បង្កើតកែឆ្នៃ-EX-M អរ​ម៉ូ​ន​ជំនួយ​ផ្លែ និង ឫស​​

EX-M អរ​ម៉ូ​ន​ ​ ​ជំនួយ​ផ្លែ និង ឫស​​
1

​​១- សំភារៈ​ត្រៀម​

  • ធុង ឬ​ប៉ោត ដែល​ដាក់​បាន​ទឹក​ចំណុះ ១០ លីត្រ ចំនួន ១ ។​
  • គំរប​ដប​ទឹក​សុទ្ធ​មាន​ចំណុះ ៥ មី​លី​លីត្រ ឬ ៥ សេ​សេ ចំនួន ១ ។​
  • ម៉ាស៊ីន​កាត់​ចិញ្ច្រាំ ឬ​កាំបិត​មុត និង​ត្បាល់បុក ដើម្បី​ចិញ្ច្រាំ​ផ្លែ​រុក្ខជាតិ​ទុំ​ឲ្យ​ម៉ត់ ។​
  • ធុង​ផ្អាប់​មាន​គំរប​បិទ​ជិត​ផ្ទុក​បាន​ចំណុះ ៤០ លីត្រ ភ្ជាប់​ក្បាល​រ៉ូម​ប៊ីនេ​សំរាប់​បង្ហូរជី​ផ្អាប់ ។​
  • ស្បៃ​កា​រ៉ុង​សំរាប់​ច្រក​រុក្ខជាតិ​ចិញ្ច្រាំ ។ សំភារៈ​ទាំងនោះ​មាន​លក់​នៅ​ក្រុមហ៊ុន ។​

២- តារាង​ធាតុ​ផ្សំ​ជី

០១ ចេកទឹក​ទុំ (​ជំនួស​ផ្លែឈើ​ទុំ​ពណ៌​លឿង​)​ ២ គីឡូក្រាម​
០២​ ល្ពៅ​ទុំ (​ជំនួស​ផ្លែឈើ​ទុំ​ពណ៌​លឿង​)​ ២ គីឡូក្រាម
០៣​ ល្ហុង​ទុំ (​ជំនួស​ផ្លែឈើ​ទុំ​ពណ៌​លឿង​)​ ២ គីឡូក្រាម​
០៤​ មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​) ០.២៥ លីត្រ (១ ហ្ស៊ី​)
០៥ កា​កស្ករ ០.៥ លីត្រ (២ ហ្ស៊ី​)
០៦​ ទឹកស្អាត ១០ លីត្រ

លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​

  • ល្ហុង​ទុំ ចេក​ទុំ (​ចេក​ទឹក​) ស្ពៅ​ទុំ ជំនួស​ដោយ ត្រស​ក់ស្រូវ ផ្លែ​ទំពាំងបាយជូរ ស្វាយ ខ្នុរ៘
  • មេ EX-M (​អតិសុខុម​ប្រាណ ៥ ប្រភេទ​ដែល​ត្រូវការ​អុកស៊ីសែន និង ១ មិន​ត្រូវការ​​អុកស៊ីសែន)។​

៣- វិធី​ធ្វើ

ក​.​ការ​ផ្សំ​រុក្ខជាតិ​ល្បាយ (​ក​)

  • យើង​យក​ផ្លែ​ឈើ​ទាំង​នោះ​ទៅ​ចិញ្ច្រាំ និង​បុក​ឲ្យ​ម៉ត់ (​បើ​អាចធ្វើ​បាន​) ឬ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ចិញ្ច្រាំ (​មាន​លក់​នៅ​ក្រុមហ៊ុន EX-M) តែ ៥ នាទី​ប៉ុណ្ណោះ​នឹង​រួចរាល់ ។​
  • យើង​ច្របល់​ផ្លែ​ឈើ​ទាំង​នោះ​ជាមួយគ្នា ហើយ​ច្រកចូល​ក្នុង​ស្បៃ​កា​រ៉ុង និង​ចង​មាត់​វាឲ្យ​ជិត គេ​ហៅថា ល្បាយ (​ក​) ។ យក​ល្បាយ​នេះ ច្រកចូល​ក្នុង​ធុង​ផ្អាប់​ចំណុះ ៤០ លីត្រ ។ រក​ថ្ម​មួយ​ដុំ (មិន​យក​ស៊ីម៉ង់តិ៍​ទេ​) ឬ​ឥដ្ឋ​មួយ​ដុំ​លាង​ឲ្យ​ស្អាត(​មិន​លាង​នឹង​សាប៊ូ​ទេ​) សង្កត់​លើ​ល្បាយ (ក)។​

