មីង​ឡាន់ អ៊ី​ន​តុង ជា​កសិករ​រស់នៅ​ភូមិ​ហាង​ខូ​សួន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែ ខេត្តស្ទឹងត្រែង។ គាត់​មានបទពិសោធន៍​ល្អ​ក្នុង​ការធ្វើ​មេ​ត្រប៉ែ​ពី​ធម្មជាតិ ដែលមាន​រសជាតិ​ឆ្ងាញ់។ ហើយ​ការផលិត​មេ​ត្រប៉ែ​របស់គាត់​មិនដែល​សល់ ព្រោះ​មាន​មនុស្ស​ជាច្រើន ដែល​ក្រោយពី​យកទៅ​ធ្វើ​តែង​តាមរក​ទិញ​ទៀត ព្រោះ​ក្រោយពី​ធ្វើ​ត្រប៉ែ​របស់គាត់​មាន​រសជាតិ​ឆ្ងាញ់​ខុសពី​ត្រប៉ែ​ ផ្សេងទៀត។ គួរបញ្ជាក់​ផងដែរ​ថា ត្រប៉ែ​ឆ្ងាញ់​ដោយសារ​មេ (​ត្រ​បែ​) បើ​មេ​ល្អ​រសជាតិ​ត្រប៉ែ​ប្រាកដជា​ប្រែប្រួល​មិន​ខាន​បទពិសោធន៍​នេះ​គាត់​ ចេះ​តៗ​គ្នា​ពី​ឪពុកម្តាយ​គាត់​មក​ដែល​លើក​យកមក​បង្ហាញជូន​ដូចខាងក្រោម​:

១. សារធាតុ​ផ្សំ​

  • អង្ករ (​ប្រភេទ​ស្រូវ​បាយ​ទន់ ៨​គីឡូក្រាម)
  • ​ឈើឯម ០,១​គីឡូក្រាម​
  • ​ខ្ញី ០,៦​គីឡូក្រាម​
  • ​ខ្ទឹមស ០,៣​គីឡូក្រាម​
  • ​ម្រេច ០,៥​គីឡូក្រាម​
  • ​ស្ករសរ ០,៥​គីឡូក្រាម​
  • ​ទឹក​ធម្មតា ១​លីត្រ​
  • ​មេ​ត្រ​បែ​ដើម ៣២​គ្រាប់ ។

២. របៀប​ធ្វើ​

  • ​យក​អង្ករ​ទៅ​ត្រាំ​រយៈពេល ៥​ម៉ោង ចាប់ពី​ម៉ោង ១​យប់ រហូតដល់​ម៉ោង ៦​ព្រឹក ទើប​ស្រង់​ដាក់​កញ្ច្រែង​ឲ្យ​ស្រស់ទឹក​
  • ​យក​ឈើឯម ខ្ញី ខ្ទឹមស ម្រេច ហាន់​ឲ្យ​ល្អិត​
  • ​យក​អង្ករ​ត្រាំ​ស្រស់ទឹក និង​សារធាតុ​ផ្សំ​ដែល​បាន​ហាន់​ល្អិតៗ​នោះ​ទៅ​ដាក់​ក្នុង​ត្បាល់ រួច​បុក​បញ្ចូល​គ្នា​ឲ្យ​ម៉ដ្ឋ បន្ទាប់​មកចាក់​ចូលក្នុង​កញ្ច្រែងរែងអង្ក​រ ។ សារធាតុ​ណា​ដែល​រែង​មិន​ជ្រុះ​យកទៅដាក់​ក្នុង​ត្បាល់បុក​បន្តទៀត ធ្វើ​ដូចនេះ​ទាល់តែ​រែង​ជ្រុះ​អស់​ទើប​ឈប់​
  • ​យក​ស្ករស ០,៥ គីឡូក្រាម ទៅ​ដាក់​នៅក្នុង​ទឹក ០,៥ លីត្រ ដាំ​ឲ្យ​ពុះ​ទុក​ឲ្យ​ត្រជាក់​
  • ​យក​សារធាតុ​ដែល​បាន​បុក​រួច​ទៅ​ដាក់​ នៅក្នុង​ចង្អេរ រួច​ចាក់ទឹក​ស្ករស​បន្តិច​ម្តងៗ ច្របល់​ឲ្យ​សព្វ​សាច់ ។ ប្រសិនបើ​ល្បាយ​នៅ​រឹង ពូត​មិនកើត យក​ទឹក​ធម្មតា​ចាក់​ច្របល់​បន្ថែមទៀត​រហូតដល់​រលាយសាច់មួយ ទើប​ចាប់ផ្តើម​លុ​ញ​ជា​គ្រាប់​ប៉ុនៗ​មេដៃ​ដាក់​នៅក្នុង​កញ្ជើ​
  • ​យក​មេ​ដើម​ទៅបុក​ឲ្យ​ម៉ដ្ឋ យកទៅ​រោយ​ពីលើ រួច​យក​ភួយ​ទៅ​គ្របពីលើ​រយៈពេល ៣​យប់ ៣​ថ្ងៃ ដើម្បី​ឲ្យ​ងំ​ឆាប់​កាច់ (​ប្រសិនបើ​គ្មាន​មេ​ត្រប៉ែ​ដើម​រោយ​ក៏បាន​ដែរ ប៉ុន្តែ​ក្រ​កាច់​បន្តិច​)
  • ​ក្រោយពេល​៣ ថ្ងៃ បើក​គំរប​ភួយ​យក​គ្រាប់​មេ​ត្រប៉ែ​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត រួច​ច្រក​ទៅក្នុង​ថង់​រក្សាទុក​សំរាប់​លក់​ជាការ​ស្រេច ។

២. របៀប​ប្រើ​

គេ​អាច​ប្រើប្រាស់​ត្រ​បែ​ទៅតាម​បរិមាណ​អង្ករ​ដែល​គេ​យកទៅ​ដាំ​ធ្វើ​ត្រប៉ែ ។

៣. ចំណាប់អារម្មណ៍

​បទពិសោធន៍​ការរៀបចំ​ធ្វើ​ត្រ​បែ​នេះ អាចធ្វើ​ឲ្យ​គ្រួសារ​របស់គាត់ ទទួលបាន​នូវ​ប្រាក់ចំណូល​បន្ថែម​បាន​ច្រើន​ព្រោះ​នៅក្នុង ១​គីឡូក្រាម ត្រ​បែ​ដែល​គាត់​ធ្វើ​រួច​គាត់​អាច​លក់បាន​តម្លៃ ១០.០០០​រៀល ដោយនៅ​ក្នុងតម្លៃ​ដើម​ចំណាយ​អស់​ប្រមាណ​ជា ៥.០០០​រៀល ក្នុង ១​គីឡូក្រាម​តែប៉ុណ្ណោះ ។ ពេលវេលា​ដែល​ល្អ​សំរាប់ធ្វើ​ត្រ​បែ​មិន​ដុះ​ផ្សិត​គឺ​នៅ​រដូវប្រាំង ។

ពាន សុខា​ ស៊ិន​ អង្គារសាធ និងចាន់ សាវ៉ុន

(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ចុចដោនឡូនឯកសារ PDF Download: file35_1.pdf