ខ​.​ការ​ផ្សំ​ទឹក​ល្បាយ (​ខ​)

យើង​ចាក់ទឹក ១០ លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក ហើយ​ចាក់ទឹក​ស្ករ​ចំណុះ ០.៥ លីត្រ កូ​ឲ្យ​សព្វ ។ ទើប​យើង​បន្ត​ចាក់​មេ EX-M មាន​ចំណុះ ០.២៥ លីត្រ ចូល​ក្នុង​ប៉ោត​ថែម​ទៀត គេ​បាន​ល្បាយ​ទឹក​អរ​ម៉ូ​ន ឬ​គេ​ហៅថា ល្បាយ (​ខ​) ។​

គ​. ការ​ផ្អាប់​ជី​

  • យើង​យក​ល្បាយ (​ខ​) ចាក់​ចូលក្នុង​ធុង​ផ្អាប់​ដែល​មាន​ល្បាយ (​ក​) ។ ពិនិត្យមើល​ថា​បរិមាណ​ទឹក​លិច​ល្បាយ (​ក​) ឬទេ បើសិនជា​បរិមាណ​ទឹក​លិច​ល្បាយ (​ក​) ជា​ការត្រឹមត្រូវ ។
    តែ​បើ​វា​មិន​អាច​ពន្លិច​ល្បាយ (​ក​) បានទេ យើង​ត្រូវ​លាយ​ល្បាយ (​ខ​) ថែម​ដោយ​បរិមាណ ១-២ លីត្រ ប៉ុណ្ណោះ ។ បើសិនជា​នៅតែ​មិន​ពន្លិច​លិច​បាន​ទៀត យើង​ត្រូវ​យក​ល្បាយ (​ក​) មក​ចិញ្ច្រាំ ​ឲ្យ​កាន់តែ​ម៉ត់​ឡើងវិញ ។​
  • ក្រោយពេល​ដែល​ពិនិត្យឃើញថា ត្រឹមត្រូវ​ហើយ យើង​បិទ​គំរប​ធុង​ផ្អាប់​នោះ​ឲ្យ​ជិត​រហូត​ទាល់តែ​ខ្យល់​ចូល​លែង​បាន ។​
  • រក្សា​ទុក​រយៈពេល​ពី ១០ ទៅ ១៥ ថ្ងៃ ទើប​វា​សំរេច​បាន​ជា​ជី​ទឹក​អរ​ម៉ូ​ន ឬ​ជី​ទឹក​ជំនួយ​ឫស ផ្កា និង​ផ្លែ​រុក្ខជាតិ ។ ករណី​មាន​ហ្គាស​ខ្លាំងពេក​យើង​អាច​បន្ធូរ​វា​បាន ។​

សំគាល់ :

  • បើ​យើង​បង្ហូរទឹក​នេះ​តាម​ក្បាល​រ៉ូម​ ប៊ី​នេមាន​ក្លិន ជូរ​អែម មិន​មាន​ក្លិនស្អុយ នោះ​មានន័យ​ថា​ការធ្វើ​របស់​យើង ប្រព្រឹត្តទៅ​បាន​ត្រឹមត្រូវ​ហើយ ។ (​ហាម​ផឹក ឬ​លិត តែ​ហិតក្លិន​បាន​)
  • កំរិត pH របស់​អរ​ម៉ូ​ន​ដែល្អ​បំផុតមាន pH = 5 ។ បើ​ធ្វើ​ទៅ​មាន​កំហុស​ខ្លះៗ​កំរិត pH នេះ​អាច​ប្រែប្រួល​កំរិត​គុណភាព​ជី​ក៏​មាន​ការផ្លាស់ប្ដូ​រដែរ ។​

៤- វិធី​ប្រើ​

  • រៀង​រាល់​ពេល​ដែល​រុក្ខជាតិ​រៀបនឹង​ចេញ ​ផ្កា (​ត្រួយ​ផ្កា ឬ​ក្រពុំ​ផ្កា​) យើង​យក​អរ​ម៉ូ​ន ១ លីត្រ លាយ​ទឹកស្អាត ១០០ លីត្របាញ់​ជា​ផ្សែង​លើ​ដំណាំ (​ទឹកស្អាត ១ លីត្រ លាយ​ជី​អរ​ម៉ូ​ន ១០ សេ​សេ​) ។ ក្នុងកំឡុងពេល​ថែបំប៉ន​ដំណាំ ១-២ ខែម្ដង​យើង​ប្រើ​ជី​នេះ​ម្ដង ដើម្បី​ជា​ជំនួយ​ដល់​ឫស និង​បង្កើន​ភាព​រំញោច​របស់​រុក្ខជាតិ ។​
  • នៅពេល​រុក្ខជាតិ​កំពុង​តែ​ចេញ​ផ្កា​យើង ​យក ១ លីត្រ លាយ​ទឹក ១០០០ លីត្រ បាញ់​ជា​ផ្សែង​ទៅលើ​ផ្កា​តែ​មួយ​ដង​ប៉ុណ្ណោះ (​ទឹកស្អាត ១ លីត្រ លាយ​ជី​អរ​ម៉ូ​ន ១ សេ​សេ​) ។ តែបើ​ចង់​បាន​ក្តិប ផ្លែ​បន្តបន្ទាប់​យើង​ត្រូវ​បន្ត​បាញ់​ជា​ផ្សែង​កន្លះ​ខែ​មួយដង​ទៀត ។​
  • បើសិន​ជា​ដំណាំ​នោះ​ដល់ពេល​ត្រូវផ្លែ​ ហើយ យើង​អាច​បាញ់ និង​ស្រោច​គល់ ១ ខែ ១ ដង នោះ​ដំណាំ​នឹង​ឆាប់​ផ្លែយក​ជី​ទឹក​អរ​ម៉ូ​ន ១ លីត្រ លាយ​ទឹក ១០០ លីត្រ (​ទឹកស្អាត ១ លីត្រ លាយ​ជី​បំប៉ន ១០ សេ​សេ​) ។​
  • ចំពោះ​ក្រូចឆ្មា​វិញ មាន​កសិករ​ខ្លះ​ប្រើប្រាស់​តែ​ជី​នេះ មួយ​មុខ​គត់ គាត់​ក៏​អាច​ទទួលបាន​ផល​ល្អ​ដែរ គឺ​ក្នុង ១ សប្ដាហ៍​បាញ់ ២ ដង លើ​រុក្ខជាតិ នោះ​នឹង​ចេញ​ផ្កា ផ្លែ​ជា​បន្តបន្ទាប់ ។ អរ​ម៉ូ​ន​ជួយ​បង្កើត​កំពក​ឫស ។​
  • ចំពោះ​ជី​នេះ​មាន​នាទី​ជួយ​បង្កើត​កំពក​ឫស​សំរាប់​ស៊ី​អាហារ​របស់​រុក្ខជាតិ​ឡើងវិញ ។​

៥- ផលប្រយោជន៍​

  • ប្រសិនបើ​រុក្ខជាតិ​ដែល​ដល់​អាយុ​ ត្រូវផ្លែ និង ផ្កា តែ​បែរជា​គ្មាន​នោះ ជី​ទឹក​នេះ​អាច​ជួយ​ជំរុញ​ឲ្យមាន​ផ្លែ និង​ផ្កា​ច្រើន និង​រីក​ធំធាត់ ហើយ​ផ្លែ​រុក្ខជាតិ​មាន​ទំងន់​ធ្ងន់ ធន់​នឹង​កំដៅ​បរិយាកាស ផ្លែ​មិន​ងាយ​រលួយ ធន់​នឹង​ការដឹកជញ្ជូន​តាម​ផ្លូវ​ឆ្ងាយ ។​
  • ជួយ​ឲ្យ​បន្លែ និង​រុក្ខជាតិ​ឯទៀត​ចាក់ឫស​បានល្អ ។​
  • ផ្លែ​រុក្ខជាតិ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គ្មាន​ជាតិគីមី​ពុល​នៅជាប់ នឹង​សំបក ឬ​ក្នុង​សាច់​ទេ ។​
  • ជំរុញ​ការបង្កើន​កំលាំង​ផ្លែ ផ្កា ដល់​រុក្ខជាតិ ។​
  • ជួយ​ឲ្យ​ដើ​មរុក្ខជាតិ លូតលាស់​ល្អ និង​ឆាប់​បាន ផ្កា ផ្លែ ។​

៦- ការ​រក្សាទុក​

  • ត្រូវ​រក្សាទុក​នៅ​កន្លែង​ដែល​មាន​ម្លប់ ហាម​ទុក​ហាលថ្ងៃ ។​
  • ក្រោយពេល​ធ្វើ​រួចហើយ យើង​អាច​រក្សា​ទុក​បាន​រយៈពេល​ចាប់ពី ៣ ទៅ ៦ ខែ ។​
  • ប្រសិន​បើ​ទុក​លើសពីនេះ មុន​ពេល​យកមក​ប្រើ គួ​រហិតមើល​សិន​ថា​តើ​មាន​ក្លិន​អ្វី ? (​បើ​មាន​ក្លិនស្អុយ​បញ្ជាក់ថា វា​ខូច​គុណភាព​ហើយ​) ។​
  • ជី​នេះ​មាន​ប្រសិទ្ធិភាព​ខ្លាំង​បំផុត​បន្ទាប់​ពី​ធ្វើ​ហើយ​បាន​រយៈពេល ១ ខែ ។​

៧- ការចំណាយ​

បើ​យើង​មិន​គិត​ពី​សំភារៈ​ធ្វើ​ទេ បរិមាណ​ជី​ទឹក ៤០ លីត្រ នេះ ការចំណាយ​ទៅលើ​ការធ្វើ​អស់​យ៉ាងច្រើន​តែ ៥០០០ រៀល ទៅ ១ ម៉ឺន​រៀល ប៉ុណ្ណោះ ។ (​ការចំណាយ​តិច​បាន​ផល ​ច្រើន គ្មាន​ជាតិគីមី​ពុល​ខូចសុខភាព​) ។​

​​អរ​ម៉ូ​ន​ពិសេស​

០១ ពង​មាន់​ ​ ៥ ពង​
០២​ កា​កស្ករ​ ២៥០ សេ​សេ​
០៣​ មេ EX-M​ ៥០ សេ​សេ​
០៤​ ទឹកស្អាត​ ២.៥ លីត្រ​

​​​​ក​. របៀប​ធ្វើ​

យក​សមាសធាតុ​ផ្សំ​ទាំងអស់​ខាងលើ មក​បញ្ចូល​គ្នា​ទាំងអស់ ហើយ​កូរ​ឲ្យ​សព្វ រួច​ផ្អាប់​ទុក​រយៈពេល ៧ ថ្ងៃ អាច​ប្រើប្រាស់​បាន ។​

ខ​. របៀប​ប្រើ​

យក​អរ​ម៉ូ​ន​ពិសេស​ខាង​លើ​ដែល​ធ្វើបាន ១ សេ​សេ លាយ​ជាមួយ​ទឹកស្អាត ១ លីត្រ ឬ​ទឹក ២០ លីត្រ លាយ​អរ​ម៉ូ​ន​ពិ​សេ​សេ ២០ សេ​សេ ។ បាញ់​ទៅលើ​រុក្ខជាតិ​ដែល​កំពុង​ចេញ​ផ្កា និង​បន្ត​បាញ់​រហូត​ដល់​ទទួល​ផល (១ អាទិត្យ បាញ់​មួយ​ដង​)៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: EX-M9.pdf